Yearendyearend1140x150

កម្ពុជារំពឹងថាការនាំចេញអង្ករទៅចិននឹងកើតឡើងដល់១.២លានតោន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា

ភ្នំពេញ៖ យោងតាមទិន្នន័យដែលកត់ត្រាដោយសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីកម្ពុជាចុះអនុស្សរណៈយោគយល់គ្នាជាមួយចិន ក្នុងការនាំចេញអង្ករ កាលពីឆ្នាំ២០១៤ រហូតមកដល់ត្រឹម៩ខែឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជាទៅប្រទេសចិន មានចំនួនជិត១លានតោន និងអាចឈានដល់១.២លានតោនក្នុងពេលឆាប់ៗខាងមុខនេះ។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់លោក Wu Guoquan អគ្គកុងស៊ុលសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិន ប្រចាំប្រទេសកម្ពុជាថា ចាប់តាំងពីឆ្នាំ ២០១៤ មានការចុះអនុស្សរណៈយោគយល់គ្នា រវាងកម្ពុជា-ចិន បានចំនួន៥អនុស្សរណៈ បានជំរុញឱ្យការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន មានការកើនឡើងចំនួនជិត១លានតោន ហើយនឹងឈាន ដល់១.២លានតោនក្នុងពេលឆាប់ៗខាងមុខនេះ ។

លោកឧកញ៉ា សុង សារ៉ន ពន្យល់ថា ការកើនឡើងនេះ គឺកើតចេញពីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំប្រទេសកម្ពុជាចិនក្នុងគោលបំណងច្បាស់លាស់ក្នុងការបង្កើនចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ លើសេដ្ឋកិច្ច និងនយោបាយ។

បើតាមលោកឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងអំពីមហិច្ឆតា នៃការនាំចេញរបស់កម្ពុជា ដែលមានបំណងជំរុញអោយបានការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ អោយបានចំនួន១លានតោនចាប់ពីឆ្នាំ ឆ្នាំ២០២១ ដែលជាកំណើនប្រកបដោយប្រាក់ចំណេញ និងមាននិរន្តរភាពទីផ្សារ។

លោក Wu Guoquan អគ្គកុងស៊ុលសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិន ប្រចាំប្រទេសកម្ពុជា មានសេចក្តីសាទរនូវការសំរេចបានកន្លងមក ហើយលោកបានសន្យាថានិងទទួលយកសំណើរមួយចំនួនពីខាងភាគីកម្ពុជា ដើម្បីពិនិត្យ រកលទ្ធភាពដោះស្រាយ និងធ្វើការរួមគ្នា ដើម្បីពង្រីកពាណិជ្ជកម្មប្រទេសទាំងពីរ ជាពិសេសពាណិជ្ជកម្មអង្ករ ឱ្យកាន់តែរីកចំរើនឡើងថែមទៀត៕

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២០ តាមការរំពឹងទុក និងការវាយតំលៃរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករកម្ពុជានឹងឈានទៅដល់៨០ម៉ឺនតោន ការណ៍នេះ កម្ពុជាត្រូវការសហការយ៉ាងស្អិតរមួត ជាមួយនឹងប្រទេសចិន ជាក់ស្តែងក្នុងរយៈពេល ៩ខែឆ្នាំ២០២០ ទីផ្សាររបស់ប្រទេសចិនមានចំណែក ៣៥% នៃបរិមាណអង្ករនាំចេញអង្ករកម្ពុជាទាំងមូល៕

ប្រភពរូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង