Yearendyearend1140x150

ធនាគារជាតិស្នើឲ្យធនាគារនិងហិរញ្ញវត្ថុពន្យារការទារប្រាក់ពីពលរដ្ឋរងគ្រោះដោយទឹកជំនន់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានស្នើឱ្យធនាគារ និងហិរញ្ញវត្ថុពន្យារការទារប្រាក់ពីប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ការស្នើនេះ ធ្វើឡើងក្រោយពីមានការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាលសម្តេចហ៊ុន សែន ក្នុងពេលចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២១ តុលា។

យោងតាមសេចក្តីប្រកាសព័ត៌មាន ធនាគារជាតិនៃកម្ពុជា បានថ្លែងសរសើរចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលបានចូលរួមសហការអនុវត្តយ៉ាងល្អ ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាដែលបានដាក់ចេញដូចជាសារាចរណែនាំស្តីពីឥណទានរៀបចំឡើងវិញ ការអនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង ឬលើកលែងការផាកពិន័យផ្សេងៗ និងការរឹបអូសទ្រព្យបញ្ចាំដោយមិនមានដីកាពីតុលាការជាដើម ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីសម្រាលបន្ទុករបស់អ្នកខ្ចីប្រាក់។

ប៉ុន្តែក្នុងស្ថានភាពដែលខេត្ត-ក្រុងមួយចំនួននៃប្រទេសកម្ពុជាទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ធនាគារជាតិនៃកម្ពុជា បានស្នើសុំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តកិច្ចសហការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាពចំពោះអ្នកខ្ចីប្រាក់ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២១ តុលា ឆ្នាំ២០២០ បានអំពាវនាវទៅដល់ធនាគារធំៗ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ គប្បីលើកលែង និងពន្យារពេលក្នុងការទារប្រាក់ពីប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារតែទំនន់ទឹកភ្លៀងនៅទូទាំងប្រទេស។សម្ដេច ហ៊ុន សែន បានស្នើដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ មេត្តាយោគយល់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារតែទឹកជំនន់ និងបានបាត់បង់ចំណូល ដោយសារតែស្ថានភាពដ៏លំបាកមួយនេះ។

គួរបញ្ជក់ថា ការអំពាវនាវរបស់សម្តេចហ៊ុន សែនពេលនេះ គឺជាការជួយសង្រ្គោះបន្ថែមលើបញ្ហាកូវីដ១៩ដែលគិតត្រឹមខែ មិថុនា ឆ្នាំ២០២០ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាបានធ្វើការរៀបចំឥណទានឡើងវិញ ចំពោះអតិថិជនដែលកំពុងជួបប្រទះការលំបាកដោយសារវីរុសកូវីដ១៩ បានចំនួនជាង២៦ម៉ឺននាក់ដែលមានទំហំទឹកប្រាក់ស្មើនឹង៣,៧៦៨លានដុល្លារអាមេរិក។

ដោយឡែកសម្រាប់ពលរដ្ឋរងគ្រោះដោយទឹកជំនន់គេមិនទាន់ដឹងទិន្និន័យនៅឡើយទេ ខណៈបច្ចុប្បន្នប្រជាពលរដ្ឋដែលបានស្លាប់ដោយជំនន់ទឹកភ្លៀងកើនឡើងដល់៣៦នាក់ និងរងផលប៉ះពាល់ដល់ប្រជាជនប្រមាណជាង៤៦ម៉ឺននាក់ គិតត្រឹមថ្ងៃទី២១ តុលា ឆ្នាំ២០២០៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង