Elysee kh ads1800x300
Kh articea  app  web
Cnb google ads mobile banking (1800 x300)kh

អង្គការភ្លែនអន្តរជាតិកម្ពុជារកឃើញថា«ស្រ្តីវ័យក្មេង»នៅកម្ពុជាត្រូវបានបំពានផ្លូវភេទតាមអ៊ីនធឺណិត

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
(រូបភាពដោយ៖​ អង្គការភ្លែនអន្តរជាតិកម្ពុជា)

ភ្នំពេញ៖អង្គការភ្លែនអន្តរជាតិកម្ពុជាបានរកឃើញថា ក្មេងស្រី និងស្ត្រីវ័យក្មេង នៅកម្ពុជាត្រូវបានបំពានផ្លូវភេទ និងជំរិតទារប្រាក់ តាមទម្រង់ផ្សេងៗដូចជា តាមរយៈហ្វេសប៊ុក កម្មវិធីផ្ញើសារ និងកម្មវិធីផ្សេងទៀត។ ដោយមើលឃើញពីបញ្ហាប្រឈមបែបនេះ អង្គការភ្លែនអន្តរជាតិកម្ពុជា បានដាក់ចេញនូវយុទ្ធនាការសកលមួយឈ្មោះថា«ក្មេងស្រីត្រូវមានសេរីភាព និងសុវត្ថិភាពលើអ៊ីនធឺណិត»។

យោងតាមសេចក្ដីប្រកាសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាបានពន្យល់ថា យុទ្ធនាការឆ្នាំនេះជាផ្នែកមួយនៃក្មេងស្រីនៅជុំវិញពិភពលោកបានសរសេរលិខិតចំហទៅកាន់ Facebook Instagram TikTok និង Twitter អំពាវនាវឱ្យពួកគេបង្កើតមធ្យោបាយកាន់តែរឹងមាំ និងមានប្រសិទ្ធភាពជាងមុន ដើម្បីរាយការណ៍អំពីការរំលោភបំពាន និងការបៀតបៀន។

បើតាមអង្គការភ្លែនអន្តរជាតិកម្ពុជា ក្មេងស្រី និងស្ត្រីវ័យក្មេងទូទាំងពិភពលោកកំពុងទាមទារសកម្មភាពជាបន្ទាន់ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការស្ទង់មតិដ៏សំខាន់មួយបានបង្ហាញថាជាងពាក់កណ្តាល (៥៨%) នៃពួកគេត្រូវទទួលរងការបៀតបៀន ឬរំលោភបំពាននៅលើប្រព័ន្ធអ៊ីនធឺណិត។

សម្រាប់កម្ពុជា អង្គការមួយនេះបានរកឃើញថា ការជំរិតទារប្រាក់ គឺមានច្រើនទម្រង់ផ្សេងៗដូចជា តាមរយៈហ្វេសប៊ុក កម្មវិធីផ្ញើសារ និងកម្មវិធីផ្សេងទៀត ដែលត្រូវបានគេរៀបរាប់ថា ជាហានិភ័យដ៏គ្រោះថ្នាក់មួយ តាមរបាយការណ៍ពីក្រុមកុមារ និងគ្រូដែលមានជាងមួយភាគបួន (២៦%)។ នេះជាទិន្នន័យនៃរបាយការណ៍ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអ៊ីនធឺណិតឆ្នាំ២០១៩។

ឧទាហរណ៍នៃការជំរិតទារប្រាក់មានច្រើនរូបភាព និងហាក់ដូចជាត្រូវបានប្រព្រឹត្តដោយតួអង្គផ្សេងៗគ្នា និងសម្រាប់ហេតុផលខុសៗគ្នា។ ក្នុងករណីខ្លះអ្នកជនល្មើសលួងលោមជនរងគ្រោះឱ្យចែករំលែករូបភាពអាសអាភាសរបស់ខ្លួនឯង ហើយបន្ទាប់មកជនល្មើសប្រើរូបភាពនោះជាការគំរាមកំហែង ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះ។ កុមារមួយចំនួនទៀតពិពណ៌នាថា ជនល្មើសលួចចូលក្នុងគណនីបណ្តាញសង្គមរបស់ខ្លួន ហើយបន្លំធ្វើជាសមាជិកគ្រួសារជនរងគ្រោះ និងបន្លំស្នើរសុំប្រាក់។

ក្នុងករណីខ្លះជនល្មើសប្រើរូបភាពសាធារណៈ ឬរូបភាពដែលមិនមានជារូបភាពអាសអាភាសរបស់កុមារ ហើយកាត់តរូបភាពនោះឲ្យទៅជារូបអាសអាភាស បន្ទាប់មករូបភាពនោះត្រូវបានយកមកប្រើជាទម្រង់នៃការគំរាមកំហែង ដើម្បីជំរិតទារប្រាក់ពីកុមារ ឬដើម្បីឱ្យពួកគេធ្វើតាមសំណើផ្សេងទៀតរបស់ជនល្មើស។

ជាមួយគ្នានេះដែរ ការរំលោភបំពាន និងការបៀតបៀនទាំងអស់នោះ បានធ្វើឱ្យក្មេងស្រីដកខ្លួនចេញពីវេទិកា Facebook Instagram និង Twitter។ នេះគឺជាការរកឃើញតាមរយៈការស្ទង់មតិសកលមួយ ហើយការស្ទង់មតិដ៏ធំបំផុតស្តីពីអំពើហិង្សាតាមអ៊ីនធឺណិតក៏បានបង្ហាញថា ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីចំនួនប្រាំនាក់ (១៩%) បានចាកចេញ ឬកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីទទួលរងការបៀតបៀន ស្របពេលដែលម្នាក់ក្នុងចំណោមដប់នាក់ (១២%) បានផ្លាស់ប្តូររបៀបនៃការបញ្ចេញមតិរបស់ពួកគេ។

ជាទូទៅ តាមរបាយការណ៍របស់អង្គការភ្លែនបានឱ្យដឹងថា សកម្មភាពរំលោភបំពានទាំងនោះ ច្រើនកើតឡើងនៅលើ Facebook ដែល៣៩% និយាយថាពួកគេត្រូវបានរងគ្រោះដោយសារការបៀតបៀន។ ក៏ប៉ុន្តែបើតាមរយៈការសិក្សាស្រាវជ្រាវសកល សកម្មភាពទាំងនោះ បានកើតឡើងនៅលើគ្រប់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់រួមមាន Instagram (២៣%), WhatsApp (១៤%) , Snapchat (១០%), Twitter (៩%) និង TikTok (៦%)។

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាមានប្រសាសន៍ថា “ការរំលោភបំពានតាមអ៊ីនធឺណេតបានបំបិទសំលេងរបស់ក្មេងស្រី។ តាមរយៈការបង្កើតប្រព័ន្ធកម្មវិធីប្រកបដោយសុវត្ថិភាពតាមអ៊ីនធឺណិត វាទាមទារឱ្យអាជ្ញាធរ និងពិភពឌីជីថលចាត់វិធានការ។ សម្រាប់លោកស្រី ការបៀតបៀនតាមអ៊ីនធឺណិតធ្វើឱ្យក្មេងស្រីបាត់បង់សមត្ថភាពរបស់ពួកគេក្នុងការដែលត្រូវបានឃើញ បានស្តាប់ ដូច្នេះអ្នកមានសមត្ថកិច្ចនៅលើឌីជីថលត្រូវតែធានាដោះស្រាយឥរិយាបថដ៏គ្រោះថ្នាក់ទាំងនេះ ដើម្បីឲ្យកន្លែងមានសុវត្ថិភាពអាចត្រូវបានបង្កើតឡើងសម្រាប់ក្មេងស្រី ស្ត្រីវ័យក្មេង ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ដែលអាចឲ្យពួកគេមានសេរីភាពពេញលេញក្នុងការបញ្ចេញមតិ និងដើរតួនាទីប្រកបដោយសក្តានុពលក្នុងការធ្វើខ្លួនឲ្យរីកចម្រើន និងក្លាយជាអ្នកដឹកនាំ”៕

(រូបភាពដោយ៖​ អង្គការភ្លែនអន្តរជាតិកម្ពុជា)
(រូបភាពដោយ៖​ អង្គការភ្លែនអន្តរជាតិកម្ពុជា)


ផ្ទាំងពាណិជ្ជកម្ម
Canadia banner

អត្ថបទទាក់ទង