Cct850x100 1

ធនាគារអភិវឌ្ឍន៍ជនបទស្នើឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ នៅកម្ពុជាទិញស្រូវពីកសិករក្នុងតំលៃសមរម្យ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព ពី ក្រសួងកសិកម្ម​ រុក្ខប្រមាញ់ និងនេសាទ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ បានស្នើឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងឡាយទូទាំងប្រទេសមេត្តាជួយទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យ បើទោះបីជាស្រូវទាំងនោះមិនសូវមានគុណភាពល្អក៏ដោយ។ នេះបើតាមសភាពាណិជ្ជកម្ម ខេត្តបាត់ដំបង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

ដោយសារតែកម្ពុជារងគ្រោះដោយសារតែជំនន់ទឹកភ្លៀង និងភោគផលកសិកម្មជាច្រើនរងការខូចខាត ជាពិសេសគឺដំណំាស្រូវតែម្ដង ត្រូវបានលិចលង់ និងខូចគុណភាពមួយចំនួនធំនៅតាមបណ្ដាខេត្តក្រុងមួយចំនួន ដូច្នេះ ធនាគារអភិវឌ្ឍន៍ជនបទ បានស្នើសុំឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ជួយទិញស្រូវពីប្រជាកសិករក្នុងតម្លៃមួយដែលសមរម្យ ទោះបីស្រូវទាំងនោះមិនសូវល្អ ពិសេសគឺស្រូវដែលលិចទឹកដោយសារជំនន់ទឹកភ្លៀង។

តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើកិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនដែលអញ្ជើញមកពីខេត្តបន្ទាយមានជ័យ និងប្រចាំខេត្តបាត់ដំបង បានសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់រោងម៉ាស៊ីនទាំងអស់នឹងធ្វើការសហការគ្នា ដោយសាមគ្គីភាព ដើម្បីលើកស្ទួយជីវភាពកសិករ និងជំរុញអោយការនាំចេញអង្ករ១លានតោនអោយទទួលបានជោគជ័យ។

ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍ជនបទ បានជម្រាបជូនម្ចាស់រោងម៉ាស៊ីនបន្ថែមទៀតថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលមូលនិធិពិសេសបន្ថែមចំនួន ៣០លានដុល្លារអាមេរិក សម្រាប់ផ្តល់ឥណទានដល់ម្ចាស់រោងម៉ាស៊ីនធ្វើការប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផលខាងមុខនេះ។

ទន្ទឹមនឹងនេះ ធនាគារអភិវឌ្ឍន៍ជនបទ ធ្វើការស្នើសុំអោយម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់រៀបចំបញ្ជីស្នាម អោយមានស្ដង់ដារ និងមានគណនេយ្យភាព ដើម្បីបង្ហាញពីចំណុចសំខាន់ៗ និងលក្ខខណ្ឌផ្សេងៗ ដើម្បីផ្តល់ជាព័ត៍មានដល់ម្ចាស់រោងម៉ាស៊ីនផងដែរ។

ធនាគារអភិវឌ្ឍន៍ជនបទ ក៏បានស្នើសុំដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ឱ្យមានសាមគ្គីភាពរវាងគ្នា កុំធ្វើការប្រកួតប្រជែងគ្នា និងធ្វើការរួបរួមគ្នាដើម្បីលើកស្ទួយវិស័យស្រូវអង្ករកម្ពុជាប្រកបដោយវិបុលភាព និងភាពរីកចម្រើន៕

Khcct banner

អត្ថបទទាក់ទង