Yearendyearend1140x150
Img 0571

កញ្ញា ម៉ៅ ចាន់រស្មី ម្ចាស់ប្រលោមលោក«កំណត់ហេតុពណ៌ស្វាយ»និយាយពីកំណត់ហេតុនារីម្នាក់ក្នុងទសវត្សរ៍ទី៦០

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
កញ្ញា ម៉ៅ ចាន់រស្មី ម្ចាស់ប្រលោមលោក«កំណត់ហេតុពណ៌ស្វាយ» (រូបភាព៖ កញ្ញា ម៉ៅ ចាន់រស្មី)

ភ្នំពេញ៖ស្នាដៃប្រលោមលោកលើកទីមួយរបស់អ្នកនិពន្ធវ័យក្មេងម្នាក់ឈ្មោះ កញ្ញា ម៉ៅ ចាន់រស្មី ដែលមាននាមប៉ាកាថា កូនទន្សាយ ដែលសៀវភៅនោះមានចំណងជើងថា «កំណត់ហេតុពណ៌ស្វាយ» និយាយពីរឿងរ៉ាវកំណត់ហេតុនារីម្នាក់ក្នុងទសវត្សរ៍ទី៦០។ តាមបទសម្ភាសន៍របស់ស៊ីស៊ីថាមស៍ អ្នកនិពន្ធរូបនេះ បានរៀបរាប់ប្រាប់ត្រួសៗពីខ្លឹមសាររបស់សៀវភៅមួយក្បាលនោះដែលនិយាយពីអារម្មណ៍នារីម្នាក់បានកត់ត្រាទុកក្នុងសៀវភៅកំណត់ហេតុរបស់នាងនូវរឿងរ៉ាវដែលបានកើតឡើងនៅក្នុងយុគសម័យនោះ។


កញ្ញា ម៉ៅ ចាន់រស្មី(កូនទន្សាយ) ជាស្ថានិកនៃសៀវភៅប្រលោមលោកមួយក្បាលនេះ ប្រាប់ពីគោលបំណងដែលខ្លួននិពន្ធរឿង «កំណត់ហេតុពណ៌ស្វាយ»នេះឡើង ដោយសារទីមួយ គឺកញ្ញាចង់បង្ហាញមនោសញ្ចេតនា ការចងចាំ អារម្មណ៍ និងរឿងជាច្រើនដែលដក់ជាប់ក្នុងចិត្តទៅកាន់មិត្តអ្នកអាន ដោយសង្ឃឹមថាបងប្អូនមិត្តអ្នកអាន ពួកគាត់អាចទទួលបានអារម្មណ៍មួយប្លែក ហើយទីពីរ គឺកញ្ញាចង់បញ្រ្ជាប ទស្សនៈជីវិតមួយចំនួនដែលមានប្រយោជន៍សម្រាប់ការរស់នៅ។ ទីបីគឺចង់ឱ្យពួកយើងទាំងអស់គ្នា ងាកក្រលេកទៅមើលសម្រស់នៃអតីតកាលមួយជ្រុងរបស់ខ្លួនក៏ដូចជាសម្រស់ខេត្តមួយចំនួនដែលពួកយើងមានផងដែរ។


ជាមួយគ្នានេះដែរ អ្វីដែលកម្លាំងជម្រុញចិត្តដំបូងរបស់កញ្ញា ម៉ៅ ចាន់រស្មី ក្នុងការនិពន្ធសៀវភៅប្រលោមលោកដំបូងរបស់ខ្លួននេះ ពីព្រោះ កញ្ញាជាមនុស្សម្នាក់ដែលចូលចិត្តកត់ត្រាអារម្មណ៍ខ្លួនឯងទុក ហើយកញ្ញាចេះតែស្រមៃថាបើខ្លួនរើសបានសៀវភៅកំណត់ហេតុរបស់អ្នកណាម្នាក់ ហើយជារឿងដែលកត់ត្រាក្នុងសម័យមុន តើកញ្ញានឹងមានអារម្មណ៍រំភើបយ៉ាងណា? ក្រោមការជ្រោមជ្រែងពីម្តាយផ្ទាល់ និងក្រុមការងារសៀវភៅជីវិត ធ្វើឱ្យកញ្ញាសម្រេចចិត្តថា ត្រូវតែប្រែក្លាយគំនិតមួយនេះ ឱ្យទៅជាប្រលោមលោក ដែលមិនត្រឹមតែផ្តល់នូវការកំសាន្តដល់អ្នកអានប៉ុណ្ណោះទេ តែវាជាប្រលោមលោកដែលបង្កប់ទស្សនៈអប់រំ និងបង្ហាញពីជ្រុងដ៏ស្រស់ស្អាតដែលយើងមាន។


អ្នកនិពន្ធវ័យក្មេងរូបនេះ បានបញ្ជាក់ថា «កំណត់ហេតុពណ៌ស្វាយ» ជាប្រលោមលោកបែបមនោសញ្ចេតនា អាថ៌កំបាំង លាយឡំនឹងអភិនីហារ រៀបរាប់ពីស្នេហានៃអតីតកាល នាទសវត្សរ៍ទី៦០ ដែលនឹងត្រូវគាស់កកាយឡើងវិញតាមរយៈសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនរបស់នារីម្នាក់ ដោយសារការអធិដ្ឋានដ៏អស្ចារ្យប្រាថ្នាឲ្យពួកគេស្វែងរកការពិតសារជាថ្មីនៃជាតិនេះ។ លក្ខណៈពិសេសមួយប្លែកនៅក្នុងសៀវភៅប្រលោមលោកដែលមានកម្រាស់ ២២៣ទំព័រនេះ គឺដោយសារសាច់រឿងនេះវាត្រូវបានរៀបរាប់ពីអារម្មណ៍នារីម្នាក់ដែលបានកត់ត្រាទុកក្នុងសៀវភៅកំណត់ហេតុរបស់ខ្លួននាងផ្ទាល់ ហើយវាជារឿងរ៉ាវដែលកើតឡើងក្នុងទសវត្សរ៍ទី ៦០ ដែលកញ្ញាជឿជាក់ថា អាចនឹងនាំអារម្មណ៍អ្នកអាន ទៅកាន់សម័យកាលមួយនោះតាមរយៈសំណេររបស់ខ្លួន ទៅក្នុងប្រលោមលោកមួយនេះ។


កញ្ញា ចាន់រស្មី បន្ថែមថា « ដើម្បីបញ្ចប់សាច់រឿងនៃប្រលោមមួយក្បាលនេះ នាងខ្ញុំបានចំណាយពេលប្រមាណកន្លះឆ្នាំ ចាប់តាំងពីខែមីនារហូតដល់ខែសីហា ឆ្នាំ២០២០»។ សម័យនេះការបោះពុម្ពផ្សាយ មិនមែនជាការលំបាកខ្លាំងប៉ុន្មានទេ តែអ្វីដែលលំបាក គឺការបង្កើតស្នាដៃមួយឱ្យបានល្អ។ យើងចង់បោះពុម្ពប៉ុន្មានក្បាលក៏បានដែរ តែសៀវភៅមួយនោះ មានតម្លៃប៉ុណ្ណា ទាល់តែយើងបង្កើតវាដោយល្អិតល្អន់ ហើយមានគុណភាពសមនឹងការគាំទ្រ ឱ្យតម្លៃពីមិត្តអ្នកអាន។ វាទាមទារការគិតច្រើន ពេលខ្លះក៏ស្មុគស្មាញក្នុងចិត្តណាស់ដែរ ប៉ុន្តែទំនួលខុសត្រូវ និងក្តីស្រលាញ់ជាកម្លាំងឱ្យខ្ញុំត្រូវតែបញ្ចប់វា ហើយបញ្ចប់ឱ្យបានល្អបំផុតតាមដែលខ្ញុំអាចធ្វើបាន»។


ពេលដែលបញ្ចប់ស្នាដៃនេះហើយ អ្នកនិពន្ធកូនទន្សាយ កញ្ញា ម៉ៅ ចាន់រស្មី ពិតជាសប្បាយចិត្តណាស់ តែកញ្ញាក៏មិនបានរំពឹងទុកខ្លាំងពេកដែរ ដោយសារវាជាស្នាដៃទីមួយរបស់ខ្លួន ហើយក៏មិនទាន់អាចសន្និដ្ឋានបានថា សាច់រឿងក្នុងសៀវភៅប្រលោមលោកមួយនោះ នឹងត្រូវចិត្តមិត្តអ្នកអានប៉ុន្មាននាក់ដែរ តែជារឿងមិនស្មានមិនដល់ ដែលលទ្ធផលទទួលបាន បែរជាល្អលើសការរំពឹងទុកជាច្រើនដង។ ជាក់ស្តែងសៀវភៅទើបតែចេញលក់បានមួយអាទិត្យ ក៏លក់ដាច់អស់ ជិត ៣ពាន់ក្បាលទៅហើយ ដែលយើងត្រូវត្រៀមបោះពុម្ពលើកទីពីរ ក្នុងរយៈពេលដ៏ខ្លីមិនធ្លាប់មាន។


ចំណែកឯប្រិយមិត្តអ្នកអានជាច្រើននាក់ផងនោះ នៅពេលពួកគាត់បានបញ្ចប់ប្រលោមលោកមួយក្បាលនេះរៀបរយហើយ ពួកគាត់បានផ្ដល់ជាមតិយោបល់ត្រលប់មកវិញនូវសារល្អៗ ពាក់ព័ន្ធនឹងសិល្បិ៍វិធីនិពន្ធជាមួយនឹងសាច់រឿង។ យ៉ាងណាមិញ ប្រាកដណាស់ថា ការរិះគន់ស្ថាបនា ក៏កញ្ញានៅតែទទួលបានដូចគ្នាផងដែរ ហើយកញ្ញា រស្មី ពិតជាក៏រីករាយនឹងទទួលយកវាមកកែលម្អបន្ថែមទៀតក្នុងន័យស្ថាបនាសម្រាប់រឿងប្រលោមលោកក្រោយៗ នាថ្ងៃខាងមុខទៀត។


គួររំលឹកផងដែរថា កញ្ញា ម៉ៅ ចាន់រស្មី ជាកូនស្រីតែមួយរបស់អ្នកស្រី ម៉ៅសំណាង មាននាមប៉ាកា«ទន្សាយ» ដែលម្ចាស់ស្នាដៃដ៏ល្បីម្នាក់ធ្លាប់និពន្ធប្រលោមជាច្រើនក្បាល ដូចជា ប្រលោមចិត្ត, កុលាបខ្មៅ, សៀវភៅ«ទន្សាយ» និងសៀវភៅផ្សេងៗទៀត។ ហេតុតែកញ្ញា ចាន់រស្មី មានអ្នកម្តាយជាអ្នកនិពន្ធសាច់រឿងស្រាប់ ទើបអាជីពការងារនិពន្ធមួយនេះ វាអាចទទួលយកបាន ខ្លួនរៀនបានច្រើន និងទៅដោយរលូនបន្ទាប់ពីម្ដាយរបស់ខ្លួន។

កញ្ញា ម៉ៅ ចាន់រស្មី (កូនទន្សាយ) និងអ្នកម្ដាយបង្កើត លោកស្រី ម៉ៅ សំណាង មាននាមប៉ាកា «ទន្សាយ» (រូបភាព៖ កញ្ញា ម៉ៅ ចាន់រស្មី)
កញ្ញា សែត ហត្ថា (កូនចាបមាស) និងកញ្ញា ម៉ៅ ចាន់រស្មី (កូនទន្សាយ) (រូបភាព៖ កញ្ញា ម៉ៅ ចាន់រស្មី)

អ្នកនិពន្ធកូនទន្សាយរូបនេះ បានចាប់ផ្តើមនិពន្ធរបស់ខ្លួនតាំងពីឆ្នាំ ២០១៣មកម្ល៉េះ តែជាស្នាដៃនិពន្ធអត្ថបទនៅក្នុងសាច់រឿងភាពយន្តតែប៉ុណ្ណោះអស់រយះពេល ០៧ឆ្នាំមកហើយ។ រហូតមកស្នាដៃប្រលោមលោកដំបូងបង្អស់នេះ ក៏ទទួលបានការគាំទ្រច្រើនគួរឱ្យកត់សម្គាល់ ហើយបន្ទាប់ពីនេះកញ្ញា ចាន់រស្មី ក៏បានត្រៀមនិពន្ធប្រលោមលោកបែបមនោសញ្ចេតនា អភិនិហារថ្មីមួយទៀត ដែលវានឹងការពាក់ព័ន្ធខ្លះពីរឿងទីមួយនេះផងដែរ។


សម្រាប់ការនិពន្ធជាក្តីស្រលាញ់ដ៏ធំមួយរបស់អ្នកនិពន្ធកូនទន្សាយរូបនេះស្រាប់ទៅហើយ ក្នុងនាមជាអ្នកនិពន្ធម្នាក់ក៏ជាផ្នែកមួយនៃការបំផុសការអានរបស់យុវជនផងដែរនោះ កញ្ញា ម៉ៅ ចាន់រស្មី ប្ដេជ្ញាចិត្តថា ខ្លួននឹងបន្តការងារនិពន្ធនេះ ឱ្យបានយូរអង្វែងតទៅមុខទៀតក្នុងការលើកស្ទួយវិស័យការអានក៏ដូចជាអក្សរសាស្រ្តខ្មែរផងដែរ៕

កញ្ញា ម៉ៅ ចាន់រស្មី ម្ចាស់ប្រលោមលោក«កំណត់ហេតុពណ៌ស្វាយ» (រូបភាព៖ កញ្ញា ម៉ៅ ចាន់រស្មី)
កញ្ញា ម៉ៅ ចាន់រស្មី ម្ចាស់ប្រលោមលោក«កំណត់ហេតុពណ៌ស្វាយ» (រូបភាព៖ កញ្ញា ម៉ៅ ចាន់រស្មី)
កញ្ញា ម៉ៅ ចាន់រស្មី ម្ចាស់ប្រលោមលោក«កំណត់ហេតុពណ៌ស្វាយ» (រូបភាព៖ កញ្ញា ម៉ៅ ចាន់រស្មី)
កញ្ញា ម៉ៅ ចាន់រស្មី ម្ចាស់ប្រលោមលោក«កំណត់ហេតុពណ៌ស្វាយ» (រូបភាព៖ កញ្ញា ម៉ៅ ចាន់រស្មី)
កញ្ញា ម៉ៅ ចាន់រស្មី ម្ចាស់ប្រលោមលោក«កំណត់ហេតុពណ៌ស្វាយ» (រូបភាព៖ កញ្ញា ម៉ៅ ចាន់រស្មី)
កញ្ញា ម៉ៅ ចាន់រស្មី ម្ចាស់ប្រលោមលោក«កំណត់ហេតុពណ៌ស្វាយ» (រូបភាព៖ កញ្ញា ម៉ៅ ចាន់រស្មី)
សៀវភៅប្រលោមដំបូងរបស់កញ្ញា ម៉ៅ ចាន់រស្មី មានចំណងជើងថា «កំណត់ហេតុពណ៌ស្វាយ» (រូបភាពដោយ៖ កញ្ញា ម៉ៅ ចាន់រស្មី)
កញ្ញា ម៉ៅ ចាន់រស្មី ម្ចាស់ប្រលោមលោក«កំណត់ហេតុពណ៌ស្វាយ» (រូបភាព៖ កញ្ញា ម៉ៅ ចាន់រស្មី)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង