Cct850x100 1

ក្រុមហ៊ុនធំៗអាមេរិកចាប់អារម្មណ៍បោះវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ASEAN Business Council) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(Virtual Meeting)

ភ្នំពេញ៖ក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិកជាច្រើន បានសម្ដែងនូវចំណាប់អារម្មណ៍ក្នុងការបណ្ដាក់ទុននៅកម្ពុជា ព្រមទាំងបានសម្តែងសុទិដ្ឋិនិយមក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា ជាពិសេសនោះគឺជួយគាំទ្រក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយជម្ងឺកូវីដ១៩ ត្រូវបានបញ្ចប់។

ក្រុមហ៊ុនទាំងអស់នោះមាន ក្រុមហ៊ុនConocoPhillips ក្រុមហ៊ុន Ford Motor ក្រុមហ៊ុន Amazon ក្រុមហ៊ុន Herbalife Nutrition ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន Visa និងក្រុមហ៊ុនGoogle ជាដើម។

ថ្លែងក្នុងកិច្ចពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ASEAN Business Council) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(Virtual Meeting) ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មបានស្វាគមន៍ចំពោះក្រុមហ៊ុនអាមេរិកទាំងអស់នោះ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីវឌ្ឍនភាពនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងក្របខ័ណ្ឌស្ថាប័ននិងគតិយុត្តិ ដែលមានដូចជា៖ ការចូលជាធរមាននៃច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ ការផ្លាស់ប្តូររចនាសម្ព័ន្ធនិងមុខងាររបស់CAMCONTROL ទៅជាអគ្គនាយកនៃការការពារអ្នកប្រើប្រាស់ការប្រកួតប្រជែង និងការបង្ក្រាបការក្លែងបន្លំប្រកបដោយភាពជោគជ័យ។ កាលពីខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជាបានដាក់ចេញនូវកម្មវិធីថ្មីមួយ(New Platform) សម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីពន្ធដារ និងការចុះបញ្ជីការងារក្នុងពេលតែមួយ ដើម្បីបង្កើនភាពងាយស្រួលដល់វិនិយោគិន ជាមួយនឹងការចុះបញ្ជីពាណិជ្ជកម្ម និងដាក់ដំណើរការឯកសារពាក់ព័ន្ធនៃការចុះបញ្ជីរបស់ពួកគេ។

ឯកឧត្តមរដ្ឋមន្ត្រី មានសុទិដ្ឋិនិយមនិងសង្ឃឹមថា ក្រុមហ៊ុនទាំងអស់នឹងបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា។

គួរបញ្ជាក់ថា សក្តានុពលពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក ដែលបានបន្តកើនឡើងជាបន្តបន្ទាប់ បើគិតត្រឹមខែកក្កដាឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបមានចំនួន៣,៥៧០.៩០ លានដុល្លារ ដែលកើនឡើងប្រមាណ១៧,០៤ ភាគរយ បើប្រៀបធៀបនឹង៧ខែដើមឆ្នាំ២០១៩៕

Khcct banner

អត្ថបទទាក់ទង