Yearendyearend1140x150

ព្រះបញ្ញាមុនីញាណហាក់ សៀងហៃ«វ័យក្មេង តែពូកែ»

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា

ថ្មីៗនេះព្រះភិក្ខុ ហាក់ សៀងហៃ បានទទួលងារជា ព្រះរាជាគណៈថ្នាក់កិត្តិយស ពីសម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលនាមថា ព្រះបញ្ញាមុនីញាណ និងទទួលបានការតែងតាំងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរពីរាជបណ្ឌិតសភាកម្ពុជា។សាធារណៈជនទាំងឡាយទាំងព្រះសង្ឃទាំងគ្រហស្ថបានចូលរួមអបអរសាទរយ៉ាងខ្លាំងចំពោះការទទួលបាននូវងារថ្មីនេះ។ខាងក្រោមនេះជាប្រវត្តិសង្ខេបរបស់ព្រះអង្គ៖

ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជាជាព្រះសង្ឃវ័យក្មេង មានចំណេះដឹងខ្ពស់ មានប្រវត្តិការសិក្សាមិនធម្មតា ហើយបច្ចុប្បន្នកំពុងសកម្មក្នុងការងារជួយសង្គមជាតិ ទាំងការងារមនុស្សធម៌ និងការបង្ហាត់បង្រៀន តែបើក្រឡេកទៅមើលជីវិតពិតនាអតីតកាលវិញកំសត់ស្ទើរស្រក់ទឹកភ្នែក។

ព្រះភិក្ខុ ហាក់ សៀងហៃ កើតឆ្នាំ ១៩៨៤ ជាកូនកសិករក្នុងគ្រួសារមួយនៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពុង់ធំ ដែលមានបងប្អូនបង្កើតចំនួនបីនាក់។ ម្តាយបានលាចាកលោកតាំងពីលោកមានអាយុ៣ខួប ហើយត្រូវបង្ខំចិត្តរស់នៅជាមួយតាយាយ។ ដឹងក្តីបន្តិច លោកបានមកស្នាក់នៅវត្ត ហើយបានចូលសាងផ្នួសជាសាមណេរ បន្ទាប់មករសាត់អណ្តែតពីមួយកន្លែងទៅមួយកន្លែងដើម្បីបន្តការសិក្សារហូតមកដល់ខេត្តបាត់ដំបង។

កំឡុងពេលសិក្សា ព្រះភិក្ខុ ហាក់ សៀងហៃ ជាសិស្សឆ្លាតវៃ និងរៀនឆាប់ចេះ។ មិនយូរប៉ុន្មានលោកបានបញ្ចប់ការសិក្សានៅស្រុកខ្មែរ ហើយបន្តទៅសិក្សានៅប្រទេសភូមា និងប្រទេសស្រីលង្កាដោយបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកទស្សនវិជ្ជាពុទ្ធសាសនា។ តាមរយៈបទពិសោធន៍នៃការសិក្សា ធ្វើឲ្យលោកមានភាពស្ទាត់ជំនាញទាំងភាសាខ្មែរ ភាសាបាលី និងភាសាអង្គគ្លេស។ បច្ចុប្បន្នលោកកំពុងបង្រៀនអក្សរសាស្ត្រខ្មែរ ភាសាបាលី និងភាសាអង្គគ្លេសជាធម៌តាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅរហូតដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពុទ្ធចក្ក និងអាណាចក្រ។

បច្ចុប្បន្ន ព្រះភិក្ខុ ហាក់ សៀងហៃ ជាប្រធានអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ដែលធ្វើការងារទៅលើគម្រោងទាំង៥ ក្នុងនោះផ្តោតទៅលើគោលការណ៍ពីរធំៗគឺ អប់រំយុវជន និងការងារមនុស្សធម៌ ហើយក្រៅពីនេះក៏មានសកម្មភាពអប់រំទាក់ទងទៅនឹងសុខភាពផ្លូវចិត្តផងដែរសម្រាប់មនុស្សគ្រប់វ័យ គ្រប់ឋានៈដែលមកកាន់មណ្ឌលរបស់អង្គការ។

ថ្មីៗនេះព្រះភិក្ខុ ហាក់ សៀងហៃ បានទទួលងារជា ព្រះរាជាគណៈថ្នាក់កិត្តិយស ពីសម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលនាមថា ព្រះបញ្ញាមុនីញាណ និងទទួលបានការតែងតាំងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរពីរាជបណ្ឌិតសភាកម្ពុជា។

សាធារណៈជនទាំងឡាយទាំងព្រះសង្ឃទាំងគ្រហស្ថបានចូលរួមអបអរសាទរយ៉ាងខ្លាំងចំពោះការទទួលបាននូវងារថ្មីនេះ ដោយគ្រប់គ្នាយល់ឃើញស្របគ្នាថា តួនាទីត្រូវនឹងសមត្ថភាពរបស់លោកហើយអាចធ្វើឲ្យលោកមានឱកាសបម្រើការងារសង្គមជាតិនិងសង្គមសាសនាបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ចុងក្រោយសូមប្រគេនពរព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ សូមបានប្រកបដោយពុទ្ធពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីក្លាយជាប្រការដទៃឡើយ។ 

អត្ថបទដោយ៖ Preahmaha,jaa-Somsaroun_Santipalo

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង