Cct850x100 1

អាជ្ញាធរខេត្តសៀមរាបចុះរុះរើសំណង់មិនរៀបរយក្នុងគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។

សៀមរាប៖ គណៈកម្មការអន្តរក្រសួង បានសម្រេចជ្រើសរើសខ្សែផ្លូវសរុបចំនួន៣៨ខ្សែ ប្រវែងសរុប ១០០គ.ម ដោយអនុលោមតាមផែនការមេ និងតាមប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥ ហើយបច្ចុប្បន្ននេះ អជ្ញាធរខេត្តសៀមរាបចុះរុះរើសំណង់មិនរៀបរយតាមកំណត់ផ្លូវគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ។

លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា គិតមកដល់ពេលនេះ អជ្ញាធរខេត្តសៀមរាបបានធ្វើការសិក្សាបច្ចេកទេស និងកំណត់ផ្លូវសម្រាប់អនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ នៅទីក្រុងសៀមរាបរួចរាល់ហើយ ដោយបច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាបនិងក្រុមការងារចុះបញ្ជីផ្លូវក្នុងគម្រោងនេះ កំពុងតែរៀបចំក្នុងការពង្រីក និងកំណត់ផ្លូវទៅតាមច្បាប់។

ចំពោះសំណង់មិនរៀបរយដែលពាក់ព័ន្ធនឹងគម្រោងស្ថាបនាផ្លូវ៣៨ខ្សែនៅទីក្រុងសៀមរាប រដ្ឋបាលខេត្តទុករយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្ស នៅក្នុងក្រុងសៀមរាប។

សូមរំឭកថា កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែ នៅទីក្រុងសៀមរាបបានប្រព្រឹត្តទៅលើទឹកដីអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានសមាសភាពចូលរួមសរុប ១១១នាក់។

យោងតាមរបាយការណ៍ស្តីពីផែនការមេនៃការអភិវឌ្ឍផ្លូវថ្នល់នៅក្រុងសៀមរាបរបស់ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងបទបង្ហាញស្តីពីនគរូបនីយកម្ម និងស្ថាបត្យកម្មផ្លូវក្រុងរបស់ក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដី កិច្ចប្រជុំបានពិភាក្សា និងសម្រេចជ្រើសរើសខ្សែផ្លូវសរុបចំនួន៣៨ខ្សែ ប្រវែងសរុប ១០០ គ.ម ដោយអនុលោមតាមផែនការមេនិងតាមប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសេចក្តីសម្រេចលេខ ០០៤ សសរ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការរៀបចំដែនដី ថ្នាក់ជាតិ និងផែនការមេនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ នៅក្រុងសៀមរាប ខេត្តសៀមរាប៕

Khcct banner

អត្ថបទទាក់ទង