Yearendyearend1140x150

រដ្ឋាភិបាលគ្រោងរៀបចំ ព្រឹត្តិការណ៍ជិត២០ដើម្បីលើកស្ទួយវិស័យទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ចេងស៊ីម
/
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន 

ភ្នំពេញ៖ រាជរដ្ឋាភិបាលគ្រោងនឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍តូចធំជិត២០កម្មវិធី នៅគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅក្នុងឆ្នាំ២០២០នេះ ដើម្បីជំរុញឱ្យមានចលនាទេសចរកាន់តែច្រើនទៅទស្សនានៅខេត្តសៀមរាប និងគោលដៅទាក់ទាញកំណើនទេសចរបរទេសមកកាន់កម្ពុជាផងដែរ។ ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះ គឺបន្ទាប់ពីភ្ញៀវទេសចរមានការធ្លាក់ចុះនៅខេត្តសៀមរាបគួរឱ្យកត់សម្គាល់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ថា មានព្រឹត្តិការណ៍ទេសចរណ៍ជិត២០ មានដូចជា វប្បធម៌ កីឡាមួយចំនួនទៀត ដោយឯកឧត្តមបានបង្ហើបថា ព្រឹត្តិការណ៍ទេសចរណ៍ទាំងនោះ នឹងត្រូវបង្ហាញលម្អិតនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។

បើតាមលោករដ្ឋមន្រ្តី ចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយនឹងសប្បាយរីករាយជាមួយដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាប ដោយកម្ពុជានឹងធានាអះអាងថា «ខ្លួននៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់នូវភាពកក់ក្ដៅ»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ម្ចាស់ ឬនិយោជកនៅតាមសណ្ឋាគារ ផ្ទះសំណាក់ទាំងឡាយនៅខេត្តសៀមរាប សូមឱ្យមានការបន្ធូរបន្ថយថ្លៃស្នាក់នៅជូនដល់ភ្ញៀវទេសចរគ្រប់គ្នា ចំណែកឯក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ក៏សូមកុំយកចំណេញលើការរៀបចំសេវាកម្មកញ្ចប់ទស្សនកិច្ចពីភ្ញៀវច្រើនពេក ខណៈដែលរាជរដ្ឋាភិបាលក៏កំពុងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តនានាដល់ផ្នែកឧស្សាហកម្មទេសចរណ៍ផងដែរ។

ជាការកត់សម្គាល់ វិធានការរបស់ក្រសួងទេសចរណ៍នៅពេលនេះធ្វើឡើង បន្ទាប់ពីភ្ញៀវទេសចរបរទេសដែលមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះប្រមាណជាង៦០% ជាពិសេស ភ្ញៀវទេសចរជនជាតិចិន បានធ្លាក់ចុះក្នុងរង្វង់៩០%។ ការធ្លាក់ចុះនេះបណ្តាលមកពីបញ្ហាភ័យខ្លាចនៃមេរោគឆ្លងកូរ៉ូណាដែលកំពុងគំរាមគំហែងដល់វិស័យទេសចរណ៍នៅក្នុងតំបន់ និងប្រទេសកម្ពុជា។

តែយ៉ាងណាក៏ដោយ កាលពីម្សិលមិញសម្តេច ហ៊ុន សែន បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៧ ចំណុចដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈលើកលែង(រដ្ឋទទួលបន្ទុកពន្ធជំនួស) នូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ដែលបានចុះបញ្ជីរយៈពេលបួនខែ ដោយគិតចាប់ពីខែ កុម្ភៈ រហូតដល់ខែ ឧសភា ឆ្នាំ ២០២០ ។កាត់បន្ថយការធ្វើដំណើចូលរួមក្នុងកិច្ចប្រជុំនៅក្រៅប្រទេស ការបង្កើនប្រសិទ្ធភាពនៃការធ្វើដំណើររួមគ្នាតាមផ្លូវគោក, ផ្លូវទឹក និងផ្លូវអាកាស ជាពិសេស ជាមួយប្រទេសជិតខាង (ដូចជា បាងកក-សៀមរាប និង ហូជីមិញ-សៀមរាប) ពិសេស តាមរយៈ រថយន្តក្រុង ឬរថយន្តផ្ទាល់-ខ្លួន និងរក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរឱ្យនៅដដែលជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង