Yearendyearend1140x150

«មុខរបរ៣៣មុខ»ជាការងារអាទិភាពដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់សង្គមសេដ្ឋកិច្ចកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB) នៅថ្ងៃទី ២២ កញ្ញានេះ បានផ្តល់យោបល់ ឯកភាព អនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាល និងលិខិតបទដ្ឋានគតិយុត្តដែលបានអភិវឌ្ឍក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់គាំទ្រដល់ការអនុវត្តក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា(CQF) ឱ្យផ្សារភ្ជាប់ទៅនឹងក្របខ័ណ្ឌគុណវុឌ្ឍិយោងអាស៊ាន(AQRF) ក៏ដូចជាការគាំទ្រប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិសម្រាប់កម្ពុជា(CBACS) ដើម្បីលើកកម្ពស់និងជំរុញការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឱ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ននេះ ។

ការពិនិត្យ និងផ្តល់ការអនុម័តយល់ព្រមលើឯកសារគាំទ្រថ្នាក់ជាតិនេះ ព្រមទាំងប្រកាសបច្ចុប្បន្នភាពសមាសភាព និងតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាលថ្មី ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល (National Training Board, NTB) នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញចូលរួមរបស់សមាជិក សមាជិក មកពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាលលើកទី១០ នេះ អង្គប្រជុំបានអនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើ ៦វិស័យ ចំនួន ៣៣មុខរបរ ចាប់ពីកម្រិត ១ ដល់កម្រិត ៥ នៃក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CQF) ក្នុងនោះ ១)វិស័យសំណង់មាន ៨មុខរបរ, ២)វិស័យមេកានិក (អនុវិស័យរថយន្ត) មាន ៧មុខរបរ, ៣)វិស័យអគ្គិសនី និងថាមពលមាន ៥មុខរបរ, ៤)វិស័យធុរកិច្ច និងព័ត៌មានវិទ្យាមាន ៤មុខរបរ, ៥)វិស័យកម្មន្តសាលមាន ៧មុខរបរ, ៦)វិស័យបរិក្ខារត្រជាក់ និងកំដៅមាន ២មុខរបរ និងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលអ្នកវាយតម្លៃសមត្ថភាពកម្រិត១។

គួររំលឹកផងដែរថា កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាលលើកទី៩ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ បានអនុម័តលើគោលនយោបាយមួយចំនួន សម្រាប់អនុវត្តនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមមាន ប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងផ្តល់គុណវុឌ្ឍិសម្រាប់កម្ពុជា (Competency Based Assessment and Certification System, CBACS) គោលនយោយបាយស្តីពីការវាយតម្លៃផ្អែកលើសមត្ថភាព និងផ្តល់គុណវុឌ្ឍិ (Policy on Assessment and Certification, PAC) គោលនយោបាយស្តីពីកម្មសិក្សា (Policy on Internship, PI) ដែលជាឯកសារសំខាន់ៗគាំទ្រដល់ការអនុវត្តក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (Cambodian Qualification Framework, CQF) និងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលមួយចំនួនទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង