ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅកម្ពុជាបានប្រតិកម្មចំពោះសហរដ្ឋអាមេរិកដែលបានដាក់ទណ្ឌកម្មលើ គម្រោងរបស់ក្រុមហ៊ុនចិនក្នុងប្រទេសកម្ពុជា ស្ថានទូតចិនបានប្រកាសជំទាស់និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរអនុត្តរភាពរបស់អាមេរិក។
អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃទី១៦នេះបានបញ្ចេញប្រតិកម្មចំពោះសហរដ្ធអាមេរិក ដែលបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនUnion Developmentដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យស្ថានទូតចិនបាននិយាយថា កាលពីថ្ងៃទី ១៥ ខែកញ្ញាកន្លងទៅនេះ ក្រសួងសេដ្ឋកិច្ចអាមេរិកបានចេញសេចក្តីថ្លែងការបញ្ជាក់ថានឹងយោងតាមច្បាប់Global Magnitsky Global of Rights និងបទបញ្ញត្តិផ្សេងៗទៀតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនUnion Development ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យបន្តថា គ្រប់គ្នាសុទ្ធតែដឹងច្បាស់ថា“គំរោងអភិវឌ្ឍន៍វិនិយោគចំរុះនិងគំរោងអភិវឌ្ឍន៍តំបន់ទេសចរណ៍តារាសាគរ”គឺជាគំរោងដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា ហើយគឺជាគំរោងដ៏ធំដែលវិនិយោគដោយ ក្រុមហ៊ុនUnion Developmentដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនTianjin Youlian Group ។
គាត់បន្តថា គម្រោងនេះសមស្របទៅតាមច្បាប់និងបទប្បញ្ញត្តិនានារបស់ប្រទេសកម្ពុជា ហើយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជា។
អ្នកនាំពាក្យរូបនេះលើកឡើងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកដោយមិនគិតពីការពិតជាក់ស្តែង ហើយប្រើច្បាប់របស់ប្រទេសខ្លួនឯងធ្វើការចោទប្រកាន់ទោសដោយគ្មានមូលដ្ធានទៅលើគម្រោងរបស់ក្រុមហ៊ុនចិនក្នុងប្រទេសកម្ពុជា គឺជាទង្វើរអនុត្តរភាពយ៉ាងច្បាស់ក្រឡែត។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថាការគាបសង្កត់របស់សហរដ្ឋអាមេរិកទៅលើការវិនិយោគស្របច្បាប់របស់សហគ្រាសចិនដែលវិនិយោគនៅកម្ពុជាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសដែលពាក់ព័ន្ធទាំងនោះទេ ហើយថែមទាំងបានជាន់ឈ្លីដល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជាផងដែរ។
“ស្ថានទូតចិនប្រចាំនៅកម្ពុជាបានប្រកាសជំទាស់និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើររបស់អាមេរិក។
ពួកយើងទទូចអោយសហរដ្ឋអាមេរិកកែនៅកំហុសខុសឆ្គងនេះជាបន្ទាន់ និងសម្រេចដក់ទណ្ឌកម្មទាំងនោះចេញវិញ។”អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅកម្ពុជាប្រកាសបែបនេះ។
សូមបញ្ចាក់ថាការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងសេដ្ឋកិច្ចអាមេរិកកាលពីថ្ងៃទី១៥បានប្រកាសសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើក្រុមហ៊ុនចិនUnion Development Group ដែលកំពុងវិនិយោគលើគម្រោងអភិវឌ្ឍតារាសាគរនៅក្នុងខេត្តកោះកុងប្រទេសកម្ពុជា។
ទណ្ឌកម្មនេះដោយអាមេរិកយល់ថា ក្រុមហ៊ុនចិនUnion Development Group បានរឹបអូស និងបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីសាងសង់គម្រោងអភិវឌ្ឍតារាសាគរនៅក្នុងខេត្តកោះកុងដែលសកម្មភាពនេះ គឺខុសនឹងច្បាប់Global Magnitsky។
បើតាមក្រសួងសេដ្ឋកិច្ចអាមេរិក បានចោទក្រុមហ៊ុនចិនUnion Development Group ថា បានបំពានទៅនឹងច្បាប់នេះតាម រយៈ ការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមានអំពើពុករលួយនៅក្នុងដំណើរការអភិវឌ្ឍគម្រោងរបស់ខ្លួននៅក្នុងខេត្តកោះកុងរបស់កម្ពុជា។