ស្លូវ៉ាគី៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico ត្រូវបានខ្មាន់កាំភ្លើងបាញ់រះជាច្រើនគ្រាប់លើរូបលោកដែលជាការប៉ុនប៉ងធ្វើឃាតលោកផ្ទាល់នៅពេលដែលលោកបានចាកចេញពីកិច្ចប្រជុំរដ្ឋាភិបាលកាលពីល្ងាចថ្ងៃពុធ។ ខ្មាន់កាំភ្លើងបានបាញ់ប្រហារលោក Fico ដែលមានវ័យ ៥៩ ឆ្នាំចំនួន ៥ ដង លោកត្រូវបានកងកម្លាំងពិសេសធ្វើការសង្រ្គោះបន្ទាន់ នឹងបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗបន្ទាប់ពីត្រូវបានឃាតករបាញ់ប្រហារ។
ការបាញ់ប្រហារនេះបានកើតឡើងនៅទីក្រុង Handlova ភាគកណ្តាលនៃប្រទេសស្លូវ៉ាគី ធ្វើឡើងដោយបុរសវ័យ ៧១ ឆ្នាំម្នាក់ លោកគឺជាអតីតសន្តិសុខនៅមជ្ឈមណ្ឌលទិញទំនិញមួយកន្លែង និងក៏ជាអ្នកនិពន្ធកំណាព្យចំនួនបី និងជាសមាជិកនៃសមាគមអ្នកនិពន្ធស្លូវ៉ាគីផងដែរ ជនដៃដល់បានសារភាពថាខ្លួនពិតជាមិនអាចទទួលយកគោលនយោបាយរបស់លោក Robert Fico បានឡើយ។
បន្ទាប់ពីការវាយប្រហារលោក Fico ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង Handlova ជាកន្លែងដែលលោកបានធ្វើជាប្រធានកិច្ចប្រជុំរដ្ឋាភិបាល។ បន្ទាប់មកលោកត្រូវបានដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់រដ្ឋធានីក្នុងតំបន់ Banska Bystrica ដើម្បីធ្វើការព្យាបាលជាបន្ទាន់ ដោយស្ថានភាពរបស់លោកគឺធ្ងន់ធ្ងរពេក។ ភ្លាមៗបន្ទាប់ពីការបាញ់ប្រហារប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានចូលរួមជាមួយដៃគូសហភាពអឺរ៉ុបរបស់ប្រទេសស្លូវ៉ាគី ក្នុងការបង្ហាញការភ្ញាក់ផ្អើល និងថ្កោលទោសចំពោះការបាញ់ប្រហារនេះ៕