Yearendyearend1140x150

ក្រសួងបរិស្ថានប្រគល់ផែនទីតំបន់ការពារធម្មជាតិ ១៣២ផ្ទាំង ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ បានប្រគល់ផែនទីតំបន់ការពារធម្មជាតិ ចំនួន ១៣២ផ្ទាំង ជូនរដ្ឋបាលខេត្តចំនួន២១ និងរដ្ឋបាលស្រុក ក្រុងចំនួន១១១ ដែលឆ្លុះបញ្ចាំងពីសមិទ្ធិផលថ្មីមួយទៀត របស់ក្រសួងបរិស្ថាន ក្នុងការអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណិត្តទី៧ នៃរដ្ឋសភា និងអនុលោមតាម ភាពបៃតង និងចីរភាព នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងបរិបទសុក្រឹតកម្មបរិស្ថានកិច្ច។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការប្រគល់ជូនផែនទីតំបន់ការពារធម្មជាតិ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាសក្ខីភាពមួយនៃការអនុវត្តគោលនយោបាយវិមជ្ឈកា និងវិសហមជ្ឈកា ដែលមានក្រសួងបរិស្ថាន ជាអ្នកតាក់តែងគោលនយោបាយ និងគាំទ្រការជំរុញប្រសិទ្ធភាពអនុវត្តច្បាប់ពីថ្នាក់ក្រោមជាតិ។

លោករដ្ឋមន្រ្តី បានជំរុញឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធ និងដៃគូសហការទាំងអស់ តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពង្រឹងប្រសិទ្ធភាព គ្រប់គ្រងតំបន់ការពារធម្មជាតិ ដោយអនុលោម យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយជំរុញសម្រេចគោលដៅ កម្ពុជាគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

សូមបញ្ជាក់ថា តំបន់ការពារធម្មជាតិ បានកើនឡើងពីចំនួន២៣តំបន់ ដែលមានផ្ទៃដីសរុបប្រមាណ ៣,៣លានហិកតា ស្មើនឹង១៨% នៃផ្ទៃដីប្រទេស នាឆ្នាំ១៩៩៣ ដល់ចំនួន ៧៣តំបន់ ដែលមានផ្ទៃដីសរុបជាង៧លានហិកតា ស្មើនឹង ៤០% នៃផ្ទៃប្រទេស នាពេលបច្ចុប្បន្ន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង