កេនយ៉ា៖ ទឹកជំនន់ភ្លាមៗ និងការបាក់ដីបានបញ្ជូនទឹកជំនន់និងភក់ជាច្រើនទៅកាន់ភូមិមួយនៅប្រទេសកេនយ៉ាកាលពីព្រឹកថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៤៥ នាក់ ហេតុការណ៍នេះកើតឡើងភ្លាមៗបន្ទាប់ពីភ្លៀងបានធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាបណ្តាលមកពីទំនប់ទឹកដ៏ធំមួយបានបាក់ហើយហូរទៅបំផ្លាញផ្ទះប្រជាពលរដ្ឋក្នុងតំបន់។
លោក Emmanuel Talam លេខាធិការសារព័ត៌មាននៅការិយាល័យប្រធានាធិបតីកេនយ៉ា William Ruto បាននិយាយថា គ្រោះមហន្តរាយនៅក្នុងប្រទេសកេនយ៉ា គឺគ្រោះដ៏ធំមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសក្នុងរយៈពេលពីរសប្តាហ៍ចាប់តាំងពីទឹកជំនន់ដ៏សាហាវបានចាប់ផ្តើម។លោកបន្តថា មូលហេតុនៃការបាក់ដីនេះមិនទាន់ដឹងច្បាស់នៅឡើយទេ។
ភ្លៀងធ្លាក់ខ្លាំងបាននិងកំពុងវាយលុកផ្នែកមួយចំនួននៃទ្វីបអាហ្រ្វិកខាងកើតអស់រយៈពេលជាច្រើនសប្តាហ៍ ហើយជាលទ្ធផលទឹកជំនន់បានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងប្រទេសជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ និងរាប់ម៉ឺននាក់ផ្សេងទៀតបានផ្លាស់ទីលំនៅ។
ទឹកជំនន់ក៏បានបណ្តាលឱ្យសត្វកសិដ្ឋានរាប់រយក្បាលស្លាប់ និងបានបំផ្លិចបំផ្លាញ ដីកសិកម្មរាប់ពាន់ហិចតានៅក្នុងតំបន់ដែលកំពុងប្រឈមមុខនឹងផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធមិនល្អមួយចំនួន។អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានសន្មតថាភ្លៀងធ្លាក់ខ្លាំងជាងធម្មតាគឺជាការរួមផ្សំនៃវដ្តអាកាសធាតុធម្មជាតិពីរគឺ El Niño ដែលបង្កើនលទ្ធភាពនៃស្ថានភាពសើមនៅក្នុងតំបន់មួយចំនួននៃពិភពលោក និងលំនាំស្រដៀងគ្នានេះហៅថា Dipole មហាសមុទ្រឥណ្ឌាដែលមានការបម្រែបម្រួលអាកាសធាតុមិនធ្លាប់មានពីមុនមក៕