Yearendyearend1140x150

ឯកឧត្តមស៊ុន ចាន់ថុល៖«កូវីដមិនអាចរំខានដល់ការអភិវឌ្ឍន៍ការកសាងផ្លូវនៅកម្ពុជា»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ភ្នំពេញ៖ ទោះបីជាវិបត្តិកូវីដ១៩បានកើតមាននៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏វិបត្តិនេះមិនអាចរំខានដល់ការអភិវឌ្ឍន៍ការកសាងផ្លូវនៅកម្ពុជាបានឡើយ។ ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជានៅតែមានលទ្ធភាពបន្តកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀត។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងការចុះត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំច្រកទ្វារព្រំដែន “ព្រៃវល្លិ៍ “ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ប្រទេសកម្ពុជានៅតែមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ទោះកម្ពុជាកំពុងស្ថិតក្នុងបញ្ហាកូវីដ១៩ក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគឲ្យនៅតែបន្តការវិនិយោគនៅប្រទេសកម្ពុជា ដើម្បីជាកត្តាសំខាន់មួយដែលជួយជំរុញដល់សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ នៅថ្ងៃទី៤ ខែកញ្ញាកន្លងទៅនេះ សម្តេច ហ៊ុន សែនបានផ្តល់ថវិកាពី១០០-១៥០លានដុល្លារ ដើម្បីយកកសាងផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបស្របពេលដែលមិនសូវមានអ្នកទេសចរទៅលេខកម្សាន្ត ដោយរដ្ឋាភិបាលបានយកឳកាសនេះកសាងបណ្តាញផ្លូវឲ្យស្អាតនៅទីក្រុងសៀមរាប។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានបន្តកសាង ក៏ដូចជាចុះបញ្ជីលើគម្រោងការសាងសង់ផ្លូវនៅតាមបណ្តាខេត្តផ្សេងទៀតមានដូចជា ផ្លូវជាតិលេខ២ ពីភ្នំពេញទៅតាកែវ, ផ្លូវលេខ៣ ភ្នំពេញទៅកំពត, ផ្លូវលេខ៤ កំពុងរៀបចំដេញថ្លៃពង្រីកពី៧ម៉ែត្រទៅ១១ម៉ែត្រ, ផ្លូវលេខ៥ ពង្រីកពីព្រែកក្តាម សិរីសោភ័ណ្ឌ ប៉ោយប៉ែត កំពុងដំណើរការ, ផ្លូវលេខ១០ ពីសំឡូត វាលវែង កោះកុង កំពុងកសាង និងផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលកំពុងកសាង។

បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចុប្បន្នមិនមានគម្រោងណាមួយដែលមានការយឺតយ៉ាវ ឬកកស្ទះ ឬលុបចោលដោយសារបញ្ហាកូវីដ១៩ទេ ឬការបាត់បង់ផ្នែកខ្លះនៃEBAឡើយ។ រដ្ឋាភិបាលនៅតែបន្តកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវក្រុងព្រះសីហនុ និងបន្តកសាងផ្លូវនៅក្រុងសៀមរាប បូកនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ៤១, ផ្លូវ ៣៣, ផ្លូវ ៣១ បានចុះកិច្ចព្រមព្រៀងរួចហើយ ចាំតែពេលបើកការដ្ឋាន និងផ្លូវ៧១Cតភ្ជាប់ពីស្ពានស្ទឹងត្រង់ក៏បានចុះហត្ថលេខាហើយដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង