Yearendyearend1140x150

រដ្ឋាភិបាលសិង្ហបុរីគ្រោងវិនិយោគលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖រដ្ឋាភិបាលសិង្ហបុរី មានចំណាប់អារម្មណ៍លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ស្ដីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសិង្ហបុរី ក្នុងការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ និងចរចាកិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីអមខុទ្ធកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទី២ទទួលបន្ទុកការអភិវឌ្ឍនិងហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH។

កិច្ចប្រជុំនេះធ្វើឡើងតាមរយៈសន្និសីទវីដេអូពីចម្ងាយ និងមានគោលបំណងដើម្បីបង្ហាញទិដ្ឋភាពទូទៅអំពីគម្រោង SuperPort+ ដែលឆ្លើយតបនឹងតម្រូវការរបស់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនិងពង្រឹងសមត្ថភាពដឹកជញ្ជូននិងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា។

ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងគ្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដើម្បីសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិ និងប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ថែមពីនេះ ឯកឧត្ដមក៏បានបង្ហាញនូវការគាំទ្រចំពោះរដ្ឋាភិបាលសិង្ហបុរី នាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងស្វាគមន៍ក្រុមហ៊ុន YCH ដែលមានចំណាប់អារម្មណ៍លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ ហើយរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសហការ សម្របសម្រួល និងដោះស្រាយបញ្ហារាំងស្ទះ ដោយបានរៀបចំជាក្រុមការងារបច្ចេកទេសសម្រាប់សម្របសម្រួលការអនុវត្តគម្រោងនេះ។

លើសពីនោះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាលចង់ឃើញកម្ពុជាជាទីផ្សារ និងមជ្ឈមណ្ឌលភស្តុភារកម្មបម្រើឱ្យវិស័យដឹកជញ្ជូនដល់ប្រទេសក្នុងតំបន់ជាពិសេសប្រទេសថៃ វៀតណាម ឡាវ និងភូមាជាដើម។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើកឡើងថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញត្រូវបានកំណត់ជាផែនការយុទ្ធសាស្ត្រទាំងក្នុងផែនការមេភស្តុភារកម្ម និងផែនការមេអន្តរកាលស្ដីពីការ តភ្ជាប់ប្រពន្ធ័ដឹកជញ្ជូនពហុមធ្យោបាយនិងភស្ដុភារកម្ម ដែលផែនការយុទុ្ធសាស្ត្រនេះបង្ហាញពីការតភ្ជាប់រវាងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅធានាបាននូវខ្សែសង្វាក់ដឹកជញ្ជូនប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង