Yearendyearend1140x150

សម្តេច ហ៊ុន សែន៖មរណភាពសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ាជាបាត់បង់ធនធានមនុស្សដ៏សំខាន់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី ២០ មេសានេះ បានផ្ញើសារចូលរួមរំលែកទុក្ខជូនលោកស្រី អ៊ុ ផារ៉ាន់ ភរិយា សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីកម្ពុជា។សម្តេច ហ៊ុន សែន បានចាត់ទុកមរណភាពរបស់សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់កម្ពុជា។

យោងតាមសាររំលែកទុក្ខ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា បានលះបង់កម្លាំងកាយចិត្ត និង បញ្ញាស្មារតីបម្រើជាតិគ្រប់កាលៈទេសៈ ក្នុងគោលដៅបម្រើដោយប្រយោជន៍របស់ប្រទេសកម្ពុជា។សម្រាប់សម្តេច ទោះរូបកាយរបស់សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា បានបាត់បង់ពិតមែន តែអំពើកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ នឹងនៅស្ថិតស្ថេរក្នុងពាតិមិត្តជិតឆ្ងាយទាំងអស់។

សាស្ត្រា​ចារ្យ​ប្រវត្តិ​សាស្ត្រ សំបូរ ម៉ា​ណ្ណា​រ៉ា ទទួលមរណភាព នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងជុន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។បច្ចុប្បន្នសពរបស់លោកសាស្រ្តាចារ្យ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅសង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយចំណាយពេលព្យាបាលជំងឺអស់ជាច្រើនថ្ងៃនៅទីបំផុត សាស្ត្រា​ចារ្យ​ប្រវត្តិ​សាស្ត្រ សំបូរ ម៉ា​ណ្ណា​រ៉ា បានទទួលមរណភាព ក្នុងជុន្មាយុ ៦៧ឆ្នាំ ជាដំណឹងដ៏សោកសៅបំផុត។មុនទទួលមរណភាព ក្រុមគ្រួសាររបស់លោកបានព្យាយាមបញ្ជូនលោកសាស្ត្រាចារ្យ ទៅព្យាបាលជំងឺ នៅប្រទេសថៃ ដែលជាជំងឺចាស់របស់លោកធ្លាប់កើតតាំងពីឆ្នាំ២០១៨។ប៉ុន្តែជំងឺរើឡើងវិញនេះ មិនបានធូស្បើយនោះឡើង និង បានបញ្ជូនមកកម្ពុជាវិញ សម្រាប់ព្យាបាលនៅផ្ទះ។

ស្ថានភាពជំងឺកាន់តែអាក្រក់ក្រុមគ្រួសារបានបញ្ជូន លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា មកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយចុងក្រោយលោកសាស្រ្តាចារ្យបានទទួលមរណភាពក្នុងជន្មាយុ ៦៧ ឆ្នាំ នៅវេលាម៉ោង ៥និង ៤០ នាទី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤។

លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា គឺជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រដ៏ឆ្នើមរបស់កម្ពុជា និង បានបណ្តុះបណ្តាលធនធានជាច្រើនជំនាន់មកដល់បច្ចុប្បន្ន។កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣​កន្លងទៅ​ លោកទទួល​បាន​ការ​ប្រោស​ព្រះរាជទាន​​ឋានៈ​ ជា​ទី​ប្រឹក្សា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា សម្ដេច ហ៊ុន​ សែន និង ចុងក្រោយជា ទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ធ្លាប់ជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញលើឯកទេសប្រវត្តិសាស្ត្រតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ក្រោយមកលោកបានប្តូរទៅបង្រៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាចាប់តាំងពីឆ្នាំ ២០០២ មកដល់សព្វថ្ងៃ។ បើគិតមកទល់ពេលនេះ លោកបានបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រប្រមាណជាង៤០ឆ្នាំ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង