Yearendyearend1140x150

ACCB ជោគជ័យក្នុងការបង្កាត់ពូជ«អណ្តើកសង្កល់» ដែលជាប្រភេទជិតផុតពូជ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ

សៀមរាប៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ក្នុងឆ្នាំ២០២៤នេះ ទទួលបានជោគជ័យក្នុងការបង្កាត់ពូជអណ្តើកសង្កល់ ឬអណ្ដើកក្របីក្បាលលឿង ជាលើកដំបូង។ អណ្តើកសង្កល់ ជាប្រភេទជិតផុតពូជ និងកំពុងរងគ្រោះថ្នាក់ខ្លាំង នៅប្រទេសកម្ពុជា។

ការខិតខំប្រឹងប្រែង និងការតស៊ូរបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ទទួលបានផលហើយ ហើយបានបង្ហាញពីជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កាត់ពូជអណ្តើកសង្កល់ ឬក្របីក្បាលលឿង ដែលជាប្រភេទជិតផុតពូជ និងកំពុងរងគ្រោះថ្នាក់ខ្លាំង ក្រោមការថែទាំដោយមនុស្ស។

ជាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងមជ្ឈមណ្ឌល អណ្ដើកញីបីក្បាល ដែលបានដោយញីឈ្មោលហើយបានពងជាច្រើនសំបុកដោយជោគជ័យ សំបុកនីមួយៗមានពងចន្លោះពី ៥គ្រាប់ ទៅ ៩គ្រាប់។ នៅចុងខែមីនា គេប្រទះឃើញកូនញាស់ដំបូងគេវារចេញពីសំបុករបស់ពួកវា ជាមួយនឹងការរំពឹងទុកថានឹងមានកូនញាស់ជាបន្តបន្ទាប់ច្រើនទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

អណ្តើកសង្កល់ ជាប្រភេទជិតផុតពូជ និងកំពុងរងគ្រោះថ្នាក់ខ្លាំង នៅប្រទេសកម្ពុជា ពួកវាងាយរងគ្រោះខ្លាំងដោយសារការជួញដូរសត្វព្រៃខុសច្បាប់ ជាពិសេសសម្រាប់ធ្វើជាអាហាររបស់មនុស្ស ឱសថបុរាណ និងការប្រើប្រាស់ពួកវាដើម្បីធ្វើបុណ្យកុសលតាមរយៈការទិញសត្វលែង ជាការបដិបត្តិបែបប្រពៃណីតាមទ្រឹស្ដីដែលបង្ហាញពីសេចក្ដីអាណិតអាសូរចំពោះសត្វ ប៉ុន្តែជារឿយៗត្រូវបញ្ចប់ជាមួយនឹងការរងទុក្ខវេទនារបស់សត្វព្រៃដែលត្រូវបានគេយកមកប្រើប្រាស់ក្នុងការបដិបត្តិទាំងនេះ។

ដើម្បីគាំទ្រដល់ការលែងកូនអណ្តើកដែលបានបង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌល ទៅក្នុងជម្រកធម្មជាតិរបស់ពួកវាវិញ ACCB បានរក្សាទុកចំនួនប្រជាសាស្រ្តសត្វអណ្តើកសង្កល់ដែលត្រូវបានធានាការថែទាំនៅក្នុងមជ្ឈមណ្ឌល គឺជាប្រភេទដែលចំនួនប្រជាសាស្ត្រមានការថយចុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ ការបង្កាត់ពូជអណ្តើកប្រភេទនេះដោយជោគជ័យនៅ ACCB គឺមានសារៈសំខាន់សម្រាប់និរន្តរភាពនៃចំនួនប្រជាសាស្រ្តដែលត្រូវបានធានាការថែទាំនៅក្នុងមជ្ឈមណ្ឌល និងគំនិតផ្តួចផ្តើមអភិរក្ស សម្រាប់ប្រភេទសត្វនេះ៕ 

រូបភាព៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង