Yearendyearend1140x150

ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍«ផ្សព្វផ្សាយនិងចែកកូនឈើ»ចាប់ពីថ្ងៃទី១០កក្កដា ខាងមុខនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមប្រធានបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅមុខទីស្តីការក្រសួងបរិស្ថាន សម្រាប់ការដាក់តាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។ នេះបើតាមប្រសាសន៍លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

នាឱកាសនេះ លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ បានបណ្តុះកូនឈើគ្រប់ប្រភេទ ត្រៀមចែកដល់ប្រជាពលរដ្ឋយកទៅដាំ បានចំនួនជាង១លានដើម រួចហើយ ដោយឡែកលោកផ្ទាល់ ក៏នឹងផ្តល់ជូនកូនត្នោតចំនួន ជាង៣០ម៉ឺនដើមបន្ថែមទៀត សម្រាប់យុទ្ធនាការបៃតងកម្ពុជា ដែលកំណត់យកការដាំកូនឈើយ៉ាងតិច១លានដើម ចាប់ពីឆ្នាំ២០២៤។

ជាមួយគ្នានោះ លោក អ៊ាង សុផល្លែត ក៏បានជំរុញការដំាស្តារព្រៃឈើក្នុងតំបន់រេចរិល នៃតំបន់ការពារធម្មជាតិ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្ស ឱ្យបន្តខិតខំអនុវត្ត ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត នូវរាល់តួនាទីភារកិច្ចរបស់ខ្លួន ការទទួលខុសត្រូវ និងភាពច្នៃប្រឌិត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ជាអាទិ៍៖ ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងប្រជាសហគន៍នៅមូលដ្ឋានទាំងអស់ សម្រាប់ការអនុវត្តសកម្មភាពវិស័យបរិស្ថាន យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ពិសេសការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ឱ្យសម្រេចបានជោគជ័យ។

សូមបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះ គឺដើម្បីឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់គឺស្អាត បៃតង និងចីរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជាឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង