Yearendyearend1140x150

រូបសំណាក«សេះសមុទ្រ»បាញ់ទឹកក្នុងខេត្តកំពត កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពត៖ រូបសំណាក «សេះសមុទ្រ»បាញ់ទឹក ក្នុងខេត្តកំពត មានកម្ពស់ ៨ម៉ែត្រ ស្ថិតនៅមុខសាលាខេត្តចាស់ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន។ រូបសំណាកនេះ នឹងសាងសង់ឱ្យរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីបង្កើនសោភណ្ឌភាព ក៏ដូចជាទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តខេត្តកំពតកាន់តែច្រើន។

ក្រៅពីរូបសំណាកសេះសមុទ្របាញ់ទឹក ដែលមានកម្ពស់ ៨ម៉ែត្រនេះ រដ្ឋបាលខេត្តកំពតក៏រៀបចំ ពង្រីកសួនកម្សាន្ត កន្លែងហាត់ប្រាណ កន្លែងមើលថ្ងៃលិច ហើយចំពោះហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ គឺក្រុម ជាង កំពុងតែពន្លឿនការរៀបចំ និង សាងសង់ឱ្យបានរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្តលេងនាឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

បច្ចុប្បន្ន រូបសំណាកសេះសមុទ្របាញ់ទឹក កំពុងទទួលបានចាប់អារម្មណ៍ជាខ្លាំងពីប្រជាជនកម្ពុជា និង បានកោតសរសើរពីគំនិតច្នៃប្រឌិតរបស់អាជ្ញាធរខេត្ត ក្នុងការរៀបចំតំបន់ ដើម្បីទាក់ទាញអ្នកទេសចរជាតិ និង អន្តរជាតិមកលេងកម្សាន្តក្នុងខេត្តកំពត។

ក្រៅពីនេះ អាជ្ញាធរខេត្តកំពត បានរៀបចំគម្រោងអភិវឌ្ឍន៍នៅតាមតំបន់ព្រែកកំពង់បាយជាច្រើនកន្លែង ទាំងត្រើយខាងកើត និងត្រើយខាងលិច ឱ្យមានសោភណ្ឌភាពស្រស់ស្អាត សក្តិសមជាទីក្រុងដែលទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន អមជាមួយ សួនកម្សាន្ត កន្លែងហាត់ប្រាណ កន្លែងមើលថ្ងៃលិច និងរូបសំណាកសេះសមុទ្រជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង