Yearendyearend1140x150

គម្រោងវិនិយោគ«ទេសចរណ៍»១៣កន្លែងនៅខេត្តពោធិ៍សាត់ត្រូវបានពិនិត្យឡើងវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានចុះពិនិត្យ និងវាយតម្លៃ លើគម្រោងវិនិយោគទេសចរណ៍ចំនួន ១៣កន្លែង ត្រង់ចំណុចភ្នំ១៥០០ និងក្នុងតំបន់ស្នូល នៃតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្នុងខេត្តពៅធិ៍សាត់។ ការចុះត្រួតពិនិត្យនេះ ក្នុងករណីរកឃើញថា គម្រោងវិនិយោគទេសចរណ៍ មិនគោរពច្បាប់និងធនធានធម្មជាតិ នោះក្រសួងនឹងដកហូតមកវិញ និងធ្វើការដាំស្តារព្រៃឈើឡើងវិញ លើគម្រោងវិនិយោគណា ដែលត្រូវបានពិនិត្យនិងវាយតម្លៃឃើញថា គម្រោងមិនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

លោក អ៊ាង សុផល្លែត បានចុះពិនិត្យនិងវាយតម្លៃគម្រោងវិនិយោគ១៣កន្លែង ត្រង់ចំណុចភ្នំ១៥០០ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងនោះ មានគម្រោងចំនួន៣ ស្ថិតនៅក្នុងតំបន់ស្នូល នៃតំបន់ការពារធម្មជាតិ ដែលទី១មានផ្ទៃដីទំហំ ៩,៨៦ហិកតា ,ទី២ ផ្ទៃដី៩,៦៧ ហិកតា និង ទី៣មានផ្ទៃដី ៨,៦៧ ហិកតា។ គម្រោង២កន្លែងទៀត នៅជាប់តំបន់ស្នូល មានដីទំហំ ៨,៦២ ហិចតា និង ៧,០៧៩ ហិចតា។ គម្រោងចំនួន ៨ទៀតនៅតំបន់ទឹកធ្លាក់ ក្រពើពីរ ដែលមានផ្ទៃដីប្រមាណជាង៦០ហិកតា។

ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការចុះត្រួតពិនិត្យនិងវាយតម្លៃ លើការគោរពច្បាប់និងធនធានធម្មជាតិ ចំពោះគម្រោងវិនិយោគទេសចរណ៍នានា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ។ ក្រសួងនឹងដកហូតមកវិញ និងធ្វើការដាំស្តារព្រៃឈើឡើងវិញ លើគម្រោងវិនិយោគណា ដែលត្រូវបានពិនិត្យនិងវាយតម្លៃឃើញថា គម្រោងមិនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងទុកចោល មិនបានដំណើរការអភិវឌ្ឍជាច្រើនឆ្នាំកន្លងមក ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានផ្តោតលើមុំចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ដើម្បីទទួលបានភាពបៃតងរបស់កម្ពុជា គឺយើងត្រូវរួមចំណែក ធ្វើយ៉ាងណាដាំដុះដើមឈើ ឱ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចបានការបង្កើនគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចគោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធានាការ ដាំដើមឈើយ៉ាងតិចចំនួន ១លាន ដើមក្នុង១ឆ្នាំ ដោយពលរដ្ឋ អាចទទួលបានកូនឈើយកទៅដាំ ដោយឥតគិតថ្លៃពីក្រសួងបរិស្ថាន ដើម្បីយកទៅដាំស្តារព្រៃ ដាំនៅតាមសហគមន៍ លំនៅឋាន សាលារៀន វត្តអារាមជាដើម ចាប់ពីរដូវវស្សា ឆ្នាំ២០២៤នេះតទៅ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង