Yearendyearend1140x150

លោក វ៉េង សិរីវុឌ្ឍ ផ្តាំយុវជនកុំឱ្យទូរស័ព្ទ «បង្វិលបានគ្រប់រឿង» តែគួរចំណាយពេលឱ្យមានប្រយោជន៍

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក វ៉េង សិរីវុឌ្ឍ ផ្តាំយុវជនកុំឱ្យទូរស័ព្ទ «បង្វិលបានគ្រប់រឿង» តែគួរចំណាយពេលឱ្យមានប្រយោជន៍ ជាពិសេស ត្រូវស្តាប់បេះដូងខ្លួនឯង សួរខ្លួនឯងជាអ្នកណា ចង់បានអ្វី សម្រេចអ្វីក្នុងជីវិត និងតស៊ូបន្តទៀតដើម្បីសម្រេចក្តីស្រមៃជាជាងការចំណាយពេលធ្វើរឿងណាមួយដែលមិនមានប្រយោជន៍សម្រាប់គោលដៅរបស់ខ្លួន។

បើតាមបទសម្ភាសន៍រវាងស៊ីស៊ីថាមស៍ និង លោក វ៉េង សិរីវុឌ្ឍ បានឱ្យដឹងថាលោកជាអ្នកអប់រំក្នុងថ្នាក់ឧត្តមសិក្សាមួយរូប ព្រមទាំងជាអ្នកនិពន្ធសៀវភៅ គ្មាននរណាកើតមកក្រទេ បានឱ្យដឹងថា លោក បានតស៊ូរាប់ឆ្នាំពីអ្នកធាក់ស៊ីក្លូម្នាក់កាលនៅវ័យកុមារ រហូតបានទៅសិក្សានៅក្រៅប្រទេស និងវិលមកមាតុប្រទេសរបស់ខ្លួនធ្វើឡើងជាច្រើនដើម្បីយុវជនជំនាន់ក្រោយ។

លោក សិរីវុឌ្ឍតែងចូលរួមកម្មវិធីសិក្ខាសាលា និងចែករំលែកបទពិសោធន៍ទៅកាន់យុវជនជាច្រើនពីបទពិសោធន៍ជីវិតរបស់ខ្លួន ហើយកាលពីថ្មីៗនេះ លោកក៏បានផ្តល់បទសម្ភាសន៍មកកាន់ស៊ីស៊ីថាមស៍ ដើម្បីលើកទឹកចិត្តយុវជនផងដែរ។ នៅក្នុងបទសម្ភាសលោកក៏បានចែករំលែកពីប្រវត្តិនៃជីវិតរបស់លោកជាច្រើន ដែលបង្កប់ដោយការតស៊ូក្នុងជីវិត តែលោកមិនដែលចាត់ទុកថាភាពលំបាករបស់លោកជាបញ្ហានោះឡើយ ផ្ទុយទៅវិញ លោកចាត់ទុកវាជារសជាតិជីវិតដែលលោកត្រូវសាកភ្លក់ដែលមានទាំង ផ្អែម ល្វីង ជូរចត់ ជាដើម។

ដោយសារតែការសម្លឹងឃើញឱកាសក្នុងពេលជួបនឹងរសជាតិជីវិតជាច្រើននេះហើយ ទើបធ្វើឱ្យលោកបានសម្រេចក្តីស្រមៃក្នុងជីវិតជាច្រើនដូចជាបានផ្តើមពីការលួចរៀននៅក្រៅថ្នាក់រៀន រហូតបានសិក្សានៅសាកលវិទ្យាល័យដ៏ល្បីល្បាញនៅក្រៅប្រទេស ព្រមទាំងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនយោបាយផងដែរ។

លោកបានសង្កត់អត្ថន័យធ្ងន់ថា បើតាមអ្វីដែលលោកបានសង្កេតឃើញបច្ចុប្បន្ន យុវជនមានការចំណាយពេលវេលាច្រើនលើទូរស័ព្ទ ដែលពេលខ្លះមិនអាចគ្រប់គ្រងអារម្មណ៍ និងស្មារតីខ្លួនឯងបានរហូតដល់ឱ្យប្រព័ន្ធទាំងនោះអាចបង្វិលការគិតរបស់យុវជនជាច្រើនជាពិសេស បញ្ហាសង្គម និងរឿងអវិជ្ជមានមួយចំនួន។ អាស្រ័យហេតុនេះហើយ លោកលើកទឹកចិត្តឱ្យយុវជនគ្រប់រូបចំណាយពេលរបស់ខ្លួនឱ្យមានតម្លៃដោយ ស្តាប់សម្លេងបេះដូងរបស់ខ្លួនថាខ្លួនជាអ្នកណា ចង់សម្រេចគោលដៅអ្វី ហើយគួរធ្វើសកម្មភាពបែបណាខ្លះដើម្បីអាចអភិវឌ្ឍខ្លួន ជាពិសេសត្រូវរក្សាស្មារតីអោយនឹងដោយបញ្ញា កុំបណ្តោយអោយប្រព័ន្ធសង្គមអាចមករំខានខ្លួនទៅកាន់ការសម្រេចគោលដៅបាន។

គួរបញ្ជាក់ផងដែរថា លោក វ៉េង សិរីវុឌ្ឍ ជាអតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ហើយបច្ចុប្បន្នជាអ្នកនិពន្ធសៀវភៅដ៏ល្បីមួយរូបក្នុងសំណាក់យុវជន ដែលមានចំណងជើងថា «គ្មាននរណាកើតមកក្រ» និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យបញ្ញាសាស្ត្រផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង