Yearendyearend1140x150

ទូតខ្មែរនៅកូរ៉េខាងត្បូងស្នើឱ្យពលរដ្ឋដែលរស់នៅកូរ៉េប្រុងប្រយ័ត្ននឹងវីរុសCOVID-19

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ឡុង ឌីម៉ុង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង។ 

កូរ៉េ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េត្បូង បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការងារ និងរស់នៅក្នុងប្រទេសកូរ៉េ ត្រូវមានការប្រុងប្រយ័ត្នចំពោះវីរុសកូរ៉ូណា (COVID-19)។ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូងកំពុងផ្ទុះខ្លាំងនៅវីរុសកូរ៉ូណា (COVID-19) ហើយកូរ៉េខាងត្បូងបានក្លាយជាប្រទេសឆ្លង COVID-19 ច្រើនបន្ទាប់ពីចិន។

លោក ឡុង ឌីម៉ង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការរស់នៅក្នុងប្រទេសកូរ៉េ ត្រូវមានការប្រុងប្រយ័ត្នចំពោះវីរុសកូរ៉ូណា (COVID-19)។លោកថា ប្រសិនជាពុំមានការចាំបាច់ សូមពលករកុំធ្វើដំណើរទៅកាន់តំបន់ផ្ទុះវីរុស ឬធ្វើដំណើរដើរក្នុងទីប្រជុំជនដែលមានមនុស្សច្រើន ដើម្បីបង្ការការឆ្លងជំងឺ។

លោក ឡុង ឌីម៉ង បានណែនាំឱ្យពលករត្រូវពាក់ម៉ាស់ការពាររាល់ពេលធ្វើដំណើរតាមទីសាធារណៈ និង ឧស្សាហ៍លាងសំអាតដៃជាមួយសាប៊ូ និងទឹកអនាម័យសម្លាប់មេរោគ។ ប្រសិនបើមានករណីសង្ស័យត្រូវធ្វើការទាក់ទងឱ្យទាន់ពេលវេលាទៅកាន់មជ្ឈមណ្ឌលសម្រាប់ការទប់ស្កាត់ និង គ្រប់គ្រងជំងឺឆ្លងរបស់កូរ៉េ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២២ ខែកុម្ភៈ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង រកឃើញករណីជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស (COVID-19) ចំនួន៣៤៦នាក់ហើយ។ចំនួននេះ បានធ្វើឱ្យកូរ៉េខាងត្បូង ក្លាយជាប្រទេសឆ្លង COVID-19 ច្រើនបំផុតបន្ទាប់ពីចិន។ហើយកាលពីយប់ថ្ងៃទី២១ កុម្ភៈ មានជនជាតិកូរ៉េម្នាក់បានស្លាប់ដោយសារកូរ៉ូណា។

យ៉ាងណាក៏ដោយ គិតត្រឹមម៉ោងនេះមិនមានពលរដ្ឋខ្មែរណាឆ្លងមេរោគកូរ៉ូណា នៅប្រទេសកូរ៉េខាងត្បូងនោះទេ។នេះបើតាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង។លោកបានបន្ថែមថា បច្ចុប្បន្នពលរដ្ឋខ្មែរនៅកូរ៉េ ទាំងពលករ និងអ្នកមានគ្រួសារមានសុខភាពល្អ និង ធ្វើការធម្មតា ស្ថានទូតកំពុងធ្វើការយ៉ាងសកម្មជាមួយសមាគមនខ្មែរនៅកូរ៉េ ដើម្បីតាមដានការវិវត្តវីរុសកូរ៉ូណាផងដែរ។

បើតាមឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េត្បូងរូបនេះ បានបញ្ជាក់ថា តំបន់ដែលផ្ទុះវីរុសកូរ៉ូណាខ្លាំងជាងគេនៅកូរ៉េ គឺតំបន់ទេហ្គូន ហើយនៅក្នុងតំបន់នោះមានប្រជាពលរដ្ឋខ្មែរធ្វើការ និងរស់នៅប្រហែល៨រយនាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង