Cct850x100 1

ក្រសួងអប់រំសម្រេចបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ នៅថ្ងៃទី០៧ ខែកញ្ញា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោករស់ សុវាចា  អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា 


ភ្នំពេញ៖ ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ នឹងចាប់ផ្តើម ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ចំណែកឆ្នាំសិក្សាថ្មីនឹងបើកនៅឆ្នាំ២០២១តទៅ។ នេះបើតាមប្រសាសន៍របស់លោករស់ សុវាចា ថ្ងៃ២៧ សីហា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោករស់ សុវាចា បានឱ្យដឹងថា ក្រសួងនឹងសម្រេចបើកគ្រឹះស្ថានអប់រំជាដំណាក់កាលទី២ ក្នុងខែកកញ្ញា ខាងមុខនេះ។

លោកបន្ថែមថា ការបើកជាដំណាក់កាលទី២ នេះគឺមានគ្រឹះស្ថានសិក្សាសាធារណ:ខ្លះ និងគ្រឹះស្ថានសិក្សាឯកជនខ្លះ ដោយត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា។

ទន្ទឹមនឹងនេះ គ្រឹះស្ថានទាំងនោះត្រូវអនុវត្តន៍ការបង្រៀន ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ (រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ អមដោយសន្លឹកកិច្ចការជំនួយខ្លះ និងសៀវភៅសិក្សាគោលខ្លះតាមតម្រូវការជាក់ស្តែង) និងត្រូវអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ដំណើការសាលារៀនឡើងវិញក្នងបរិបទកូវីដ-១៩ ចុះថ្ងៃទី០៤ សីហា ឆ្នាំ២០២០។

លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំសិក្សា២០២០-២០២១ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១តទៅ។

សូមជម្រាបជូនថា ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចផ្អាកដំណើរការសាលារៀនទាំងអស់នៅកម្ពុជា ចាប់តាំងពីថ្ងៃទី១៦ខែមីនា ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។ នៅក្នុងពេលបិទសាលារៀនកន្លងមកនេះ ក្រសួងអប់រំបានដាក់ចេញនូវយន្តការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអនឡាញជាច្រើនទម្រង់សម្រាប់សិស្សនិស្សិតផងដែរ៕

ពាក្យទាក់ទង: ក្រសួងអប់រំ
Khcct banner

អត្ថបទទាក់ទង