Yearendyearend1140x150

លោកស្រី រ៉ូណា ស្មីត បារម្ភការរឹតត្បិតសេរីភាពនៅកម្ពុជា តែមិនគាំទ្រការបញ្ចេញមតិបំពានច្បាប់

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធាន គ.ស.ម.ក

ភ្នំពេញ៖ លោកស្រី រ៉ូណា ស្មីត មានការបារម្ភការរឹតត្បិតសេរីភាពបញ្ចេញមតិ និងការជួបជុំតវ៉ានៅកម្ពុជា តែលោកស្រីមិនគាំទ្រមិនគាំទ្រនូវការជួបជុំបញ្ចេញមតិដែលបំពានច្បាប់ឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក) ស្តីពីលទ្ធផលនៃកិច្ចជំនួបជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធាន គ.ស.ម.ក ដោយមានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន និងក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកផ្តល់នូវព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ទៅតាមប្រធានបទនានាដែលលោកស្រីបានលើកឡើង។

យោងតាមសេចក្តីប្រកាស លោកស្រី រ៉ូណា ស្មីត មានការព្រួយបារម្ភពីការរឹតត្បិតសេរីភាពបញ្ចេញមតិ និងការជួបជុំតវ៉ានៅកម្ពុជា តែលោកស្រីមិនគាំទ្រមិនគាំទ្រនូវការជួបជុំបញ្ចេញមតិដែលបំពានច្បាប់ បំពានសិទ្ធិសេរីភាពអ្នកដទៃ បង្កឱ្យមានការរើសអើងពូចសាសន៍ អំពើហិង្សា និងភាពចលាចលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។

បន្ថែមពីនេះ លោកស្រីក៏មានការព្រួយបារម្ភពីការកើនឡើងនៃការឃុំខ្លួនបណ្តោះអាសន្ន និងភាពចង្អៀតណែនក្នុងពន្ធនាគារស្របពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។

ប៉ុន្តែទន្ទឹមនឹងនេះ លោកស្រីក៏បានឆ្លើយតប ដោយបានវាយតម្លៃខ្ពស់ជាវិជ្ជមាន និងកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបង្ហាញដោយ គ.ស.ម.ក និងអន្តរក្រសួងទៅលើប្រធានបទនីមួយៗ ហើយនឹងលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងជាមួយនឹងលទ្ធផលវិជ្ជមាននេះជាបន្តទៀត។

ដូចនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក) និងអន្តរក្រសួងនឹងធ្វើការពិចារណាលើកង្វល់និងអនុសាសន៍របស់លោកស្រី ហើយនិងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាទៀត ដើម្បីធ្វើឱ្យសិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង