Yearendyearend1140x150

កម្ពុជា-ជប៉ុនសម្រេចរួមគ្នាបើកឱ្យដំណើរការ«ជើងហោះហើរ»ឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ថ្ងៃទី ២២ សីហា ឆ្នាំ២០២០។

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២២ សីហានេះ អញ្ជើញជួប លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ដើម្បីពិភាក្សាការងារមួយចំនួននៅវិមានសន្តិភាព។

ក្នុងជំនួបនោះលោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន បានស្នើដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន អនុញ្ញាត្តបើកជើងហោះហើរឡើងវិញ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ធុរកិច្ច។

ជាការឆ្លើយតបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រចំពោះសំណើភាគខាងភាគីជប៉ុនដែលស្នើឲ្យមានការបើកឡើងវិញនៃជើងហោះហើរនៃប្រទេសទាំងពីរ។សម្រាប់សម្ដេចហ៊ុន សែន ការអនុញ្ញាតឲ្យបើកជើងហោះហើរឡើងវិញនៃប្រទេសទាំងពីរនេះ គឺអាចនាំមកនូវការពង្រីកនៃទំនាក់ទំនងនៃប្រទេសទាំងពីរ និងជំរុញដល់ដំណើរការសេដ្ឋកិច្ច និង ជំរុញដំណើរការវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម។

តែយ៉ាងណា ការអនុញ្ញាតឲ្យមានការបើកជើងហោះហើរឡើងវិញនេះ ខាងភាគីកម្ពុជាក៏បានស្នើឱ្យខាងភាគជប៉ុនអនុញ្ញាតឱ្យក្រុមហ៊ុន អាណា អាចហោះហើរឡើងវិញ ដោយសម្ដេចយល់ថា ការអនុញ្ញាតឲ្យក្រុមហ៊ុនអាណាអាចហោះហើរឡើងវិញ គឺអាចនាំឲ្យការហោះហើរនៃប្រទេសទាំងពីរដំណើរការឡើងវិញ ដោយមានវិធានការការពារនូវជំងឺកូវីដ-១៩ ហើយសម្តេចរំពឹកថា ការបើកដំណើរការឡើងវិញនេះអាចនឹងធ្វើឲ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងផងដែរ។

កម្ពុជា- ជប៉ុនមានទំហំពាណិជ្ជកម្មប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន១,២ ពាន់លានដុល្លារហើយជប៉ុននាំចូលមកកម្ពុជាវិញ០,៨ ពាន់លានដុល្លារ ។ ដោយឡែកនៅក្នុងឆ្នាំ២០២០ នេះ រយៈពេល៩ខែ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណ៨០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាប្រមាណ៣០០លានដុល្លារ។

គួរបញ្ជាក់ថា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅកម្ពុជា ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេសដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា។

ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជាពេលនេះ គឺជួយពង្រឹងនិងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងកម្ពុជា និងជប៉ុននៅលើគ្រប់វិស័យទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី។ដំណើរទស្សនកិច្ចនេះ ក៏ជាការបង្ហាញនូវសាមគ្គីភាពមិតត្តភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង