Yearendyearend1140x150

វៀតណាម២នាក់«រត់ចេញពីមណ្ឌលចត្តាឡីស័ក»ខេត្តកំពង់ឆ្នាំង តែក្រសួងអាចគ្រប់គ្រងបាន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវវេជ្ជបណ្ណិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា 

កំពង់ឆ្នាំង៖មានករណីជនជាតិវៀតណាមដែលជាស្ត្រីអាយុ ៣៧ឆ្នាំ និងកូនប្រុសអាយុ ១៣ឆ្នាំ បានលួចចេញពីការធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេចមកខេត្តកំពង់ឆ្នាំង ។ស្ត្រីជនជាតិវៀតណាមរូបនេះ ជាអ្នករស់នៅនៅភូមិប្រាសាទ(ភូមិថ្មី) ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចាកចេញពីកម្ពុជា មុនពេលចូលឆ្នាំខ្មែរ ទៅរស់នៅទល់ដែន កម្ពុជា-វៀតណាម ឌិញបា(តាមគាត់ប្រាប់) ហើយដោយសារមិនអាចរកស៊ីបាននៅទីនោះ គេក៏បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។

លោកជំទាវវេជ្ជបណ្ណិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា នៅវេលាម៉ោងប្រហែល ជា ០៥ព្រឹក ពេលចូលដល់កម្ពុជា គាត់និងកូនគាត់ ត្រូវបានក្រុមការងារនៅមាត់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ធ្វើការត្រួតពិនិត្យសុខភាព ដែលមិនមានរោគសញ្ញា ឫបញ្ហាសុខភាពណាមួយ ដែលគួរឲ្យកត់សម្គាល់នោះឡើយ ។ ដោយអនុវត្តវិធានការសុខាភិបាល ក្រុមគ្រូពេទ្យ បានដឹកស្ត្រី និងកូននេះ តាមរថយន្តពេទ្យ មកធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេចនៃខេត្តព្រៃវែង ។

នៅម៉ោងប្រហែលជា ០០:៣០នាទី នៃថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យបានទៅពិនិត្យមើលស្ថានភាពរបស់គាត់ឃើញមានសភាពធម្មតា ហើយនៅម៉ោង ០៥:៣០នាទីព្រឹក ក្រុមគ្រូពេទ្យបានទៅពិនិត្យម្តងទៀត តែមិនឃើញស្ត្រី រូបនេះ និងកូនគាត់នៅក្នុងបន្ទប់ឡើយ។ដូច្នេះ ស្រ្តីជនជាតិវៀតណាមរូបនេះ បានសម្រេចចិត្តនាំកូនចាកចេញពីមន្ទីរពេទ្យនេះ តាំងពីមុនម៉ោង ០៥:៣០ព្រឹកនៃថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ដោយមិនប្រាប់ក្រុមគ្រូពេទ្យយាមប្រចាំការនៅក្នុងមន្ទីរពេទ្យនេះទេ។នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងសុខាភិបាល។

តាមរបាយការណ៌របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលទទួលបាននៅវេលាម៉ោង១៨:០០នាទីនៃថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញថា ស្ត្រី និងកូនប្រុសខាងលើបានចាកចេញពីមន្ទីរពេទ្យព្រះស្តេចនៃខេត្តព្រៃវែង នៅវេលាម៉ោងប្រហែលជាជិត ០៥ព្រឹកនៃថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ រួចបានឡើងឡានក្រុង មករាជធានីភ្នំពេញ និងប្រហែលជាម៉ោងជាង ០៨ព្រឹក បានបន្តដំណើរដោយរថយន្តឈ្នួល មកខេត្តកំពង់ឆ្នាំង មកដល់ក្បាលថ្នល់សែបម៉ោងប្រហែលជាង ១០ព្រឹកនៃថ្ងៃដដែល និងបានបន្តទៅភូមិប្រាសាទដែលជាទីកន្លែងដែលគាត់រស់នៅដោយម៉ូតូឌុប។

តែយ៉ាងណា ស្ត្រីរូបនេះក៏បានអះអាងថា នៅផ្ទះរបស់គាត់ៗមិនបានជួបជាមួយបងប្អូនគាត់ទេ ដោយរូបគាត់និងកូនប្រុស ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកកំពង់ត្រឡាចនៃខេត្តកំពង់ឆ្នាំង ដឹកមកដល់មណ្ឌលចត្តាឡីស័កកំរិត២សាលាគំរូក្រុង ប្រហែលម៉ោង ១៧:៣០នាទី នៃថ្ងៃដដែល ។ ក្រុមការងារបានពិនិត្យកំដៅគាត់ និងកូនធម្មតា គ្មានសញ្ញាក្អក ឈឺ ក ឫ ហត់ ដែលគួរឲ្យចាប់អារម្មហ៌នោះឡើយ។

ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានអប់រំ និង ណែនាំពន្យល់ស្ត្រីរូបនេះ ក្នុងការអនុវត្តធ្វើចត្តាឡិស័កឲ្យគ្រប់ចំនួន ១៤ថ្ងៃ ដោយរាប់សារឡើងវិញ និងដោយមានការសន្យាថាមិនរត់ទៀតទេ។ ក្រុមការងារ និងបន្តការអនុវត្តច្បាប់ដែលមានជាធរមានចំពោះបុគ្គលដែលមិនគោរពតាមវិធានការចត្តាឡីស័កនេះ។

សូមបញ្ជាក់ថា លទ្ធផលតេស្តលើកទី១ របស់ជនជាតិវៀតណាមទាំងពីរនាក់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ គឺ អវិជ្ជមានវីរុសកូវីដ-១៩ តែក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងបន្តតាមដានសុខភាពគាត់ និងកូនគាត់ដោយយកចិត្តទុកដាក់បំផុត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង