Yearendyearend1140x150

បងប្អូនស្រីវ័យចំណាស់ពីរនាក់បានជុំគ្នាឡើងវិញ ក្រោយបែកគ្នាក្នុងសម័យខ្មែរក្រហមអស់៤៧ឆ្នាំ

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកយាយ ប៊ុន សែន (ខាងស្តាំ) និង បងស្រីរបស់គាត់ លោកយាយ ប៊ុន ជានៅរាជធានីភ្នំពេញ ខែកុម្ភៈ ឆ្នាំ ២០២០

ភ្នំពេញ៖ បងប្អូនស្រីដែលបានបែកគ្នាជាយូរមកហើយ ពួកគាត់មានអាយុ ១០១ និង ៩៨ ឆ្នាំ ដែលម្នាក់ៗជឿថា ម្នាក់ទៀតបានស្លាប់ក្នុងរបបខ្មែរក្រហម ត្រូវបានរៀបចំអោយជួបជុំគ្នាឡើយវិញប ន្ទាប់ពី ៤៧ ឆ្នាំក្រោយ តាមរយៈអង្គការមូលនិធិកុមារកម្ពុជា(ស៊ីស៊ីអេហ្វ) ។

លោកយាយ ប៊ុន សែន មានអាយុ ៩៨ ឆ្នាំ បានឱបបងស្រីរបស់គាត់ឈ្មោះលោកយាយ ប៊ុន ជា ដែលមានអាយុ ១០១ ឆ្នាំ ជាលើកដំបូងបន្ទាប់ពីបានបែកគ្នាអស់ជាច្រើនទសវត្សរ៍ ក្រោយពីបានធ្វើដំណើរពីផ្ទះរបស់គាត់នៅស្ទឹងមានជ័យ រាជធានីភ្នំពេញ ទៅដល់កំពង់ចាមដែលជាស្រុកកំណើតបងស្រីគាត់។

លោកយាយ ប៊ុន សែន ដែលត្រូវមើលថែដោយស៊ីស៊ីអេហ្វក្នុងកម្មវិធីចាស់ជរា គាត់បានចាកចេញពីភូមិកំណើតរបស់គាត់ចាប់តាំងឆ្នាំ១៩៧៣ ហើយគាត់មិនដែលបានវិលត្រឡប់ទៅវិញទេបន្ទាប់ពីត្រូវបានផ្លាស់ទីលំនៅដោយរបបខ្មែរក្រហម។

អ្នកទាំងពីរបានរួចផុតពីរបបនោះ ប៉ុន្តែម្នាក់ៗជឿថាម្នាក់ទៀតបានស្លាប់ហើយ។ ស្វាមីរបស់លោកយាយ ប៊ុន សែន បានស្លាប់នៅរបបខ្មែរក្រហម ហើយទីបំផុតគាត់ក៏បានមករស់នៅក្នុងសហគមន៍ស្ទឹងមានជ័យដែលជាតំបន់គំនរសំរាមចាស់។ គាត់គឺជាលោកយាយដំបូងគេ ដែលបានចូលរួមកម្មវិធីចាស់ជរានៅស៊ីស៊ីអេហ្វ។

នៅពេលនោះ គាត់នៅតែបន្តររកប្រាក់ចិញ្ចឹមជីវិតដោយដើររើសសំរាមតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។គាត់បានមើលថែទាំកុមារជាច្រើននាក់ដែលត្រូវបានបោះបង់ចោលលើគំនរសំរាម ហើយបាននាំលោក ស្កុត នីសាន់ ដែលជាស្ថាបនិក និង នាយកប្រតិបត្តិរបស់ស៊ីស៊ីអេហ្វ អោយស្គាល់កុមារនិងគ្រួសារងាយរងគ្រោះ ដែលត្រូវការជំនួយ។ រួមបញ្ចូលទាំងកុមារស៊ីស៊ីអេហ្វដំបូងគេបំផុត ដែលមានឈ្មោះ ស្រីនិច ដែលពេលនេះគាត់បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហើយ។ស៊ីស៊ីអេហ្វនៅតែបន្តរឧបត្ថម្ភលោកយាយ ប៊ុន សែន ជាមួយនឹងប្រាក់ឧបត្ថម្ភ អាហារ និង លំនៅដ្ឋាន។

កន្លងមកលោកយាយ ប៊ុន សែន តែងជឿថាបងប្អូនបង្កើតរបស់គាត់បានស្លាប់ក្នុងរបបខ្មែរក្រហម។ គាត់តែងតែនិយាយអំពីភូមិកំណើតរបស់គាត់ដែលនៅក្នុងខេត្តកំពង់ចាម និង បំណងប្រាថ្នារបស់គាត់ដែលចង់វិលទៅស្រុកកំណើតនៅថ្ងៃណាមួយ។ ដោយសារគាត់មិនអាចដើរបាន និងត្រូវប្រើរទេះរុញ វាពិបាក សម្រាប់គាត់ក្នុងការធ្វើដំណើរទៅទីនោះ។

លោក ហូយ ឡាងហ័ន ដែលជាប្រធានគ្រប់គ្រងផ្នែកសហគមន៍របស់ស៊ីស៊ីអេហ្វ បានអនុញ្ញាតិអោយរៀបចំដំណើរទៅលេងស្រុក ហើយក៏បានរកឃើញថាគ្រួសាររបស់យាយ ប៊ុន សែន ខ្លះនៅមានជីវិត ហើយកំពុងរស់នៅក្នុងភូមិដដែល។

កាលពីសប្តាហ៍មុន ស៊ីស៊ីអេហ្វបាននាំលោកយាយ ប៊ុន សែន ទៅខេត្តកំពង់ចាមហើយគាត់មានអារម្មណ៍ក្តុកក្តួលដែលបានជួបជុំជាមួយបងស្រីគាត់ ប៊ុន ជា និងប្អូនប្រុសអាយុ ៩២ ឆ្នាំរបស់គាត់។ សប្តាហ៍នេះស៊ីស៊ីអេហ្វបានរៀបចំអោយលោយយាយ ប៊ុន ជា មកលេងប្អូនស្រីរបស់គាត់នៅស្ទឹងមានជ័យវិញម្តង។ ពួកគាត់ក៏បានដើរកម្សាន្តក្នុងទីក្រុង តាមមាត់ទន្លេក្នុងរាជធានីភ្នំពេញមុខព្រះបរមរាជវាំង ព្រះអង្គដងកើ និង ចេតិយរបស់ព្រះនរោត្តមសីហនុ។

លោកយាយ ប៊ុន សែន បានមានប្រសាស៏ថា៖ “ខ្ញុំបានចាកចេញពីភូមិកំណើតរបស់ខ្ញុំជាយូរណាស់មកហើយ មិនដែលបានត្រលប់ទៅវិញទេ។ ខ្ញុំតែងតែគិតថាបងស្រី និង ប្អូនប្រុសរបស់ខ្ញុំបានស្លាប់បាត់ទៅហើយ។

“ការដែលបានអោបបងស្រីរបស់ខ្ញុំ គឺពិតជាមានអត្តន័យខ្លាំងណាស់។ ហើយក៏ជាលើកទី១ដែរ ដែលប្អូនប្រុសរបស់ខ្ញុំកាន់ដៃខ្ញុំ។ ខ្ញុំក៏ចាប់ផ្ដើមយំ។”

លោកយាយ ប៊ុន សែន មានកូន ៨ នាក់ ហើយកូនស្រី ៤ នាក់របស់គាត់នៅរស់។ លោកយាយ ប៊ុន ជា ដែលប្តីរបស់គាត់ក៏ត្រូវបានសម្លាប់ដោយរបបខ្មែរក្រហមដែរ ជាស្ដ្រីមេម៉ាយ មានកូន ១២នាក់ គាត់បាននិយាយថាគាត់ក៏ជឿថាប្អូនស្រីរបស់គាត់បានស្លាប់បាត់ហើយដែរ។

លោកយាយជាបានមានប្រសាសន៍បន្តរទៀតថា “យើងមានសាច់ញាតិ ១៣នាក់ ត្រូវបានសម្លាប់ដោយរបបប៉ុលពត ហើយយើងបានគិតថាគាត់(ប៊ុនសែន)ក៏ជាជនរងគ្រោះម្នាក់ដែលត្រូវបានសំលាប់ផងដែរ។ វាមានរយៈពេលយូរណាស់មកហើយ។ យើងបាននិយាយអំពីគាត់ជារឿយៗ ហើយខ្ញុំមិនដែលគិតថាយើងនឹងបានជួបគាត់ម្តងទៀតនោះទេ។

លោកយាយ ប៊ុន សែន បានបន្ថែមទៀតថា “បើគ្មានស៊ីស៊ីអេហ្វ ខ្ញុំនឹងមិនមានឱកាសបានរកឃើញបងស្រីរបស់ខ្ញុំទេ។ ខ្ញុំពិតជារីករាយខ្លាំងណាស់។”

លោក ហូយ ឡាងហ័ន ដែលជាប្រធានគ្រប់គ្រងផ្នែកសហគមន៍របស់ស៊ីស៊ីអេហ្វ មានប្រសាសន៍ថា “យើងពិតជារីករាយណាស់ដែលបានរៀបចំអោយលោកយាយ ប៊ុន សែន បានជួបជុំជាមួយក្រុមគ្រួសាររបស់គាត់វិញ។ គាត់នឹកបងស្រីរបស់គាត់ខ្លាំងណាស់។”


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង