Cct850x100 1

សម្តេចហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូល«មេគង្គ-ឡានឆាងលើកទី៣»តាមប្រព័ន្ធវីដេអូ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្ដម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដែលជាសហប្រធានកិច្ចប្រជុំជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០។

បើតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា នៅកិច្ចប្រជុំកំពូលនេះ នឹងរៀបចំឡើងក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» ថ្នាក់ដឹកនាំ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំ ក៏នឹងផ្តោតការយកចិត្តទុកដាក់ផងដែរលើកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ នឹងឆ្លុះបង្ហាញអំពីសារៈសំខាន់នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជា ការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង៕

Khcct banner

អត្ថបទទាក់ទង