Cct850x100 1

ក្រសួងសុខាភិបាលបន្តស្វែងរកអ្នកប៉ះពាល់ប្រយោលនៅសិត្បូ ខណៈមនុស្ស៩នាក់អវិជ្ជមាន​កូវីដ​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កណ្តាល៖មន្ទីរសុខាភិបាលខេត្តកណ្តាល នៅថ្ងៃទី១០ សីហានេះ បានចេញនូវសេចក្តីជូនដំណឹងពាក់ព័ន្ធនឹងសកម្មភាពស្រ្តីកងទ័ពមួកខៀវ ដែលវិជ្ជមានជំងឺកូវីដ១៩ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានច្រានចោលលិខិតរបស់លោក អ៊ុំ ឡេង ចៅសង្កាត់​សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

យោងតាមសេចក្តីជូនដំណឹង ករណីដែល លោក អ៊ុំ ឡេង ចៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើរបាយការណ៍ជូន លោកអភិបាលក្រុងតាខ្មៅ ខេត្តកណ្ដាល ស្ដីអំពីសកម្មភាពរបស់ អ្នកជំងឺ ផ្ទុកមេរោគកូវីដ១៩ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលទើបនឹងរកឃើញថ្មី នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ថា បានធ្វើសកម្មភាពដូចក្នុង លិខិតលេខ ០១១/២០ របក ចុះថ្ងៃទី១០ខែសីហា ឆ្នាំ២០២០ (បានធ្វើបាយសម្លជូនចាស់ៗ និង ចែកប្រាក់ដល់ក្មេងៗព្រមទាំងធ្វើចង្ហាន់ទៅវត្ត) គឺមិនត្រឹមត្រូវទេ គ្មានប្រភពច្បាស់លាស់ខុសពីការចុះធ្វើអង្កេត តាមដានស្រាវជ្រាវរបស់មន្ត្រីជំនាញសុខាភិបាល និងការសហការផ្តល់ព័ត៌មានពីអ្នកជំងឺ និងក្រុមគ្រួសាររបស់គាត់។

បើតាមប្រភពដដែរ ក្រោយពីអ្នកជំងឺខាងលើទទួលលទ្ធផល តេស្តមេរោគកូវីដ ១៩ វិជ្ជមាន ក្រុមការងារ បានចុះយកសំណាក ដើម្បីធ្វើតេស្ត រកមេរោគកូវីដ១៩ ដល់សមាជិកក្រុមគ្រួសារអ្នកជំងឺ ដែលរស់នៅក្នុងផ្ទះជាមួយគ្នា ចំនួន៩នាក់ (ស្រី ០៣នាក់) នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ហើយលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រ បញ្ជាក់ថា អវិជ្ជមាន ទាំង ០៩នាក់ នៅវេលាយប់ថ្ងៃនោះដែរ ហើយអ្នកទាំង០៩នាក់ បាននិងកំពុងដាក់ឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កក្នុងក្រុងតាខ្មៅ ដើម្បីបន្តការពិនិត្យ អង្កេតតាមដាន និងព្យាបាល។

មន្ទីរសុខាភិបាលខេត្តកណ្តាល បានសង្កត់ធ្ងន់ថា បច្ចុប្បន្នមន្ទីរសុខាភិបាលខេត្តកណ្តាល សហការជាមួយអាជ្ញាធរ អ្នកជំងឺ និងក្រុមគ្រួសារ នឹងបន្តដើម្បីស្រាវជ្រាវ អង្កេតរកអ្នកប៉ះពាល់ ដោយប្រយោលបន្ថែមទៀត។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ លោក អ៊ុំ ឡេង ចៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើរបាយការណ៍មួយ ជម្រាបជូនអភិបាលក្រុងតាខ្មៅ ដោយអះអាងថា ស្រ្តីកងទ័ពមួកខៀវ ដែលត្រូវបាន រកឃើញមានផ្ទុកមេរោគកូវីដ១៩ បានមកដល់ផ្ទះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ហើយពេលមកដល់ផ្ទះ បានធ្វើបាយសម្លជូនចាស់ៗ និងចែកប្រាក់ដល់ក្មេងៗ ព្រមទាំងបានធ្វើចង្វាន់ទៅប្រគេនព្រះសង្ឃនៅវត្តជម្ពូព្រឹកថែមទៀត ព្រមទាំងអះអាងថា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ មានការព្រួយបារម្ភខ្លាច ដោយសារតែអ្នកជំងឺបានប៉ះពាល់ អ្នកជិតខាងជាច្រើន៕


Khcct banner

អត្ថបទទាក់ទង