Cct850x100 1

លោកស៊ុប ស័ក្ខរា៖សុំឱ្យកូនខ្មែរចូលរួមទស្សនានូវព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០

ភ្នំពេញ៖ ដើម្បីជាការអបអរសាទរខួប ១៥ឆ្នាំនៃល្ខោនក្បាច់បុរាណ ខួប ១៣ឆ្នាំនៃល្ខោនស្រមោលស្បែកធំ ខួប ០៤ឆ្នាំនៃចាប៉ីដងវែង និងខួប ០២ឆ្នាំនៃល្ខោនខោលរបស់កម្ពុជាដែលបានដាក់ចូលជាបេតិកភណ្ឌជាតិកន្លងមក។ តាមរយៈការផ្ដល់កិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោក ស៊ុប ស័ក្ខរា ដែលជានាយកសាលាសិល្បៈហ្វូណន និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០ ដែលរៀបចំឡើងដោយសាលាសិល្បៈហ៊្វូណន បានថ្លែងថា សូមសំណូមពរឱ្យកូនខ្មែរចូលរួមទស្សនានូវព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យនេះដែលផ្ដោតសំខាន់ខ្លាំងលើការឧទ្ទិសធំពិសេសបំផុតទៅលើទម្រង់សិល្បៈល្ខោនខោលខ្មែរយើង ដែលជាគម្រប់០២ឆ្នាំដែលបានដាក់ជាបេតិកភណ្ឌជាតិរួចមក នាពេលខាងមុខ។

រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០

ក្រុមគណៈកម្មការសិល្បៈបានពិភាក្សាគ្នាថា កាលបរិច្ឆេទនៃថ្ងៃសម្ដែងនឹងបានគ្រោងរៀបចំនឹងសម្ដែងនៅថ្ងៃទី ២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នេះបើតាមគម្រោង។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែស្ថានភាពការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឱ្យគណៈកម្មការបានប្រជុំគ្នាម្ដងទៀត ដើម្បីធ្វើការពិចារណាឡើងវិញអំពីការលើកពេល លើកថ្ងៃសម្ដែង ដើម្បីចៀសវាងការប្រមូលផ្ដុំគ្នានៃក្រុមមនុស្ស ក៏ដូចជាចូលរួមបង្ការ ការពារការរីករាលនៃជំងឺកូវីដ ហើយរង់ចាំនៅពេលដែលមានវ៉ាក់សាំងការពារ និងថ្នាំព្យាបាល និងឱ្យមានការធូរស្រាលនៃជំងឺឆ្លងកូវីដ-១៩ នេះ ក្រុមការងារនឹងប្រកាសថ្ងៃសម្ដែងម្ដងទៀតនៅពេលក្រោយ។

លោក ស៊ុប ស័ក្ខរា ដែលជានាយកសាលាសិល្បៈហ្វូណន និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០ 
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
លោក ស៊ុប ស័ក្ខរា ដែលជានាយកសាលាសិល្បៈហ្វូណន និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០ 

តាមពិតទៅ ជាក់ស្ដែងក្នុងព្រឹត្តិការណ៍នេះ មិនមែនមានតែការសម្ដែងល្ខោនខោលតែម្យ៉ាងទេ តែមានទម្រង់សិល្បៈជាច្រើនទៀត ក្នុងនោះមាន របាំព្រះរាជទ្រព្យ ល្ខោនក្បាច់បុរាណ ល្ខោនស្រមោលស្បែកធំ ចាប៉ីដងវែងជាដើម ដែលមាននៅរាជាណាចក្រកម្ពុជា និងបានដាក់ជាបេតិកភណ្ឌជាតិហើយ និងជាបណ្ដើរៗ គ្រាន់តែការសម្ដែងល្ខោនខោលខ្មែរជាលក្ខណៈឈុតធំ។ នៅក្នុងព្រឹត្តិការណ៍ដ៏អសា្ចរ្យនេះ តាមគម្រោងរបស់ក្រុមគណៈកម្មការសិល្បៈបុរាណខ្មែរនេះ នឹងគ្រោងឱ្យមានសិល្បករប្រហែល ២០០នាក់ដែលដើរតួក្នុងការសម្ដែងល្ខោនខោលខ្នាតធំនេះ វាពិតជាធំមែនទែន សម្រាប់លោក ស័ក្ខរា ដែលជានាយកសាលាសិល្បៈហ៊្វូណន និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ ២០២០ លោកអាចចាត់ទុកវាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយរបស់ល្ខោនខោលផងដែរ ដែលតាំងពីដើមមក មិនដែលបានឃើញព្រឹត្តិការណ៍នៃការសម្ដែងល្ខោនខោលធំបែបនេះឡើយ។

រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០

គោលបំណងនៃការផ្សព្វផ្សាយនេះ គឺចង់បំផុសស្មារតីដល់យុវជនខ្មែរក៏ដូចជាមហាជនគ្រប់ៗរូប ដើម្បីលើកទឹកចិត្តពួកគាត់ឱ្យបានចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនៅថ្ងៃមុខ និងក្លាយជាចំណែកមួយនៃសង្គមដែលមានចិត្តស្រលាញ់គាំទ្រនូវសិល្បៈបុរាណជាតិខ្លួន និងនាំគ្នាចូលរួមទស្សនាការសម្ដែងសិល្បៈខ្មែរយើងគ្រប់ទម្រង់ និងគ្រប់រូបភាពតាមលទ្ធភាព។ យើងបានដឹងរួចមកហើយថាសិល្បៈខ្មែរទាំងអស់នោះគឺជាកេរមរតកដែលដូនតាយើងបានបន្សល់ទុកមកជាយូរមកហើយ ដើម្បីចែកជូនដល់កូនចៅជំនាន់ក្រោយ ហើយយើងគ្រាន់តែជួយថែរក្សាដោយគ្រាន់តែផ្សព្វផ្សាយ ចូលរួមទស្សនា និងហាត់រៀនបន្តក្នុងការផ្ទេរចំណេះដឹងទៅកូនចៅយើងជំនាន់ក្រោយៗទៀត។

លោកគ្រូនាយកសាលាសិល្បៈហ៊្វូណន បនេះដល់យុវជនខ្មែរមួយរូបនេះ បានបន្ដថា «ម្លោះហើយ បើសិនជាយើងខ្លួនឯងជាម្ចាស់កេរមរតកនៃសិល្បៈជាតិទាំងអស់នោះ បែរជាមិននាំគ្នាគាំទ្រ មិនមានការចូលរួម មិនមានការស្រលាញ់នូវទម្រង់ការសម្ដែងសិល្បករសិល្បការិនីដែលពួកខិតខំអស់ពីកាយចិត្ត ក្នុងការបង្ហាញនូវអត្តសញ្ញាណ និងអ្វីដែលជាសិល្បៈរបស់ខ្មែរគ្រប់កម្មវិធីនានា ហើយបើសិនជាយុវជនយុវតីយើងមិនចូលរួមលើកស្ទួយ ស្រលាញ់គាំទ្រនូវអ្វីដែលខ្លួនកំពុងមាន តើចង់ឲ្យនរណា ជាតិសាសន៍ណាវិញ មកស្រលាញ់និងចូលរួមលើកស្ទួយជំនួសជាតិយើងនោះ ថាមិនត្រូវ វានឹងអាចបាត់បង់ជាអន្លើរៗ ជាមិនខាន បើសិនយើងបណ្ដែតបណ្ដោយ បែរជាឱ្យតម្លៃសិល្បៈបរទេសលើសពីសិល្បៈខ្លួនពេកនោះ»។

ចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃសម្ដែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រុមសិល្បៈរបស់លោកគ្រូ មានការបង្ហាត់បង្រៀនដល់យុវជនខ្មែរគ្រប់មជ្ឈដ្ឋានដែលមានបំណងស័្មគ្រចិត្តចូលរួមហាត់ល្ខោនខោល និងទម្រង់សិល្បៈនានាផ្សេងៗទៀត ដែលមានទីតាំងស្តាតចាស់ វាជាឱកាសមួយដែលបានផ្ដល់ឱកាសឲ្យយុវជនខ្មែរក៏ដូចជាកូនចៅជំនាន់ក្រោយ និងបច្ចប្បន្ន ដែលស្រលាញ់ចូលចិត្តសិល្បៈខ្មែរ អាចបញ្ចេញសមត្ថភាព អាចមានឱកាសបានចូលរួមសម្ដែងសិល្បៈខ្មែរក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនាពេលខាងមុខនេះផងដែរ។

លោក ស័ក្ខរា បានបន្តថា លោកចង់បំផុសយុវជនខ្មែរ និងប្រជាជនកម្ពុជាទាំងមូល សូមចូលរួមទស្សនា និងមកហ្វឹកហាត់រៀនការសម្ដែងនូវសិល្បៈបុរាណខ្មែរ តួយ៉ាងដូចជាល្ខោនខោលជាដើម ថាតើ ហាត់យ៉ាងម៉េច គេសម្ដែងដូចម្ដេច វាលំបាកយ៉ាងណា ហើយទម្រង់នៃល្ខោនខោលរបស់ខ្មែរអស្ចារ្យយ៉ាងណាដែរ បហើយគេត្រូវរៀបឈុតឆាកយ៉ាងម៉េច។ ការហាត់រាំ និងសម្ដែងនូវសិល្បៈទាំងនោះ ហើយវាត្រូវការពេលវេលាក្នុងការហាត់ផងដែរ បើនៅសាលាភូមិន្ទវិចិត្រសិល្បទម្រង់ល្ខោនខោលនេះ អ្នកសម្ដែងត្រូវការពេលដើម្បីហាត់រយៈពេល ០៩ឆ្នាំ ដើម្បីបញ្ចប់ផ្នែកការសម្ដែងមួយកម្រិតនៃអ្នកហាត់បែបជំនាញ។

ព្រឹត្តិការណ៍នេះ កម្ពុជាមិនមែនបានធ្វើឡើងត្រឹមតែជាលើកទីមួយទេ ហើយលើកនេះដែលកំពុងគ្រោងធ្វើ ជាលើកទី០៥ នៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ហើយនឹងបន្តមានរហូតឆ្នាំក្រោយៗទៀត ដើម្បីបង្ហាញទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងទម្រង់សិល្បៈខ្មែរនីមួយៗ ទៅដល់អ្នកគាំទ្រគ្រប់ៗរូប។ នាយកសាលាសិល្បៈហ្វូណនរូបនេះ នៅតែបញ្ជាក់បន្ថែមថា « សម្រាប់អ្នកគាំទ្រសិល្បៈខ្មែររបស់យើង គិតថា ពួកគាត់លឺ ១០០ដងមិនបានស្មើមកឃើញទស្សនាផ្ទាល់ម្ដង ហើយមកទស្សនា១០០ដង ក៏មិនស្មើបានចូលរួមរៀនហាត់ និងចូលសម្ដែងលើឆាកបានម្ដងឡើយ វាពិតជាមោទនភាពរបស់កូនខ្មែរយើង»។

ចំពោះការលើកទឹកចិត្តពីអ្នកគាំទ្រនានា អ្នកសម្ដែងក៏ដូចជាសិល្បករនៃអ្នកជំនាញសម្ដែងទម្រង់សិល្បៈគ្រប់ៗរូប គឺពួកគាត់តែងតែត្រូវការណាស់នូវការចូលរួមពីអ្នកចូលរួមទស្សនាផ្ទាល់ មិនត្រឹមតែតាមការចែករំលែកតាមបណ្ដេញប្រព័ន្ធផ្សព្វផ្សាយ បើសិនសម្ដែង គ្មានអ្នកមើល អ្នកគាំទ្រ និងចូលរួមទស្សនាផ្ទាល់ តើពួកគាត់នឹងអាចបាក់ទឹកចិត្តប៉ុណ្ណា ហើយពួកគាត់គ្មានកម្លាំងចិត្តឡើយ លែងចង់សម្ដែង ហើយអាចឈានទៅរកការបោះបង់ការសម្ដែង ហើយយូរៗទៅ ទម្រង់សិល្បៈទាំងនោះ លែងមានគាំទ្រ អត់មានអ្នកមើល អត់មានអ្នកសម្ដែង អត់មានអ្នកហាត់រៀន អត់មានអ្នកបន្តផ្សព្វផ្សាយ ហើយក៏ត្រូវបាត់បង់ទៅដោយឯកឯង។

ម្យ៉ាងវិញទៀត ការបង្កើត និងប្រារព្ធព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រុមសិល្បៈនៃការសម្ដែងល្ខោនខោលសំណូមពរដល់យុវជនខ្មែរគ្រប់ៗរូប ឲ្យបានចូលរួមហាត់រៀនល្ខោនខោលដែលគម្រោងចំនួនតួសម្ដែងប្រហែល ២០០នាក់ ហើយក៏ត្រូវការចំណាយច្រើន ទាំងថវិកា និងសម្ភារទុកសម្ដែងនានា។ យ៉ាងណាក្ដី ពួកគាត់បានផ្សព្វផ្សាយជាមូលនិធិ ១០០០រៀលរបស់មហាគ្រួសារខ្មែរ តាំងពីឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ននេះមក ដែលបងប្អូនប្រជាជនកម្ពុជាបានបរិច្ចាគជាទុនសម្រាប់ការសម្ដែង ហើយក្រុមការងារបានផលិតសម្ភារជាបណ្ដើរៗមាន តួអង្គមេទ័ពស្វា១៨-១៩មេទ័ព ដែលពីមុនគ្រាន់តែជាគំនូរ តែឥឡូវបានចេញជារូបរាងហើយ នេះព្រោះតែប្រជាពលរដ្ឋខ្មែរ ពួកគាត់មានការគាំទ្រនូវសិល្បៈខ្មែរយើង ហើយបានបរិច្ចាគជាបណ្ដើរៗ។

បច្ចុប្បន្ននេះទាក់ទងនឹងការចំណាយផ្សេងៗ ក្រុមការងារនៅតែមានភាពខ្វះខាតជាបន្តបន្ទាប់ទៀត ដូចជាផលិតសម្ភារសម្រាប់តួបន្ថែមទាំង ២០០តួ និងការគាំទ្រនូវការសម្ដែងល្ខោនខោលក្ដី ទម្រង់សិល្បៈផ្សេងៗទៀតដែលមានក្នុងកម្មវិធីនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការចំណាយលើការរៀបចំឆាក លើតួសម្ដែង ហេតុនេះហើយពួកគាត់នៅបន្តតែស្វែងរកការគាំទ្រ ការចូលរួមហាត់រៀន ក៏ដូចជាការបរិច្ចាគចូលជាមូលនិធិបន្ថែម ក្នុងការចូលរួមជាចំណែកមួយនៃការលើកស្ទួយសិល្បៈខ្មែរ ដើម្បីធ្វើឲ្យដំណើរការឡើងដោយរលូន និងសម្បូរបែប។ ក្នុងនាមជាកូនចៅជំនាន់ក្រោយ គួរត្រូវមានតួនាទីថែរក្សា អភិរក្ស និងផ្សព្វផ្សាយ បំផុសស្មារតីយុវជនខ្មែរគ្រប់ជំនាន់ក្រោយៗទៀតឲ្យបានដឹង បានស្គាល់ និងចូលរួមទស្សនា ថែមទាំងផ្ដល់ឱកាសឲ្យពួកគាត់បានចូលរួមហាត់រៀនបន្តពីគ្រូបង្ហាត់សិល្បៈដ៏ជំនាញថែមទៀតផង។

លោកនាយក ស័ក្ខរា បញ្ជាក់ថា កូនខ្មែរត្រូវចាំថា មុននឹងយើងថាគេលួចសិល្បៈយើង ខ្លួនត្រូវស្វែងយល់ សិក្សាស្រាវជ្រាវឲ្យបានច្រើន ឱ្យដឹងថាទម្រង់នៃសិល្បៈយើងខុសពីទម្រង់នៃសិល្បៈគេបែបណា គេពិតជាចម្លងយើង ឬក៏យើងមិនទាន់ដឹងច្បាស់ពីអ្វីដែលយើងមាន ហើយគ្រាន់តែឃើញរបស់គេស្រដៀង ហើយថាគេចម្លងពីយើងបែបនោះ។ ហេតុនេះ ដើម្បីចៀសវាងការភាន់ច្រលំនូវបញ្ហាចោទទាំងនេះ យុវជនខ្មែរយើងគ្រប់រូប គួរបែរចិត្តមកសិក្សាដោយផ្ទាល់ មិនគ្រាន់តែគិតថា តាមគេតាមឯង ទាំងមិនទាន់ដឹងច្បាស់ពីសិល្បៈរបស់ខ្លួននោះឡើយ។ ជាក់ស្ដែង ពេលមានកម្មវិធីសិល្បៈខ្មែរម្ដងៗ មិនសូវមានអ្នកចូលរួមទស្សនា និងកូនខ្មែរមួយចំនួនតូច មិនដឹងថា ទម្រង់សិល្បៈខ្មែរមានអ្វីខ្លះ ហើយមានលក្ខណៈបែបណា ត្រូវហាត់បែបណាឡើយ។ អញ្ចឹងហើយ កូនខ្មែរគួររួបរួមគ្នាធ្វើសកម្មភាពឲ្យដូចអ្វីដែលបាននិយាយថា ខ្លួនស្រលាញ់សិល្បៈវប្បធម៌ជាតិខ្លួន ហើយត្រូវធ្វើដោយរបៀបណា ដោយការចូលរួមទស្សនា ការហាត់រៀនសម្ដែងនូវទម្រង់សិល្បៈខ្មែរយើង ដើម្បីបង្ហាញដល់ប្រទេសនានាថា សិល្បៈខ្មែរនៅតែជាសិល្បៈខ្មែរ មិនអាចរលាយទៅណាទេ កូនខ្មែរនឹងរួបរួមគ្នា គាំទ្រនូវអ្វីដែលជាសិល្បៈរបស់ជាតិខ្លួនពិតប្រាកដ ពុំមែនគ្រាន់តែនិយាយថាស្រលាញ់តែប៉ុណ្ណោះឡើយ។

រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០

ជាចុងក្រោយ លោក ស៊ុប ស័ក្ខរា សំណូមពរថា យើងសូមលើកទឹកចិត្តដល់កូនខ្មែរគ្រប់រូប គួរព្យាយាមសិក្សាពីប្រវត្តិសាស្រ្តរបស់ទម្រង់សិល្បៈខ្មែរឱ្យបានទូលំទូលាយ ពិសេសសូមឱ្យបានចូលរួមទស្សនាគ្រប់ការសម្ដែងសិល្បៈជាតិខ្មែរយើងទាំងអស់គ្នា ទៅតាមលទ្ធភាព ទើបសិល្បៈខ្មែរយើងអាចរក្សាបានយូរអង្វែង ព្រោះការចូលរួមរបស់អ្នកទាំងអស់ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមទស្សនា ចូលរួមហាត់រៀនទម្រង់សិល្បៈខ្មែរក៏ដូចជាការចូលជាមូលនិធិបរិច្ចាគ ដើម្បីគាំទ្រកម្មវិធីព្រឹត្តិការណ៍ដ៏អស្ចារ្យបានជោគជ័យ និងចេញជារូបរាង ដើម្បីសម្ដែងជូនប្រជាជនខ្មែរទូទៅ និងបានបង្ហាញដល់ប្រទេសជាតិដទៃទៀត អំពីគ្រប់ទម្រង់នៃសិល្បៈខ្មែរដែលមានបច្ចុប្បន្ន និងពួកយើងកំពុងថែរក្សាសិល្បៈទាំងនោះតាមលទ្ធភាព និយាយរួមគឺសុទ្ធតែទាមទារឱ្យមានវត្តមាននៃការចូលរួមពីយុវជនដែលជាទំពាំងស្នងឬស្សីនៃប្រទេសជាតិជានិច្ច ដែលមិនអាចខ្វះបាន។

សម្រាប់យុវជនគ្រប់ៗរូប ដែលចាប់អារម្មណ៍ក្នុងការហាត់រៀនល្ខោនខោល ក៏ដូចជាទម្រង់សិល្បៈខ្មែរនានាផ្សេងទៀតបាន ដើម្បីលើកស្ទួយវប្បធម៌សិល្បៈខ្មែរឲ្យបានថិតថេរជាដរាបទៅ។ អ្នកទាំងអស់គ្នាអាចទៅហាត់រៀនដោយសេរី ដែលមានទីតាំងនៅពហុកីឡាដ្ឋានស្តាតចាស់ ក្បែររង្វង់មូលស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចន្លោះម៉ោង ០៣ទៅ០៥ល្ងាច និងម៉ោង ០៥ទៅ០៦ល្ងាច។

រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០

សូមបញ្ជាក់ថា ក្នុងទម្រង់សិល្បៈល្ខោនខោល ជាទម្រង់ពិសេសមួយដែលមានលក្ខណៈពិសេសច្រើន។ លក្ខណៈពិសេសទីមួយ ការសម្ដែងល្ខោនខោលនេះមានតែមនុស្សប្រុសសុទ្ធ ទើបអាចសម្ដែងក្នុងសាច់រឿងបាន ទោះបីក្នុងសាច់រឿងមានតួអង្គស្រីក៏ដោយ ក៏តម្រូវឲ្យមនុស្សប្រុសសម្ដែងដែរ។ លក្ខណៈពិសេសទីពីរ ក្នុងការសម្ដែងទម្រង់ល្ខោនខោលគ្រប់រូបភាព គ្រប់ឈុតឆាក គឺមានតែក្នុងសាច់រឿង«រាមកេរ្តិ៍»មួយគត់។ លក្ខណពិសេសទីបី គឺក្នុងឈុតល្ខោនខោល គឺគ្រប់តួអង្គទាំងអស់ពាក់មុខគ្រប់តួអង្គដែលហៅគេថា «ល្ខោនពាក់មុខ»។ លក្ខណៈពិសេសបន្ទាប់ទៀត វាទាក់ទងនឹងការសម្ដែង គឺត្រូវសម្ដែងទៅតាមកាយវិការ ពាក្យពេចន៍របស់អ្នកពោល មានដូចជា អ្នកពោលដុំ អ្នកពោលរាយ អ្នកពោលផ្ចាញ់ផ្ចាល់ ពោលកម្រងកែវ -ល- ហើយតួអង្គដែលសម្ដែងក្នុងល្ខោនខោលនោះ គឺត្រូវសម្ដែង ត្រូវរាំ ធ្វើកាយវិការ ទឹកមុខ ទៅតាមអ្នកពោល។ មួយវិញទៀត ទម្រង់សិល្បៈល្ខោនខោលខ្មែរយើងនេះ អាចរាំជាមួយនឹងភ្លេងពិណពាទ្យបានទៀតផង។

សិល្បៈល្ខោនខោលខ្មែរយើង ត្រូវបានយុវជនជាច្រើននាក់ ចូលរួមស្រលាញ់គាំទ្រ ដោយមានការបំផុសស្មារតីតាមប្រព័ន្ធផ្សព្វផ្សាយ និងដោយប្រយោលរហូតដល់មានការឆ្លើយឆ្លងជាមួយប្រទេសជិតខាងថា លួចចម្លងគ្នាទៅវិញទៅមក មុននឹងមានការដាក់ចូលជាបេតិកភណ្ឌជាតិរៀងៗខ្លួន។ តាមពិតទៅ ខ្មែរយើងគួរតែមានការចូលរួមឲ្យបានច្រើនដោយផ្ទាល់ មានន័យថា មិនមែនត្រឹមតែចូលរួមគាំទ្រតាមបណ្ដេញសង្គមប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ តែដើម្បីថែរក្សា ស្រលាញ់គាំទ្រពិតប្រាកដ យុវជនខ្មែរគួរតែចូលរួមដោយផ្ទាល់ ហាត់រៀនផ្ទាល់ៗ ការចូលរួមទស្សនាផ្ទាល់ៗ បាន ផ្សព្វផ្សាយ សិក្សាស្រាវជ្រាវឲ្យបានច្បាស់ជាងមុន រៀនឲ្យចេះនូវអ្វីដែលជារបស់ខ្មែរ រួបរួមគ្នាផ្សព្វផ្សាយឲ្យបានគ្រប់កម្មវិធីតាមប៉ុស្តិ៍ទូរទស្សន៍នានា គ្រប់ព្រឹត្តិការណ៍សិល្បៈខ្មែរនានា ហើយអាចចូលរួមជាមូលនិធិ ដើម្បីលើកទឹកចិត្តសិល្បករសិល្បការិនីខ្មែរ ឲ្យពួកគាត់មានកម្លាំងចិត្ត និងអាចបន្តបេសកកម្មរបស់ពួកគាត់បាន ហើយកូនខ្មែរគ្រប់រូប គួរតែសិក្សាឲ្យបានច្រើនតាមរយៈកម្មវិធីសិក្សាតាមគ្រឹះស្ថានអប់រំ មិនថា នៅថ្នាក់ទាបក្ដី ថ្នាក់ខ្ពស់ក្ដី គួរតែបញ្ចូលទម្រង់នៃសិល្បៈទាំងនោះ នេះក៏ជាផ្នែកមួយដើម្បីបញ្រ្ចាបស្មារតីកូនខ្មែរឱ្យស្រលាញ់ គាំទ្រ និងបានស្គាល់នូវទម្រង់សិល្បៈខ្មែរតាំងពីដឹងក្ដីមក ដើម្បីឲ្យប្រទេសនានាកោតសរសើរនូវទម្រង់សិល្បៈខ្មែរយើងដែលនៅសេសសល់ក្នុងការអភិរក្ស ថែរក្សា ផ្សព្វផ្សាយឲ្យបានទូលំទូលាយ។

រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០
រូបភាពដោយ៖ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០


Khcct banner

អត្ថបទទាក់ទង