Yearendyearend1140x150

កម្ពុជា៖ ភាពអព្យាក្រឹតអាចជួយឱ្យអាស៊ានដោះស្រាយការប្រឈមរបស់មហាអំណាច

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាថា អាស៊ានដើរតួនាទីអព្យាក្រឹតក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រទេសមហាអំណាចនានា ទាំងក្នុងកម្រិតតំបន់ និងក្រៅតំបន់ ខណៈពេលដែលប្រទេសមានអំណាចសំខាន់ៗកំពុងប្រកួតប្រជែងគ្នាដើម្បីឧត្តម្មានុភាព។ ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបែបនេះ នៅក្នុងសារលិខិតអបអរខួបលើកទី៥៣ឆ្នាំនៃការបង្កើតអាស៊ាន ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។

ថ្លែងក្នុងសារលិខិតរបស់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានលើកឡើងថា អាស៊ានបានក្លាយជាចំណុចប្រមូលផ្តុំថ្មី សម្រាប់ការប្រឈមមុខខាងផ្នែកភូមិសាស្រ្តនយោបាយ ហើយជាការពិតណាស់ ឯកភាពរបស់អាស៊ាន ក៏កំពុងតែទទួលរងនូវសម្ពាធពីខាងក្រៅ។ អាស៊ានមិនគួររារែកក្នុងការរក្សា និងជំរុញមជ្ឈភាពរបស់ខ្លួន តាមរយៈការដើរតួនាទីអព្យាក្រឹត ប្រកបដោយលក្ខណៈស្ថាបនា នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងតែវិវឌ្ឍនោះទេ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា អាស៊ានបានបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវបញ្ហានានារបស់តំបន់ និងសាកលលោក ហើយតែងតែបញ្ជាក់ឱ្យឃើញថា ខ្លួននៅតែដើរតួនាទីសំខាន់ និងប្រកបដោយលក្ខណៈស្ថាបនានៅលើឆាកអន្តរជាតិ។ អាស៊ានបានផ្តល់ឱ្យប្រទេសមាជិករបស់ខ្លួននូវខែលសន្តិសុខ និងគម្លាតជាយុទ្ធសាស្រ្ត សម្រាប់ការប្រាស្រ័យទាក់ទងប្រកបដោយខ្លឹមសារជាមួយនឹងដៃគូនានាដែលប្រកួតប្រជែងគ្នា ហើយមានគោលបំណងស្វែងរកផលប្រយោជន៍ទៅវិញទៅមកជាមួយអាស៊ាន ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក និងការទទួលស្គាល់មជ្ឈភាពអាស៊ាន។

បើតាមឯកឧត្តម ប្រាក់ សុខុន បានបន្ថែមថា ក្រោមមូលបទរបស់អាស៊ានឆ្នាំនេះ «ភាពស្អិតរមួត និងការឆ្លើយតប» អាស៊ានបានរួបរួមសាមគ្គីគ្នាតាមរយៈកិច្ចខិតខំប្រឹងប្រែងនានា ក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗជាច្រើន។ អាស៊ានបានដាក់ចេញនូវវិធានការជាក់លាក់ក្នុងការសម្របសម្រួលវិធានការឆ្លើយតបបន្ទាន់ ទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងគោលបំណងដើម្បីជួយសង្រ្គោះជីវិត និងជីវភាពរស់នៅរបស់ប្រជាជន។

សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ានត្រូវបានបង្កើតឡើងក្នុងទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី៨ សីហា ១៩៦៧។ ប្រទេសចំនួន៥មាន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសសឹង្ហបុរី គឺជាស្ថាបនិកនៃអង្គការអន្តររដ្ឋាភិបាលថ្នាក់តំបន់មួយនេះ។ កម្ពុជាបានចូលជាសមាជិកអាស៊ានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ បច្ចុប្បន្ននេះ អាស៊ានមានសមាជិកចំនួន១០ ប្រទេស ហើយប្រទេសទីម័រខាងកើតក៏កំពុងតែស្នើសុំចូលជាសមាជិកទី១១នៃសមាគមអាស៊ាននេះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង