Yearendyearend1140x150

ចិន៖ភាពកក់ក្តៅពីមិត្តភ័ក្តិអាស៊ានធ្វើឱ្យ “រដូវរងា” បែរជាមិនត្រជាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្យ
/
រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសពិសេសរវាងចិន-អាស៊ានលើកទី ៥ នៅឡាវកាលពីម្សិលមិញ។

ឡាវ៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី បាននិយាយថា មិត្តភ័ក្តិមកពីបណ្តាប្រទេសអាស៊ានប្រកាន់ជំហររឹងមាំជាមួយប្រទេសចិនតាំងពីដើមមក ហើយមិត្តភាពមួយនេះបានពង្រឹងទំនុកចិត្តរបស់ចិនក្នុងការកម្ចាត់ជំងឺកូរ៉ាណា និង ធ្វើឱ្យប្រទេសចិនមានអារម្មណ៍ថា «រដូវរងាបែរជាមិនត្រជាក់ ហើយរដូវផ្ការីកនឹងចូលមកដល់»។

ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសពិសេសរវាងចិន-អាស៊ានលើកទី ៥ លោក វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានមានប្រសាសន៍ថា មិត្តភក្តិមកពីបណ្តាប្រទេសអាស៊ានបានប្រកាន់ជំហររឹងមាំជាមួយប្រទេសចិនតាំងពីដើមមក។

បើតាមលោក វ៉ាង យី សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានផ្លាស់ប្តូរទិសដៅមកធ្វើទស្សនកិច្ចពិសេសនៅប្រទេសចិន ដោយបង្ហាញសកម្មភាព “មិត្តរួមសុខរួមទុក្ខ” ក្នុងពេលដែលចិនជួបរឿងលំបាក។សម្តេចហ៊ុន សែន បានធ្វើដំណើរពីកូរ៉េខាងត្បូងទៅកាន់ទីក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការមួយ ក្នុងអំឡុងពេលដែលសម្តេចជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងលោក លី ខឺ ឈាង សមាជិកក្រុមប្រឹក្សារដ្ឋចិន។

លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ក៏បានផលិតវីដេអូមួយ ដើម្បីបង្ហាញពីមិត្តភាពរវាងគ្រួសារចិន និងថៃ។ មិនតែប៉ុណ្ណោះ ប៉ូលីសក្នុងប្រទេសឥណ្ឌូនេស៊ី និង អ្នកចំរៀងសាធារណៈរបស់ម៉ាឡេស៊ី ក៏កំពុងតែស្រែកអបអរប្រជាជនចិនតាមរបៀបផ្សេងៗគ្នា។

រីឯប្រទេសវៀតណាមឯនោះវិញ ក្នុងនាមជាប្រធានអាស៊ាន បានចេញសេចក្តីថ្លែងការណ៍គាំទ្រយ៉ាងពេញទំហឹង ចំពោះប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូរ៉ូណា។ ចំណែក រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ ក៏បានរៀបចំការប្រជុំសំខាន់ពីរសម្រាប់ថ្ងៃស្អែកក្នុងរយៈពេលដ៏ខ្លី។

រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី មានប្រសាសន៍ថា៖ «មិត្តភាពមួយនេះមកពីបណ្ដាមិត្តអាស៊ាននិងសហគមន៍អន្តរជាតិ បានពង្រឹងទំនុកចិត្តមកលើប្រទេសចិនក្នុងការកម្ចាត់ជំងឺរាតត្បាតហើយធ្វើឱ្យចិនមានអារម្មណ៍ថា រដូវរងានេះមិនត្រជាក់ ហើយរដូវផ្ការីកនឹងមកដល់ក្នុងពេលឆាប់ៗនេះ »។

រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី សង្ឈឹមថា កិច្ចប្រជុំអាស៊ាន-ចិននេះនឹងទទួលបានជោគជ័យ ហើយវាជាសារមួយបង្ហាញទៅកាន់ពិភពលោកថា ប្រទេសចិន និងអាស៊ាន នឹងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត ហើយការពារសុខភាពប្រជាជន និងលើកកម្ពស់សុខភាពក្នុងតំបន់ឱ្យបានរឹងមាំ។

លោក វ៉ាង យី បានថ្លែងប្រាប់អំពីការវិវត្តនៃជំងឺកូរ៉ូណាថា ស្ថានភាពជំងឺកូរ៉ូណាកំពុងផ្លាស់ប្តូរបន្ទាប់ពីការខិតខំប្រយុទ្ធប្រឆំាង។ ទីក្រុង វូហាន ក្នុងខេត្ត ហ៊ូ ប៉ី នៅតែជាតំបន់ដែលរងការវាយប្រហារខ្លាំងជាងគេ ប៉ុន្តែពេលនេះវាបានចាប់ផ្តើមប្រសើរបន្តិចម្ដងហើយ។ចំនួនករណីឆ្លងបានធ្លាក់ចុះអស់រយៈពេល ១៥ ថ្ងៃជាប់ៗគ្នា ហើយចំនួនអ្នកជំងឺដែលបានព្យាបាលបានបន្តកើនឡើង។

លោកថា វីរុសកូរ៉ូណា គឺជាសត្រូវរួមរបស់មនុស្សជាតិ ហើយសហគមន៍អន្តរជាតិចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយរួមគ្នា ជាក់ស្ដែងប្រទេសចិនមិនមែនកំពុងប្រយុទ្ធប្រឆាំងតែម្នាក់ឯងនោះទេ គឺមានការគាំទ្រពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ រហូតមកដល់ពេលនេះមេដឹកនាំជាង ១៦០ ប្រទេសនិងប្រធានអង្គការអន្តរជាតិជាង ៣០ បានផ្ញើលិខិតដើម្បីបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះប្រទេសចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង