Yearendyearend1140x150

ច្រកព្រំដែន«ស្ទឹងបត់-បានណងអៀន»សម្រេច៥% គ្រោងបញ្ចប់រយៈពេល២១ខែបន្ទាប់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន សម្រេចបាន៥% ហើយ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល២១ខែបន្ទាប់។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យវឌ្ឍនភាព និងបច្ចេកទេសនៃការសាងសង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់ ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព បច្ចេកទេសនៃការសាងសង់ និងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ឱ្យមានគុណភាពខ្ពស់ ស្របតាមបទដ្ឋាន បច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា ឬសៀវភៅបន្ទុក ក៏ដូចជាដើម្បីពន្លឿនការងារសាងសង់ឱ្យបានរួច រាល់តាមកិច្ចសន្យាដែលបានកំណត់។

ជាលទ្ធផលឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា៖ ការអនុវត្តគម្រោងនេះមានការយឺតយ៉ាវរយៈពេល២ខែធៀបនឹងកិច្ច សន្យា និងផែនការដែលបានកំណត់ ដោយសារកត្តាមេរោគកូវីដ១៩ និងរដូវភ្លៀង ប៉ុន្តែប្រធានក្រុមហ៊ុន សាងសង់បានប្តេជ្ញាបញ្ចប់គម្រោងនេះឱ្យចប់សព្វគ្រប់តាមកិច្ចសន្យានិងផែនការដែលបានគ្រោងទុក។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនសាងសង់ថៃពន្លឿនការងារសាងសង់ របស់ខ្លួន និងពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ ដើម្បីរិះរកនីតិវិធីបើកច្រកស្ទឹងបត់នេះជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែន ប៉ុន្តែត្រូវបំពេញឯកសារពាក់ព័ន្ធនៅ ច្រកទ្វារព្រំដែនប៉ោយប៉ែត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

សូមបញ្ជក់ថា៖ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន៖ អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌”ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម សាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយថវិកាប្រមាណ ៨៣៥.២៥០.១៦៨បាត ក្រោមគម្រោងឥណទានទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(NEDA) ចំណាយពេល២៤ខែ គិតរហូតមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នេះ គម្រោងនេះសម្រេចបានប្រមាណ៥%ហើយ។

តាមគម្រោងការបើកច្រកព្រំដែនត្រង់ចំណុចស្ទឹងបត់-បានណងអៀននេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរណ៍ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជា ជាតិទាំងពីរផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង