Yearendyearend1140x150

អ្នកនាំពាក្យរដ្ឋាភិបាល៖«ព្រំដែន»ជាការងារបច្ចេកទេស មិនមែនដោះស្រាយតាមរយៈសកម្មជន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តម ផៃ ស៊ីផាន (រូបភាពពី អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល) 

ភ្នំពេញ៖នៅរយៈពេលចុងក្រោយនេះ បញ្ហាព្រំដែនកម្ពុជា-វៀតណាមបានផ្ទុះកម្រើកឡើងវិញ បន្ទាប់ពីមានការចាប់ខ្លួនលោក រ៉ុង ឈុនដែលចោទប្រកាន់រដ្ឋាភិបាលរឿងព្រំដែន និង កម្ពុជា-វៀតណាម សម្រេចប្រើប្រាស់រួមគ្នានូវផែនទីថ្មី ហៅថា ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០។ប៉ុន្តែសម្រាប់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការដោះស្រាយបញ្ហាព្រំដែនមិនមែនជាការដោះស្រាយតាមរបៀបសកម្មជននោះទេ នេះជាការដោះស្រាយតាមបច្ចេកទេសសុទ្ធសាធ ដើម្បីធានាឱ្យបានព្រំដែន និងអធិបតីភាពពិតប្រាកដ។

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា បញ្ហាព្រំដែនរបស់កម្ពុជា ជាមួយវៀតណាម គឺជាការដោះស្រាយរវាងរដ្ឋាភិបាលកម្ពុជា និងខាងវៀតណាម ហើយគ្មានអង្គការណា គ្មានសកម្មជនណា ដែលមានសិទ្ធិមកលូកលាន់នៅក្នុងសាច់រឿងនេះទេ។

បើតាមឯកឧត្តម ផៃ ស៊ីផាន ការងារព្រំដែនជាការងារមួយប្រយ័ត្នប្រយែងបំផុត ដែលកម្ពុជាថ្នាក់ថ្នមសភាពការណ៍នៅក្នុងការដោះស្រាយបញ្ហា ពីព្រោះនេះជាការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេច ហ៊ុន សែន ដែលលោកចង់បញ្ចប់កុំឱ្យមានបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និង វៀតណាម ក៏ដូចជាកម្ពុជាជាមួយឡាវ និងកម្ពុជាជាមួយប្រទេសថៃជាដើម។

សម្រាប់ឯកឧត្តម ផៃ ស៊ីផាន បញ្ហាព្រំដែននេះ រដ្ឋាភិបាលបានបង្ហាញពីតម្លាភាពពីគណនីយភាព ដែលបានសុំខ្ចីផែនទី ដែលព្រះករុណា តម្កល់ទុកនៅអង្គការសហប្រជាជាតិ ដើម្បីយកមកបង្ហាញសារធារណៈជនរួចស្រេចម្ដងរួចហើយនៅវិមានសន្តិភាព ដើម្បីពន្យល់ប្រាប់ នៅក្នុងការប្រើប្រាស់ផែនទីនោះ ជាផែនទីមូលដ្ឋានក្នុងការរៀបចំ បោះបង្គោលសារជាថ្មីម្ដងទៀត ដែលកម្ពុជាមានស្រាប់ ឬក៏កន្លែងដែលបាត់បង់ និងរៀបចំខ្សែរខណ្ឌសីមា ឱ្យបានជាក់ស្ដែងដើម្បីបញ្ចប់អារិភាពរវាងប្រជាជាតិទាំងពីរ ដែលជាអារិភាពប្រវត្តិសាស្រ្ត។

សូមបញ្ជាក់ថា ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលបែបនេះ គឺបន្ទាប់ពីបញ្ហាព្រំដែនកម្ពុជា-វៀតណាមបានផ្ទុះកម្រើកឡើងវិញ បន្ទាប់ពីមានការចាប់ខ្លួនលោក រ៉ុង ឈុន និង កម្ពុជា-វៀតណាម សម្រេចប្រើប្រាស់រួមគ្នានូវផែនទីថ្មី ហៅថា ផែនទីលេខាព្រំដែន ខ្នាត ១/២៥ ០០០។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា ការប្រើប្រាស់នូវចលនាមហាជនមួយក្នុងការដោះស្រាយបញ្ហាព្រំដែនមិនអាចដោះស្រាយបានទេ ឆ្លងកាត់បទពិសោធន៍ក្នុងឆ្នាំ២០០៧-២០០៨ ធ្លាប់មានការផ្ទុះអាវុធជាមួយនឹងប្រទេសថៃ សកម្មជនបានរត់ផ្លោះដើម្បីទាមទារទឹកដីកម្ពុជា ដូច្នេះការដោះស្រាយបញ្ហាព្រំដែនមិនមែនជាការដោះស្រាយតាមរបៀបសកម្មជននោះទេ នេះជាការដោះស្រាយតាមបច្ចេកទេសសុទ្ធសាធ ដើម្បីធានាឱ្យបានព្រំដែន និងអធិបតីភាពពិតប្រាកដ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង