Yearendyearend1140x150
Img 0571

ក្រសួងសុខាភិបាលច្រានចោលព័ត៌មានពាក់ព័ន្ធកូរ៉ូណាដែលធ្វើឱ្យឆោឡោក្នុងបណ្តាញ WECHAT

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ភ្នំពេញ៖ ថ្មីៗនេះមានការឆោឡោលើព័ត៌មានមិនពិតមួយនៅក្នុងបណ្តាញសង្គម WECHAT និង ការផ្សាយរបស់ស្ថាប័នព័ត៌មានភាសាចិននៅក្នុងប្រទេសកម្ពុជាថាមានជនជាតិចិនម្នាក់ទៀត នៅទីក្រុងព្រះសីហនុមាន ផ្ទុកជំងឺកូរ៉ូណា។ប៉ុន្តែព័ត៌មាននេះ ត្រូវបានក្រសួងសុខាភិបាលកម្ពុជាច្រានចោល ដោយថាជាព័ត៌មានមិនពិត។

មន្ទីរពេទ្យជនជាតិចិនមួយកន្លែងឈ្មោះ ថៃ ខាង សាខាខេត្តព្រះសីហនុ កាលថ្ងៃទី១៤ខែកុម្ភៈ បានអះអាងថា ខ្លួនបានពិនិត្យឃើញបុរសជនជាតិចិនម្នាក់ឈ្មោះស៊ូ យ៉ុង អ៊ីង(Su Yong Yun) មានផ្ទុកជំងឺកូរ៉ូណា ហើយថែមទាំងបានរាយការណ៍ទៅមណ្ឌលគ្រប់គ្រង និងបង្ការជំងឺទីក្រុង ឆុង ឈីង(Chong Qing)ប្រទេសចិន ដែលជាកន្លែងលោក ស៊ូ យ៉ុង អ៊ីង រស់នៅ។

មណ្ឌលគ្រប់គ្រង និង បង្ការជំងឺទីក្រុង ឆុង ឈីង ក៏បានតាមរកជនដែលប៉ះពាល់ជាមួយលោក ស៊ូ យ៉ុង អ៊ីង ដើម្បីយកពួកគាត់ទៅដាក់ដាច់ដោយឡែកពីគេកុំឱ្យឆ្លង។បើតាមមណ្ឌលមួយនេះ លោក ស៊ូ យ៉ុង អ៊ីងកាលពីថ្ងៃទី២១ខែមករាឆ្នាំ២០២០បានធ្វើដំណើរពីទីក្រុងឆុង ឈីង ទៅកាន់ស្រុកកំណើតទីក្រុង សាវយ៉ាង(Shao Yang) ខេត្តហ៊ូ ណាន(Hu Nan)ប្រទេសចិន។ចាប់ពីថ្ងៃទី២១ខែមករាដល់ថ្ងៃទី៧ខែកុម្ភៈ គាត់បានស្នាក់នៅជាមួយម្តាយ និងបងប្អូនចំនួន៤គ្រួសារ។

ក្នុងអំឡុងពេលនោះ គាត់បានទៅសួរសុខទុក្ខបងប្អូនសាច់ញាតិក្នុងឱកាសចូលឆ្នាំចិន ពី២០ទៅ៣០គ្រួសារ។កាលពីថ្ងៃទី៧ ខែកុម្ភៈប្រហែលម៉ោង៦យប់ គាត់បានចាកចេញពីទីក្រុង សាវ យ៉ាង ទៅកាន់ ព្រលានយន្តហោះទីក្រុង ឆាងសា(Chang Sa) ហើយបន្តដំណើរទៅកាន់ទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី នឹងបានប្តូរជើងយន្តហោះAK264 ទៅកាន់ខេត្តព្រះសីហនុ។

ព័ត៌មានមួយនេះបានផ្សព្វផ្សាយពេញបណ្តាញសង្គម WECHAT ធ្វើអោយជនជាតិចិនដែលកំពុងរស់នៅកម្ពុជាមានការឆោឡោ។

ក្រោយឃើញរបាយការណ៍របស់មណ្ឌលគ្រប់គ្រង និងបង្ការជំងឺទីក្រុង ឆុង ឈីង(Chong Qing)ប្រទេសចិន ក្រសួងសុខាភិបាលកម្ពុជា បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក ចំពោះករណីនេះ។ ជាលទ្ធផលក្រោយធ្វើតេស្តរួចរាល់មក ក្រសួងពិនិត្យឃើញថា ជនជាតិចិនដែលមន្ទីពេទ្យថៃ ខាង អះអាងថា មានផ្ទុកជំងឺកូរ៉ូណា គឺជាការមិនពិត។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ស៊ីស៊ីថាមស៍យ៉ាងដូច្នេះថា៖ «ខាងក្រសួងបានស្រាវជ្រាវរកឃើញអ្នកជំងឺហើយ ប៉ុន្តែមិនមានរោគសញ្ញាពាក់ព័ន្ធទៅនឹងវីរ៉ុសកូរ៉ូណានឹងទេ ហើយខាងយើងបានយកសំណាកគាត់ទៅមន្ទីរពិសោធ ហើយលទ្ធផលចេញមក គឺអវិជ្ជមាន ដូច្នេះព័ត៌មានដែលបានចុះផ្សាយ គឺជាការមិនពិត»។

បើតាមលោកជំទាវវេជ្ជបណ្ឌិត ជនជាតិចិនម្នាក់នេះ គឺអត់មានរោគសញ្ញាចូលទៅក្នុងករណីសង្ស័យ COVID-19 អ្វីបន្តិចសោះ ប៉ុន្តែដើម្បីឱ្យមានភាពច្បាស់លាស់ក្រុមអ្នកជំនាញនៃក្រសួងសុខាភិបាលកម្ពុជា បានយកសំណាករបស់គាត់ទៅពិនិត្យម្ដងទៀតនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយជាលទ្ធផលគឺមិនមានផ្ទុកវីរ៉ុសកូរ៉ូណាទេ។

លោកជំទាវវេជ្ជបណ្ឌិតក៏បានបញ្ចាក់ប្រាប់ថា មន្ទីរពេទ្យថៃ ខាង នៅខេត្តព្រះសីហនុនោះ ពុំមានច្បាប់អនុញ្ញាតនោះទេ។

លិខិតជាភាសាចិនដែលចេញដោយមណ្ឌលគ្រប់គ្រង និង បង្ការជំងឺទីក្រុង ឆុង ឈីងប្រទេសចិន។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង