Cct850x100 1

គ្រឿងញៀនជិត២០០គីឡូគ្រោងនាំចេញពីកម្ពុជាទៅកោះតៃវ៉ាន់ត្រូវបានបង្ក្រាប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនការជួញដូរគ្រឿងញៀនឆ្លងដែននាំចេញទៅកោះតៃវ៉ាន់ ដោយរឹបអូសគ្រឿងញៀនជិត២០០គីឡូក្រាម និងសារធាតុគីមីសរុបជាង៣០០០គីឡូក្រាម សម្រាប់ផលិតគ្រឿងញៀន។

អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានកណ្តាលសន្តិសុខ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវករណីជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់បម្រុងនាំចេញទៅបរទេស ចំនួន ១៨៥.០២គីឡូក្រាម ដោយសហការជាមួយអង្គភាពគយ នៃប្រទេសចិន តាមរយៈអង្គការ UNODC ប្រចាំប្រទេសថៃ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 

សមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះឆែកឆេរទីតាំងលាក់ទុកនូវសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនមួយកន្លែងនៅក្នុងខណ្ឌកំបូល ដោយដកហូតបាននូវសារធាតុគីមីចំនួន ១១មុខ សរុបមានទម្ងន់ ៣១៤៦.១៩គីឡូក្រាម និងបន្តចុះឆែកឆេរទីតាំងរក្សាទុកម៉ាស៊ីនសម្រាប់ផលិតគ្រាប់ថ្នាំញៀនមួយកន្លែងទៀត ស្ថិតក្នុងខណ្ឌដង្កោ ដោយរឹបអូសបានម៉ាស៊ីនអុកគ្រាប់ថ្នាំញៀនចំនួន ០២គ្រឿង និងពុម្ពគ្រាប់ថ្នាំញៀនចំនួន ១៤សម្រាប់។

តាមការបញ្ជាក់របស់សមត្ថកិច្ច ករណីជួញដូរគ្រឿងញៀននេះ គឺជាករណីឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំងច្បាស់លាស់ និងមានមេខ្លោងនៅបរទេស ហើយមានបំណងនាំចេញទៅកោះតៃវ៉ាន់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបន្តស្រាវជ្រាវមុខសញ្ញាមេខ្លោងនៅបរទេស និងមុខសញ្ញាពាក់ព័ន្ធ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

គួរបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានកណ្តាលសន្តិសុខ បានដឹកនាំបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ជាក់ស្តែង ដោយសហការជាមួយអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ដោយឃាត់ជនសង្ស័យចំនួន ០១នាក់ ជនជាតិខ្មែរ និងវត្ថុតាងគ្រឿងញៀនចំនួន ១៩៨ដុំ លាក់បង្កប់ក្នុងកេសការ៉ូឈើបន្លំជាគ្រឿងសង្ហារឹម។ ក្រោយនាំខ្លួនជនសង្ស័យមកសាកសួរ នាយកដ្ឋានកណ្តាលសន្តិសុខ បានសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន បន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជនជាតិចិនបានម្នាក់ទៀត ដែលជាមុខសញ្ញាកែច្នៃគ្រឿងញៀន និងរឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៨.៤៥គីឡូក្រាម និងសារធាតុគីមីផ្សំសម្រាប់កែច្នៃគ្រឿងញៀនចំនួន ២០.១៦គីឡូក្រាម ព្រមទាំងឧបករណ៍ សម្រាប់កែច្នៃមួយចំនួន ក្នុងបន្ទប់ខុនដូររបស់ជនសង្ស័យ៕


Khcct banner

អត្ថបទទាក់ទង