Yearendyearend1140x150

លោកជាពុំសក្ខីណា៖០៣ចំណុចសំខាន់ៗដើម្បីពង្រឹងសមត្ថភាពពេលរៀននៅប្រទេសចិន

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
លោក ជា ពុំសក្ខីណា ក្នុងថ្ងៃពិធីទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យឈីងហ័រ (Tsinghua University) នៅទីក្រុងប៉េកាំង 

(រូបភាពដោយ៖ លោក ជា ពុំសក្ខីណា)

ភ្នំពេញ៖ និស្សិតកម្ពុជាដ៏ឆ្នើមមួយរូបម្នាក់កំពុងសិក្សាថ្នាក់បណ្ឌិតផ្នែកវិស្វករសំណង់ស៊ីវិលនៅប្រទេសចិន គឺលោក ជា ពុំសក្ខីណា មានស្រុកកំណើតនៅរាជធានីភ្នំពេញ ហើយជាអតីតសិស្សវិទ្យាល័យជាស៊ីម សន្ធរម៉ុក។ ក្នុងវ័យអាយុ ២៦ឆ្នាំ និស្សិតថ្នាក់បណ្ឌិតវិស្វករសំណង់ស៊ីវិលរូបនេះ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា នៅឆ្នាំ២០១០ ខ្លួនបានប្រឡងបាក់ឌុបចប់ហើយ ក៏ប្រលងចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)បាន ០១ឆ្នាំក៏បានដាក់ពាក្យប្រលងយកអាហារូបករណ៍ទៅក្រៅប្រទេស មានប្រទេសជប៉ុន និងចិន។ តែទីបំផុតដោយសារ លោក សក្ខីណា ទទួលបានលទ្ធផលជាប់ជាស្ថាពរទៅរៀននៅចិនមុនពេលខ្លួនជាប់់វគ្គសម្ភាសន៍ទៅសិក្សានៅជប៉ុន។ ចុងក្រោយលោកក៏សម្រេចចិត្តទៅរៀននៅប្រទេសចិនថ្នាក់បរិញ្ញាបត្រផ្នែកវិស្វករសំណង់ស៊ីវិល។ ក្នុងនេះដែរ លោកជា ពុំសក្ខីណា នឹងចែករំលែកបទពិសោធន៍ក្នុងការដាក់អាហារូបករណ៍ និងដំណើរការសិក្សារបស់ខ្លួន ក្នុងការពង្រឹង អភិវឌ្ឍចំណេះដឹង ជំនាញសមត្ថភាពនៃសិក្សារបស់ខ្លួននៅពេលរៀននៅប្រទេសចិន តាំងពីថ្នាក់បរិញ្ញាបត្រឆ្នាំ២០១១រហូតដល់បណ្ឌិតនឹងបញ្ចប់នៅឆ្នាំ២០២៣។ 

លោក ជា ពុំសក្ខីណា ប្រាប់ថា « បន្ទាប់ពីបានជាប់ការប្រលងអាហារូបករណ៍របស់ក្រសួងអប់រំ ខ្ញុំបានទៅសិក្សាចិននៅឆ្នាំ២០១១ ដែលតម្រូវឲ្យសិក្សាភាសាចិនមួយឆ្នាំសិននៅសាកលវិទ្យាល័យគរុកោសល្យឥសាន(Northeast Normal University) នៅទីក្រុងឆាងឆួន ខេត្តជីលីន មុននឹងចូលរៀនជំនាញណាមួយ។ ក្នុងឆ្នាំសិក្សា ២០១២-២០១៦ ខ្ញុំបាទក៏បានចូលសិក្សាបរិញ្ញាបត្រជំនាញបានជ្រើសរើសគឺ វិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យវិស្វកម្មក្រុងហាប៊ីន (Harbin Engineering University) នៅខេត្តហីឡុងជាំង។ នៅឆ្នាំសិក្សា ២០១៦-២០១៩ ខ្ញុំបន្តការសិក្សាផ្នែកអនុបណ្ឌិតនៅសាកលវិទ្យាល័យឈីងហ័រ (Tsinghua University) នៅទីក្រុងប៉េកាំង ដោយចាប់យកផ្នែកគ្រោងដែក ជាប្រធានបទស្រាវជ្រាវ។ បច្ចុប្បន្ន ខ្ញុំជានិស្សិតថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យឈីងហ័រ ជំនាញផ្នែកគ្រោងដែក ដូចគ្នានឹងថ្នាក់អនុបណ្ឌិតដែរ នៃឆ្នាំសិក្សា ២០១៩-២០២៣»។

ថ្ងៃទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិត (រូបភាពដោយ៖ លោក ជា ពុំសក្ខីណា)
(រូបភាពដោយ៖ លោក ជា ពុំសក្ខីណា)
ចូលរួមការប្រលងគណិតវិទ្យាអូឡាំព្យាដអន្តរជាតិ នៅប្រទេស Kazhastan (រូបភាពដោយ៖ លោក ជា ពុំសក្ខីណា)

មូលហេតុដែលខ្លួនបានជ្រើសរើសជំនាញវិស្វករសំណង់ស៊ីវិលនៅក្នុងអាហារូបករណ៍មកសិក្សានៅចិន ពីព្រោះតែ លោក ជា ពុំសក្ខីណា យល់ឃើញថា នៅស្រុកខ្មែរមានការរីកចំរើនលឿនគួរឱ្យកត់សម្គាល់ ទាំងសេដ្ឋកិច្ច ហេតុនេះក៏ឃើញមានអាគារខ្ពស់ៗ អគារទំនើបធំៗជាច្រើនបានកើនឡើងជាលំដាប់ផងដែរ។ ទន្ទឹមនឹងការកើនឡើងនៃអគារខ្ពស់ៗ និងសំណង់ផ្សេងៗជាច្រើន ជាក់ស្ដែងវាក៏នៅតែមានការខ្វះខាតខាងបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធនៃសំណង់ផងដែរ ទើបខ្លួនសម្រេចចិត្តរៀនជំនាញខាងវិស្វករនៅចិនដែលជាប្រទេសដែលមានភាពល្បីល្បាញខាងជំនាញវិស្វករសំណង់ស៊ីវិល នេះគឺដើម្បីពេលខ្លួនបានរៀនចប់ពីទីនោះទៅ ខ្លួនអាចយកចំណេះដឹង ជំនាញ និងបទពិសោធន៍ទាំងអម្បាលម៉ានមកជួយអភិវឌ្ឍផ្នែកបច្ចេកទេសសំណង់ដែលជាផ្នែកមួយប្រទេសជាតិកំពុងត្រូវការក្នុងការជួយស្ដារប្រទេសជាតិឱ្យបានរីកចំរើនគ្រប់វិស័យ។

ចំពោះដំណើរការនៃការដាក់ពាក្យប្រលងអាហារូបករណ៍ លោក សក្ខីណា បានអះអាងថា សម្រាប់ខ្លួនលោកផ្ទាល់ មុននឹងប្រលង យើងត្រូវសិក្សាស្វែងយល់ជាមុនសិន អំពីដំណើរការ និងលក្ខខណ្ឌនៃការប្រលងនោះ តួយ៉ាងដូចជា បេក្ខជនត្រូវដឹងពីមុខជំនាញនានាដែលគេផ្ដល់ឱ្យបានប៉ុន្មានកន្លែង នៅសាកលណាខ្លះ ហើយចែកជាប៉ុន្មានជុំ ឬប៉ុន្មានវគ្គនៃការប្រលង ហើយលក្ខណៈដូចម្ដេចខ្លះ។ សម្រាប់រូបលោកផ្ទាល់ នៅជុំដំបូង លោកត្រូវប្រលងសំណេរ ដោយមានមុខគណិតវិទ្យា ភាសាអង់គ្លេស។ ហើយមានភាសាចិនដែរ ក៏ប៉ុន្តែវាមិនចាំបាច់ត្រូវតែចេះទេ បើចេះក៏ល្អដែរ តែបើមិនចេះក៏វាមិនមែនជាបញ្ហាទេ សម្រាប់បេក្ខជនម្នាក់ៗឡើយ។ ជាវិធីល្អដើម្បីជាប់អាហារូបករណ៍ បេក្ខជនគួរស្វែងរកវិញ្ញាសារឆ្នាំមុនៗ ដើម្បីសាកល្បងធ្វើ រួមជាមួយនឹងឯកសារចាស់ៗ តាំងពីថ្នាក់វិទ្យាល័យ និងថ្នាក់ពិសេសកម្រិតខ្ពស់ផងដែរ ដោយសារការប្រលងអាហារូបករណ៍ ពេលខ្លះវាអាចចេញវិញ្ញាសារលើសពីការរៀននៅវិទ្យាល័យតិចតួចដែរ នេះវាទាមទារឱ្យមានការសិក្សាស្រាវជ្រាវមេរៀន និងលំហាត់បន្ថែមទៀត។

នៅក្នុងជុំទីពីរ គឺវគ្គសម្ភាសន៍ផ្ទាល់មាត់ គឺភាគច្រើនផ្ដោតសំខាន់ទៅលើគម្រោងសិក្សា(Study Plan) ដែលយើងបានធ្លាប់សរសេររួចនៅពេលដាក់ពាក្យ ថាតើមូលហេតុអ្វីបានជាខ្លួនចង់រៀនមុខវិជ្ជាហ្នឹង នៅសាលាហ្នឹង អ្វីដែលយើងរំពឹងពីការសិក្សាមុខជំនាញហ្នឹង នៅប្រទេសហ្នឹង ក្រោយពេលសិក្សាចប់ អ្វីដែលជាទស្សនវិស័យ ចក្ខុវិស័យរបស់យើងក្នុងការអភិវឌ្ឍន៍មាតុភូមិខ្លួនវិញ បូករួមផ្សំជាមួយជីវប្រវត្តិផ្ទាល់មួយចំនួនទៀត។ បើសិនជាគម្រោងសិក្សាមួយនោះ យើងខ្លួនឯងជាអ្នកសរសេរដោយផ្ទាល់ដៃ និងជាគំនិតផ្ទាល់ខ្លួនស្រាប់ នោះដំណាក់កាលសម្ភាសន៍នេះ ពុំមែនជាបញ្ហាធំដុំឡើយ យើងគួរឆ្លើយតាមភាពជាក់ស្ដែង និងគួរតែត្រៀមលក្ខណៈជាមុនផងដែរ ដូចជាការមើលរបៀបរបបនៃការឆ្លើយតបនៃសម្ភាសន៍ និងសំណង់ប្រយោគក្នុងការឆ្លើយតបរបស់អ្នកដែលធ្លាប់មានបទពិសោធន៍ តាមរយះវីដេអូផ្សេងៗ ដើម្បីឱ្យគេស្ដាប់ទៅងាយយល់ ច្បាស់លាស់ និងតាមអ្វីដែលគេចង់បាន ណាមួយក៏ជួយឱ្យមានការត្រៀមខ្លួន មានទំនុកចិត្តលើខ្លួនឯង និងកាត់បន្ថយការភ័យ កុំឱ្យមានភាពរអាក់រអួលផងដែរ។

លោក ជា ពុំសក្ខីណា ក្នុងថ្ងៃទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកវិស្វករសំណង់ស៊ីវិល នៅប្រទេសចិន ទីក្រុងប៉េកាំង  (រូបភាពដោយ៖ លោក ជា ពុំសក្ខីណា)

សម្រាប់លោកជា ពុំសក្ខីណា ផ្ទាល់ បទពិសោធន៍ដើម្បីពង្រឹងសមត្ថភាពនៃសិក្សារបស់ខ្លួននៅប្រទេសចិន មាន ០៣ចំណុចសំខាន់ៗគឺ ចំណុចសំខាន់ទីមួយ៖ «ការរៀនភាសាចិន» ការសិក្សាថ្នាក់បរិញ្ញាបត្រត្រូវទាមទារឱ្យរៀនជាភាសាចិន ហើយលោកបេជ្ញាចិត្តប្រលងចូលរៀនតាមកម្រិតភាសាចិន (HSK5-Level 5) នៅកម្រិត៥ ដែលជាធម្មតា និស្សិតធ្វើយ៉ាងណាប្រលងចូលរៀនភាសាបានត្រឹម(HSK4 -Level 4)កម្រិត៤ក៏បាន។ ប៉ុន្តែលោក សក្ខីណា គិតថា ទោះបីវាជាកម្រិតពិបាកក៏ដោយ បើសិនជាខ្លួនបានចូលរៀនកម្រិតភាសាខ្ពស់ក៏ជាវិធីល្អ វាក៏ជាឱកាសដើម្បីឱ្យលោកមានការខិតខំប្រឹងប្រែងដើម្បីអាចមានលទ្ធភាពពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងផងដែរ។

ចំណុចសំខាន់ទីពីរ៖«ការរំលឹកមេរៀន និងការមើលមេរៀនឱ្យបានមុន» ពេលមកសិក្សានៅសាលារៀន។ ឧទាហរណ៍ និស្សិតគួរត្រូវរំលឹកមេរៀន និងមើលមេរៀនដែលត្រូវរៀនម៉ោងក្រោយ មួយថ្ងៃមុន ឬសប្ដាហ៍ក្រោយ ដើម្បីឱ្យមានឱកាសក្នុងការសិក្សាស្វែងយល់ និងដឹងខ្លះពីខ្លឹមសាមេរៀនដែលត្រូវរៀន ងាយស្រួលពេលយើងឆ្ងល់មេរៀន និងស្ដាប់គ្រូពន្យល់ជាភាសាចិន វានឹងមិនសូវជាបញ្ហាខ្លាំង សម្រាប់យើង បើពុំដូច្នោះទេ បើយើងមិនបានមើលរំលឹកទាល់តែសោះ យើងត្រូវចំណាយពេលបកប្រែពាក្យថ្មីៗដែលយើងមិនធ្លាប់ជួបក៏ថាបាន ចឹងវាធ្វើឱ្យខាតពេលវេលា ខកខាននូវការស្ដាប់គ្រូពន្យល់ខ្លឹមសារមេរៀនថ្មីផងដែរ ហើយពេលរៀនហើយត្រលប់មកផ្ទះវិញ ក៏យើងត្រូវតែរំលឹកមេរៀនសារឡើងវិញ ចឹងបានការរៀនរបស់យើងមានប្រសិទ្ធិភាព។ ហើយបន្ទាប់មកមានពេលវេលាហើយ ត្រូវធ្វើកិច្ចការផ្ទះ លំហាត់របស់គ្រូ និងកិច្ចការស្រាវជ្រាវដែលគ្រូដាក់ឱ្យ ដោយទៅអង្គុយនៅបណ្ណាល័យសាកលវិទ្យាល័យរហូតដល់បិទកន្លែង នេះជាទម្លាប់ដែលខ្ញុំបានរៀនតាមនិស្សិតនៅទីនោះផងដែរ ឃើញថាវាពិតជាមានប្រសិទ្ធភាពល្អ។

ចំណុចសំខាន់ទីបី៖«ការបង្កើតទំនាក់ទំនងមិត្តភាពជាមួយមិត្តភក្តិជនជាតិចិន» ជារឿងសំខាន់ផងដែរ កាលណាយើងឧស្សាហ៍និយាយភាសាជាមួយពួកគាត់ យើងបានទទួលបានចំណេះដឹង បទពិសោធន៍ របៀបនៃការនិយាយភាសា និយាយទៅបើបានដើរជាមួយជនជាតិចិនបានច្រើនយើងនឹងចេះប្រើប្រាស់ភាសាចិនបានត្រឹមត្រូវ និងល្អប្រសើរជាងមុន ហើយម្យា៉ងទៀតពួកយើងអាចចែករំលែកវប្បធម៌រវាងគ្នានឹងគ្នាបានដូចគ្នាផងដែរ ហើយពេលយើងមានភាពងាយស្រួលក្នុងការរកឯកសារ ក៏ដូចជាឆ្ងល់មេរៀនអ្វី ពួកគាត់រីករាយនឹងចែករំលែកមកនិស្សិតផ្សេងៗទៀតផងដែរ។ បន្ថែមពីលើនេះទៀត ពួកយើងគួរតែ «ព្យាយាមចូលរួមការងារ និងសកម្មភាពក្នុងសង្គម» ឱ្យបានច្រើនតាមលទ្ធភាពក៏ដូចជាការប្រលងប្រជែងផ្សេងៗដូចជា គណិតវិទ្យា ជំនាញច្នៃប្រឌិតផ្សេងៗក្នុងការអភិវឌ្ឍសមត្ថភាពការគិតពិចារណាស៊ីជម្រៅ សមត្ថភាពដោះស្រាយបញ្ហានានា ប្រកបដោយភាពច្នៃប្រឌិត និងបង្កើននូវបទពិសោធន៍ជីវិត ទំនាក់ទំនងផ្សេងៗទៀត។

ការសម្ដែងចំណាប់អារម្មណ៍នៅក្នុងកម្មវិធីចែករង្វាន់និស្សិតបរទេសឆ្នើមរបស់ធនាគារអភិវឌ្ឍចិន (រូបភាពដោយ៖ លោក ជា ពុំសក្ខីណា)

ឆ្លងតាមបទពិសោធន៍ លោក ជា ពុំសក្ខីណា ថា « ខ្ញុំពិតជាមានមោទកភាព និងក្ដីរីករាយជាខ្លាំងនៅពេលបានកសាងស្នាដៃជាបន្តបន្ទាប់នៃការសិក្សារបស់ខ្ញុំការខិតខំប្រឹងប្រែងរបស់ខ្លួនតាំងពីរៀនថ្នាក់វិទ្យាល័យរហូតមកដល់បច្ចុប្បន្ន នៅតែមានលទ្ធផលល្អបន្តបន្ទាប់។ ជាពិសេស នៅពេលខ្ញុំបានឡើងលើឆាកអន្តរជាតិដើម្បីទទួលបានស្នាដៃល្អមួយដែលតំណាងឱ្យប្រទេសកម្ពុជាទាំងមូលឱ្យប្រទេសដទៃទៀត បានឃើញថា កូនខ្មែរពិតជាមានសមត្ថភាពអាចធ្វើបាន។ តួយ៉ាងនៅពេលសិក្សានៅចិន លោកគ្រូអ្នកគ្រូខ្ញុំ តែងតែស្ងើចសរសើរនិស្សិតកម្ពុជាថារៀនពូកែបានខ្លាំងជាងបរទេសផ្សេងៗ ចេះយកចិត្តទុកដាក់រៀនសូត្រ ឧស្សាហ៍ព្យាយាម ចេះគោរពវិន័យបានខ្ជាប់ខ្ជួន និងមានសុជីវធម៌ល្អ។ ដូចនេះ ក្នុងនាមជានិស្សិតខ្មែរមួយរូបដែរ ខ្ញុំពិតជាសប្បាយចិត្តក្នុងការលើកស្ទួយមុខមាត់ប្រទេសកម្ពុជាឱ្យគេបានស្គាល់បានទូលំទូលាយ»។

ការសម្ដែងចំណាប់អារម្មណ៍ក្នុងកម្មវិធីប្រគល់លិខិតជ័យលាភីអាហារូបករណ៍ឆ្នាំសិក្សា២០១៩-២០២០ នៅស្ថានទូតចិន (រូបភាពដោយ៖ លោក ជា ពុំសក្ខីណា)

នៅពេលរៀនបញ្ចប់ថ្នាក់បណ្ឌិតពេលខាងមុខឆ្នាំ២០២៣នេះ ហើយត្រឡប់មកស្រុកកំណើតវិញ លោក ជា ពុំសក្ខីណា បេជ្ញាចិត្តថា ខ្លួននឹងចូលរួមចំណែកជាមួយយុវជនថ្មីៗ ទាក់ទងនឹងជំនាញវិស្វករ និងជំនាញថ្មីៗផ្សេងទៀត ចូលរួមជាមួយនឹងរៀមច្បង លោកគ្រូអ្នកគ្រូរៀមច្បងក្នុងគោលបំណងពង្រឹងលើវិស័យអប់រំផ្នែកការស្រាវជ្រាវ(Research)ឱ្យកាន់តែរីកចំរើនឡើង និងខ្លាំងឡើង។ សម្រាប់ជំនាញវិស្វកម្មសំណង់ស៊ីវិលនៅកម្ពុជា ភាគច្រើននៅមានបទដ្ឋានផ្ទាល់ខ្លួនមានលក្ខណៈមិនទាន់ពេញលេញនៅឡើយទេ ដូចជាការគណនា ការរចនា ការច្នៃប្រឌិតអគារនីមួយៗ បែបលក្ខណៈផ្ទាល់ខ្លួន នៅឡើយទេ ដូច្នេះលោកសង្ឃឹមថា លោកនឹងអាចចូលរួមចំណែកមួយផងដែរ ក្នុងការរៀបចំជាបទដ្ឋាននៃការគណនា ការរចនា ឬសំណង់អាគារផ្សេងៗ ប្រកបដោយគុណភាពសម្រាប់កម្ពុជាផងដែរ។

លោក ជា ពុំសក្ខីណា ក្នុងថ្ងៃពិធីទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យឈីងហ័រ (Tsinghua University) នៅទីក្រុងប៉េកាំង

(រូបភាពដោយ៖ លោក ជា ពុំសក្ខីណា)

និស្សិតកម្ពុជាដ៏ឆ្នើមមួយរូប សូមថ្លែងអំណរគុណជូនទៅដល់អ្នកមានគុណរបស់ខ្លួនដែលតែងតែលើកទឹកចិត្ត និងគាំទ្រនូវការសម្រេចចិត្តរបស់កូនតាំងពីដើមមក ហើយលោកសូមថ្លែងអរគុណជូនទៅដល់លោកគ្រូអ្នកគ្រូសាស្រ្តាចារ្យទាំងអស់ តាំងពីថ្នាក់តូចរហូតដល់បច្ចុប្បន្ន បងប្អូន មិត្តភក្ដិជាច្រើននាក់ និងជាមួយនឹងស្ថានទូតកម្ពុជានៅប្រទេសចិនដែលតែងតែផ្ដល់ឱ្យនិស្សិតចិនទទួលបានអាហារូបករណ៍ និងជួយសម្របសម្រួលឱ្យនិស្សិតអាចមានឱកាសសិក្សានៅចិនបន្តថ្នាក់លើទៀតបាន។ ពួកគាត់ពិតជាយកចិត្តទុកដាក់ណាស់ ជារៀងរាល់ឆ្នាំហើយតែងតែប្រារព្ធពិធីបុណ្យផ្សេងៗដូចជា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពិធីបុណ្យឯករាជ្យជាដើមជូនដល់និស្សិតកម្ពុជា។ លោកសូមអរគុណដល់សិស្សច្បងដែលជាអតីតនិស្សិតកម្ពុជានៅសាកលវិទ្យាល័យឈីងហ័រទាំងអស់ ជាពិសេសឯកឧត្តមទេស រុក្ខាផល អគ្គនាយកគគបនៅក្រសួងការងារ, បងប្រុស ថោង សាម៉ុន ដែលបានផ្ដល់ដំបូន្មានល្អៗ និង ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ, បងប្រុសវេជ្ជបណ្ឌិត ជិន សំណាង ជាប្រធានសមាគមប្រឹក្សាសុខភាពប្រជាជន បានផ្ដល់ឱកាសឱ្យលោកបានចូលរួមចំណែកក្នុងការងារសង្គមជាមួយរដ្ឋាភិបាល ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ជាមតិយោបល់ចុងក្រោយរបស់លោក ជា ពុំសក្ខីណាគឺ លោកសូមឱ្យនិស្សិតកម្ពុជាទាំងអស់ដែលបានត្រលប់មកពីសិក្សានៅប្រទេសក្រៅ ដោយនាំយកចំណេះដឹងជំនាញ និងបទពិសោធន៍ល្អៗ ថ្មីៗ ពីបរទេសមកជួយអភិវឌ្ឍប្រទេសជាតិមាតុភូមិ។ ហើយសម្រាប់និស្សិតដែលមិនទាន់បានដាក់ពាក្យប្រលងទៅសិក្សាអាហារូបករណ៍នៅបរទេស លោកសង្ឃឹមថា ពួកគាត់នឹងជ្រើសរើសជំនាញសិក្សាដែលខ្លួនស្រលាញ់ ព្រោះលោកសង្កេតឃើញថា កាលជំនាន់លោកប្រឡង១០ឆ្នាំមុន ភាគច្រើននិស្សិតខ្មែរដាក់ជំនាញដូចៗគ្នា រួមទាំងខ្លួនលោកផងដែរ គឺផ្នែកសំណង់ស៊ីវិលប្រហែល៥០ភាគរយនៃនិស្សិតទាំងអស់ និងជំនាញពេទ្យក៏មានច្រើនផងដែរ។ ហេតុនេះហើយ លោកសូមលើកទឹកចិត្តចំពោះសិស្សប្អូនក៏ដូចជានិស្សិតខ្មែរនានា ក្នុងការដាក់មុខជំនាញសិក្សាថ្មីៗ ដែលតាមពិតទៅផ្នែកជំនាញផ្សេងៗទៀតក្នុងនោះមាន វិស្វកម្មគីមី វិស្វកម្មជីវៈ វិស្វកម្មបរិស្ថាន ខាងថាមពល និងខាងស្វ័យប្រវត្តិកម្ម AI ( Automation) គឺមិនសូវមាននិស្សិតដាក់ពាក្យមករៀនទេ ដែលសុទ្ធតែជាជំនាញតម្រូវការច្រើនផងដែរ។ នេះគឺវិធីមួយក្នុងការទទួលបានចំណេះដឹងបទពិសោធន៍ថ្មីៗ ពីប្រទេសផ្សេងៗទៀត ព្រោះកម្ពុជាត្រូវការធនធានមនុស្សដែលមានជំនាញច្រើនប្រភេទ ជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍប្រទេសខ្លួន នាពេលបច្ចុប្បន្ននេះ និងទៅថ្ងៃអនាគត។

ពិធីប្រគល់រង្វាន់សិស្សពូកែទូទាំងប្រទេសឆ្នាំ២០១០ (រូបភាពដោយ៖ លោក ជា ពុំសក្ខីណា)

សូមបញ្ជាក់ថា នៅឆ្នាំ២០០៧ លោក ជា ពុំសក្ខីណា ធ្លាប់សិស្សពូកែគណិតវិទ្យាទូទាំងប្រទេសទទួលបានជ័យលាភីមេដាយមាស ថ្នាក់ទី១២ (កម្រិតមធ្យមសិក្សាបឋមភូមិ) ហើយនៅឆ្នាំ២០១០ ធ្លាប់បានជ័យលាភីមេដាយមាសសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសថ្នាក់ទី៩ (កម្រិតមធ្យមសិក្សាទុតិយភូមិ)។ ដល់ឆ្នាំ២០១០ លោក សក្ខីណា បានទទួលវិញ្ញាបនប័ត្ររង្វាន់កិត្តិយសក្នុងការប្រលងសិស្សពូកែគណិតវិទ្យាអូឡាំព្យាអន្តរជាតិបន្ថែមទៀត។ នៅឆ្នាំ២០១៦ លោកបានទទួលជ័យលាភីលេខ១ ក្នុងការប្រលងធ្វើស្ពាននៅសហរដ្ឋអាមេរិច និងនៅឆ្នាំ២០១៨ លោកទទួលបានពានរង្វាន់និស្សិតបរទេសឆ្នើមរបស់ធនាគារអភិវឌ្ឍចិន ហើយត្រូវបានជ្រើសរើសជាតំណាងសិស្សជ័យលាភីដើម្បីសម្ដែងចំណាប់អារម្មណ៍នៅក្នុងកម្មវិធីចែករង្វាន់។

មិនតែប៉ុណ្ណោះ និស្សិតថ្នាក់បណ្ឌិតវិស្វករសំណង់ស៊ីវិលរូបនេះ ក៏ជាទីប្រឹក្សាជាន់ខ្ពស់ទទួលខុសត្រូវផ្នែកទំនាក់ទំនងអន្តរជាតិនៃសមាគមប្រឹក្សាសុខភាពប្រជាជន ដើម្បីជួយសម្រួលការងារជាមួយនឹងដៃគូបរទេសជាពិសេសប្រទេសចិន ជាក់ស្តែងនៅពេលប្រទសកម្ពុជាកំពុងតែជួបបញ្ហាវិបត្តិកូវីដ-១៩ គឺលោកបានជួយសម្របសម្រួលក្នុងការស្វែងរកជំនួយពីខាងភាគីចិនដើម្បីជួយជ្រោមជ្រែងដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ និងការពារជំងឺឆ្លងកូវីដ-១៩នេះ។ លើសពីនេះលោកក៏បានចូលរួមការងារសង្គម និងសាលារបស់ខ្លួនបានច្រើន ក្នុងនាមតំណាងនិស្សិតនៅទីក្រុងប៉េកាំងផ្ទាល់ នៅក្នុងឆ្នាំសិក្សា២០១៩-២០២០ ហើយថ្មីៗនេះ លោកក៏បានបង្កើតជាក្រុមការងារមួយក្នុងការណែនាំ និងផ្សព្វផ្សាយពីរបៀបនៃការដាក់អាហារូបករណ៍មកសិក្សានៅប្រទេសចិន ហើយលទ្ធភាពទទួលបានវិជ្ជមានច្រើនគឺឃើញមាននិស្សិតច្រើនដែលគាត់បានទទួលបានអាហារូបករណ៍មកសិក្សានៅប្រទេសចិន ក្រោយពីទទួលបានការណែនាំពីក្រុមការងារ៕

ការដើរកំសាន្តជាមួយនឹងទេសភាពរដូវរងានៅទីក្រុងហាប៊ីន (រូបភាពដោយ៖ លោក ជា ពុំសក្ខីណា)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង