Yearendyearend1140x150

រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ប្រជុំផ្ដោតលើកូវីដ និងស្ដារសេដ្ឋកិច្ច

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន បានផ្ដោតសំខាន់លើការដោះស្រាយបញ្ហាកូវីដ១៩ និងរួមគ្នាស្ដារសេដ្ឋកិច្ចឡើងវិញ។ នេះបើតាមក្រសួងពាណិជ្ជកម្ម ថ្ងៃ ២៩ កក្កដា ឆ្នាំ២០២០។

ក្នុងកិច្ចប្រជុំពិសេសនេះ គឺធ្វើឡើងដើម្បីរួមគ្នាឆ្លើយតបទៅនឹងបញ្ហាកូវីដ-១៩ និងដំណោះស្រាយនានា ក៏ដូចជាការចែករំលែកក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ជាពិសេសគឺការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងជប៉ុន ដែលរៀបចំឡើងជាសន្និសីទវីដេអូ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានឱ្យដឹងថា

កិច្ចប្រជុំនេះបានអនុម័តលើ ផែនការសកម្មភាពក្នុងការពង្រឹងសេដ្ឋកិច្ចអាស៊ាន-ជប៉ុន។ដោយផែនការនេះក៏ផ្តោតសំខាន់លើការថែរក្សាទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធរវាងអាស៊ាន និងជប៉ុន ការកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ចបណ្តាលមកពីមេរោគកូវីដ-១៩ និងពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីសារៈសំខាន់នៃការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវលើថ្នាំពេទ្យ និងវ៉ាក់សាំង ការរក្សាការបើកចំហទីផ្សារ ក៏ដូចជាការធានានូវលំហូរស្បៀង និងទំនិញក្នុងតំបន់។

ទន្ទឹមនឹងនេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យមានការសហការគ្នាឱ្យកាន់តែជិតស្និទ្ធលើកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ លុបបំបាត់របាំងពាណិជ្ជកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្តារឡើងវិញនូវទំនុកចិត្តរបស់វិស័យធុរកិច្ច និងអតិថិជន។

សូមជម្រាបជូនថា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ឆ្លើយតបទៅនឹងកូវីដ-១៩ ដែលរៀបចំឡើងតាមរយៈសន្និសីទវីដេអូ ហើយកិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ត្រាន់ ទ័នអាន់ (Tran Tuan Anh) រដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងជប៉ុន និងអគ្គលេខាធិការអាស៊ានផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង