Yearendyearend1140x150

លោក ឡី កំថូង៖ ការចាប់ផ្ដើមធ្វើ CheckinMe មិនបានចំណាយថវិកាផ្ទាល់ខ្លួនច្រើននោះទេ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ CheckinMe ជាបច្ចេកវិទ្យាថ្មីមួយនៃការស្រង់វត្តមានបុគ្គលិកតាមរយៈ QR Code ដែលជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីស្កេនមេដៃ។ បើទោះជាវត្តមានបច្ចេកវិទ្យា CheckinMe បាននាំមកនូវភាពជោគជ័យជាច្រើន ជាពិសេសការមានវត្តមានបច្ចេកវិទ្យាកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្ដរជាតិ ប៉ុន្ដែការចាប់ផ្ដើមដំបូង ក្នុងការបង្កើតបច្ចេកវិទ្យា CheckinMe នេះ មិនបានចំណាយថវិកាច្រើននោះទេ។

សហគ្រិនវ័យក្មេងលោក ឡី កំថូង នាយកប្រតិបត្តិក្រុមហ៊ុន CheckinMe មានទីកន្លែងកំណើតនៅខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ លោកបានបន្ដការសិក្សាជំនាញព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យន័រតុន បន្ទាប់ទៀតលោកក៏បានបន្ដការសិក្សាជំនាញបច្ចេកវិទ្យាទូរស័ព្ទដៃ នៅប្រទេសឥណ្ឌា។

លោក ឡី កំថូង នៅក្នុងកម្មវិធី China-ASEAN Innovation Entrepreneurship Camp and Tour

លោក ឡី កំថូង បានប្រាប់ស៊ីស៊ីថាមស៍ថា លោកធ្លាប់ធ្វើអាជីវកម្មជាច្រើន ពាក់ព័ន្ធជាមួយបច្ចេកវិទ្យា ដែលដំបូងឡើយ លោកបានធ្វើទៅលើការអប់រំ ប៉ុន្ដែលោកមិនបានទទួលជោគជ័យឡើយ បើទោះជាលោកព្យាយាមធ្វើឱ្យបានល្អក្ដី នោះក៏ព្រោះតែការខ្វះបទពិសោធ និងខ្វះក្រុមការងារ។ បន្ទាប់ពីភាពបរាជ័យនោះ លោកក៏សម្រេចចិត្តទៅធ្វើការផ្នែកព័ត៌មានវិទ្យា នៅប្រទេសជប៉ុន។

សហគ្រិនវ័យក្មេងរូបនេះ បានបន្ដថា បន្ទាប់ពីលោកបានត្រឡប់មកកម្ពុជាវិញ នឹងបានបង្កើតទំនាក់ទំនងជាមួយអ្នកវិនិយោគ អ្នកជំនាញ និងបានស្វែងរកក្រុមការងារយ៉ាងល្អ និងបានផ្ដើមធ្វើអាជីវកម្មជាលើកទី២ ដែលមានឈ្មោះថា papa deliver ដែលជា delivery educator។ លោក និងក្រុមការងាររបស់លោកបានធ្វើវាយ៉ាងល្អ ហើយ papa deliver ថែមទាំងអាចបង្កើតលុយបានថែមទៀតផង។ ហើយការដែល papa deliver អាចដំណើរការបានបែបនេះ លោកមិនបានចំណាយថវិកាច្រើននោះទេ។

បន្ទាប់ពីជោគជ័យរបស់ papa deliver លោក ឡី កំថូង ក៏បានបង្កើត CheckinMe ដែលលោក និងក្រុមការងារធ្វើវាបានយ៉ាងល្អ និងបានគៀងគរថវិកាបានយ៉ាងច្រើន ដែលអាចរុញ CheckinMe ចូលទៅក្នុងទីផ្សារ និងធ្វើឱ្យវាដើរទៅមុខបាន។ ដូច្នេះលោក និងក្រុមការងារ មិនបានចំណាយថវិការផ្ទាល់ខ្លួនច្រើនឡើយ នៅក្នុងការចាប់ផ្ដើមធ្វើអាជីវកម្មនេះ។

សហគ្រិនវ័យក្មេងមកពីខេត្តបន្ទាយមានជ័យរូបនេះ បានឱ្យដឹងទៀតថា តាំងពីក្លាយខ្លួនជាសហគ្រិនរហូតមកដល់ពេលនេះ រឿងដែលធ្វើឱ្យលោកមានមោទនភាពបំផុត គឺនៅក្នុងឆ្នាំ២០២២ ដែលជាឆ្នាំដែល CheckinMe ទទួលបានពានរង្វាន់ចំនួន៥។ CheckinMe ចូលរួមប្រកួត Alibaba Cloud ដែលជាក្រុមហ៊ុនដ៏ធំនៅលើពិភពលោក និងបានជាប់ជ័យលាភីលេខ២ នៅតំបន់អាស៊ីអាគ្នេយ៍ និង ជាប់ជ័យលាភីលេខ៣ នៅក្នុងតំបន់អាស៊ាន របស់ China ASEAN ។ ពានរង្វាន់ចំនួន៣ទៀត ទទួលបានពីសហគ្រិនខ្មែរ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងសហគ្រិនវ័យក្មេងកម្ពុជា។

ទោះបីជា CheckinMe ទទួលបានភាពជោគជ័យនៅពេលនេះក្ដី ក៏ពួកគេនៅតែមានផលវិបាក នៅក្នុងការដំណើការ CheckinMe ដោយសារអ្នកប្រើប្រាស់នៅកម្ពុជា មានការយល់ដឹងផ្នែកបច្ចេកវិទ្យានៅមានកម្រិត ដែលពិបាកពន្យល់ពួកគេនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព។ បន្ថែមពីនេះ បច្ចេកវិទ្យាពិបាកនៅក្នុងផ្សព្វផ្សាយឱ្យពួកគេយល់ទៅតាម art work ឬ poster នៅក្នុងហ្វេសប៊ុក។ ជាពិសេស ការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាជារៀងរាល់ខែ បច្ចេកវិទ្យាត្រូវការធ្វើបច្ចុប្បន្នភាពជារៀងរាល់ខែ ដូច្នេះពួកគេត្រូវការអ្នកបច្ចេកទេស ក្នុងការតាមដាន ស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាព ឱ្យបានជាប់ជានិច្ច៕

លោក ឡី កំថូង នៅក្នុងកម្មវិធី Alibaba Cloud Global Startup Contest


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង