Cct850x100 1

សម្តេចហ៊ុន សែននិងទូតអាមេរិក៖ការឱ្យនាវាWesterdamចូលចតនៅកម្ពុជា ជាការទប់ស្កាត់វិបត្តិមនុស្សធម៌

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា លោក Patrick Murphy បានបង្ហាញការយល់ឃើញដូចគ្នាថា ការអនុញ្ញាតឱ្យនាវាកម្សាន្ត Westerdamចូលចតនៅខេត្តព្រះសីហនុ គឺជាកាយវិការដោះស្រាយ និងរួមចំណែកទប់ស្កាត់វិបត្តិមនុស្សធម៌។ សម្តេចហ៊ុន សែន និងទូតអាមេរិក បានបង្ហាញការយល់ឃើញដូចគ្នានេះនៅក្នុងជំនួបមួយនៅរសៀលថ្ងៃអង្គារម្សិលមិញ។

លោកPatrick Murphy បានអះអាងនៅចំពោះមុខសម្តេចហ៊ុន សែនថា ការឱ្យនាវាWesterdam ឈប់សំចតនៅលើទឹកកម្ពុជានេះ វាជាកាយវិកាមនុស្សធម៌យ៉ាងពិតប្រាកដ ហើយប្រសិនបើគ្មានការអនុញ្ញាតឱ្យចូលចតទេ នោះនឹងមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ជាមិនខាន។ ជាមួយគ្នានេះ លោកក៏បានលើកឡើងដែរថា នេះជាកាយវិការមនុស្សធម៌ពិតៗ របស់សម្តេច ហើយគឺជាកាយវិការមនុស្សធម៌នៅពេលដែលមនុស្សកំពុងតែត្រូវការចាំបាច់ ។ ជាមួយនឹងកាយវិការនេះ លោកPatrick Murphy គូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តសហការជាមួយនឹងកម្ពុជាបន្តទៀត។

ចំណែក សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនវិញ បានលើកឡើងថា អ្វីដែលកម្ពុជាធ្វើ គឺដើម្បីការងារមនុស្សធម៌សុទ្ធសាធ ពិសេសជាងនេះទៀត ការងារដែលបានធ្វើនេះ គឺធ្វើដើម្បីបញ្ចៀសកុំឲ្យមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ ព្រោះថាប្រសិនណាបើនាវាទេសចរណ៍ Westerdam នេះ មិនត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុទេ មិនដឹងថានាវានេះ ត្រូវបានទៅចូលចតនៅទីណាទេ។ ម្យ៉ាងទៀត ប្រសិនបើមានអ្វីកើតឡើងនៅលើនាវានោះ អ្នកដំណើរពិតជាមានបញ្ហាជាមិនខាន។

បន្ថែមលើនេះ សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានសង្កត់ធ្ងន់ដែរថា កាយវិការរបស់កម្ពុជានៅពេលនេះ បើទោះបីនាវាទេសចរណ៍Westerdamមានអ្នកជំងឺក្ដី ក៏កម្ពុជានៅតែឱ្យចូលចតនៅកម្ពុជាដែរ ហើយកាន់តែឱ្យចូលចតកាន់តែលឿនបំផុតទៀតផង ព្រោះថា ដើម្បីធ្វើយ៉ាងណាជួយសង្គ្រោះអ្នកជំងឺនៅលើកនាវាទេសចរណ៍នេះ ហើយក៏ដូចជាជួយសង្គ្រោះប្រជាពលរដ្ឋ ដែលនៅក្នុងនាវានោះមិនឱ្យឆ្លងពីអ្នកជំងឺដែលមានមេរោគ កូរ៉ូណាវីរុស (Covid-19)។

នាវាខ្នាតយក្សវេស្ទឺដាម បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុកាលពីថ្ងៃទី១៤ ខែកុម្ភៈតាមការអនុញ្ញាតរបស់រដ្ឋាភិបាលកម្ពុជាក្រោយពីប្រទេសចំនួន៥មិនអនុញ្ញាតឱ្យចូលចតដោយសារខ្លាចមានការចម្លងមេរោគឆ្លងកូរ៉ូណា។ នាវានេះផ្ទុកអ្នកដំណើរចំនួន២.២៥៧នាក់ មាន៤១សញ្ជាតិ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះទៅដល់ខេត្តព្រះសីហនុ ដើម្បីទទួលស្វាគមន៍ពួកគេដោយផ្ទាល់។

សម្តេចហ៊ុន សែន បានគូសបញ្ជាក់ឱ្យដឹងថា អ្នកដំណើរតាមនាវាភាគច្រើនបានចេញពីកម្ពុជាទៅហើយ ដោយមិនមានផ្ទុកមេរោគអ្វីសោះឡើយ លើកលែងតែអ្នកដំណើរម្នាក់ដែលឆ្លងកាត់ប្រទេសម៉ាឡេស៊ី ដែលរដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថាមានមេរោគកូរ៉ូណានេះ។ ប៉ុន្តែកម្ពុជាបានស្នើសុំឱ្យពិនិត្យឡើងវិញ ថាតើពិតជាមានមែនឬអត់? ព្រោះថាអ្នកដំណើរនៅកម្ពុជាទាំងប៉ុន្មានដែលបានធ្វើតេស្តកន្លងមក គឺមិនមានមេរោគ Covid-19 ទេ ហើយអ្នកដំណើរដែលបានទៅដល់ប្រទេសថៃ ក៏ខាងរដ្ឋាភិបាលថៃ និងក្រសួងសុខាភិបាលថៃ បញ្ជាក់ថា មិនមានជំងឺនេះផងដែរ។ ម្យ៉ាងទៀត ថ្មីៗនេះអ្នកធ្វើការនៅលើកប៉ាល់ ដែលជាជនជាតិឥណ្ឌូនេស៊ី ប្រមាណ២៦៣នាក់ ក៏ត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី ប្រកាសថាមិនមានផ្ទុកមេរោគនេះដែរ៕

ពាក្យទាក់ទង: Westerdam
Khcct banner

អត្ថបទទាក់ទង