Yearendyearend1140x150

លោកសុខ ឡាក់៖បណ្ណាល័យបញ្ញវន្ត (Scholar Library) បង្កើតឡើងដើម្បីឱ្យយុវជនខ្មែរមានភាពឯករាជ្យក្នុងការសិក្សា

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
លោក សុខ ឡាក់ ជាសហស្ថានិកបណ្ណាល័យបញ្ញវន្ត(Scholar Library) 

ភ្នំពេញ៖ តាមរយៈការផ្ដល់កិច្ចសម្ភាសន៍របស់លោក សុខ ឡាក់ ជាសហស្ថានិកបណ្ណាល័យបញ្ញវន្ត(Scholar Library) ផ្ទាល់បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងចំណោមស្ថានិកទាំង ០៤រូប សុទ្ធតែជាយុវជនខ្មែរដែលស្រលាញ់វិស័យការអាន ស្រលាញ់សៀវភៅ ក្នុងគោលបំណងមានគំនិតចង់ចែករំលែកធនធានសម្រាប់ការអានតាមរយៈសៀវភៅដែលពួកគាត់មាន ចែករំលែកចំណេះដឹងផ្សេងៗ សម្រាប់លើកស្ទួយ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ បំផុសស្មារតីដល់សាធារណជន ជាពិសេសសិស្សានុសិស្ស និស្សិត យុវជនកម្ពុជាឱ្យមានទម្លាប់អាន និង ចែករំលែកផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នានឹងគ្នាផងដែរ និងចង់ឃើញប្រទេសកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចក្នុងការប្រើចំណេះដឹងដោយមិនផ្ដោតលើកម្លាំងកាយពលកម្ម តែអាចប្រើបញ្ញាក្នុងការប្រកបអាជីវកម្ម ឬក៏ធ្វើការងារ និងចូលរួមសកម្មភាពសង្គមផ្សេងៗ។ 

ចំពោះបេសកកម្មនៃការបង្កើតបណ្ណាល័យបញ្ញវន្ត(Scholar Library) មួយនេះ លោក សុខ ឡាក់ បានថ្លែងថា គឺធ្វើយ៉ាងណាដើម្បីឱ្យយុវជនខ្មែរមានភាពឯករាជ្យក្នុងការសិក្សា រៀនសូត្រ ក្នុងការអានដើម្បីទទួលចំណេះដឹង។ ម្យ៉ាងវិញទៀតគោលដៅរបស់បណ្ណាល័យគឺរំពឹងថា នៅពេលដែលអ្នកអាន ឬអ្នកដែលទទួលបានផលប្រយោជន៍ពីបណ្ណាល័យបញ្ញវន្តវិវត្តខ្លួនក្លាយជាធនធានមនុស្សដែលមានគុណភាពមួយរបស់ប្រទេសជាតិ។

បណ្ណាល័យបញ្ញវន្ត(Scholar Library) 

រូបភាពដោយ៖ បណ្ណាល័យបញ្ញវន្ត(Scholar Library)  

តាមរយៈការពិភាក្សាក្នុងកិច្ចសម្ភាសន៍របស់លោក សុខ ឡាក់ សម្រាប់លោកផ្ទាល់ លោកមានជ្រុងគំនិតចំនួន៣ មុននឹងសម្រេចចិត្តចូលរួមជាសមាជិកនៃស្ថានិកបណ្ណាល័យបញ្ញវន្តនេះឡើង។ ជ្រុងគំនិតទីមួយគឺកត្តាបុគ្គល នៅពេលលោករៀននៅថ្នាក់ក្រោម ហើយលោកជាមនុស្សម្នាក់ដែលកើតក្នុងមជ្ឈដ្ឋានមួយដែលទាញឱ្យស្រលាញ់វិស័យការអាន ស្រលាញ់សៀវភៅ និងលោកមិនសូវមានធនធានច្រើនក្នុងការសិក្សា ហើយលោកគិតថា បើសិនយុវជនខ្មែរទទួលបាននូវប្រភពនៃសំណៅឯកសារ សៀវភៅគ្រប់គ្រាន់ ពួកគាត់នឹងអាចក្រេបយកចំណេះដឹង ដោយមានសេរីភាព អាចអភិវឌ្ឍសមត្ថភាពខ្លួនបានល្អប្រសើរក្លាយជាធនធានសំខាន់សម្រាប់ប្រទេសជាតិ។ ជ្រុងទីពីរ គឺកត្តាហានិភ័យដែលកើតឡើងលោកមើលឃើញថា អ្នកមួយចំនួននៅមិនទាន់មានសមត្ថភាពក្នុងការដោះស្រាយបញ្ហាបានល្អប្រសើរនៅឡើយទេ តែផ្ទុយទៅវិញបែរជាធ្វើខ្លួនជាបញ្ហានៅក្នុងសង្គមទៅវិញ។ ជ្រុងទីបី គឺកត្តាសង្គម និងការទទួលបានព័ត៌មាន ដោយលោកសង្កេតឃើញថា យុវជន ឬអ្នកប្រើប្រាស់វិស័យការអាន មានការយល់ដឹង ឬសមត្ថភាពគ្រប់គ្រាន់ក្នុងការអានសៀវភៅនៅមានកម្រិត ដែលវាកត្តាមួយធ្វើឱ្យលោកគិតថា ខ្លួនគួរតែធ្វើអ្វីមួយជាផលប្រយោជន៍សម្រាប់ប្រទេសជាតិ ដោយក្លាយជាផ្នែកតូចមួយក្នុងការជួយបណ្ដុះធនធានមនុស្សប្រកបដោយគុណភាពផងដែរ។

គួររំលឹកថា ប្រវត្តិដំបូងនៃឈ្មោះ «បណ្ណាល័យបញ្ញវន្ត(Scholar Library) »នេះត្រូវបានផ្ដល់ឈ្មោះដោយព្រះសង្ឃមួយអង្គកាលពីឆ្នាំ ២០១៦ ក្នុងគោលដៅដើម្បីធ្វើឱ្យអ្នកអានទាំងឡាយ ពេលដែលបានប្រើប្រាស់នូវសេវាកម្មអាននៅក្នុងបណ្ណាល័យនេះហើយ គឺពួកគាត់ត្រូវបានចាត់ទុកថាជា «បញ្ញវន្ត» មួយរូបហើយ ជាបុគ្គលដែលមានចំណេះដឹងខ្ពង់ខ្ពស់ នៅពេលបច្ចុប្បន្ន និងថ្ងៃខាងមុខ។ ឈ្មោះជា«បញ្ញវន្ត»ដែលខិតខំប្រឹងប្រែងក្រេបយកចំណេះដឹងពីការអានសៀវភៅនៅបណ្ណាល័យមួយនេះ សម្រាប់ផ្សព្វផ្សាយ និងចែករំលែកនូវអ្វីដែលខ្លួនទទួលបានតាមរយៈការសិក្សាស្រាវជ្រាវ និងឆ្លុះបញ្ចាំងពីបេសកកម្មរបស់ស្ថានិកទាំងបួនរូបផងដែរ។

រូបតំណាងនៃបណ្ណាល័យបញ្ញវន្ត​ (Scholar Library) (ប្រភព៖ បណ្ណាល័យបញ្ញវន្ត​)
លោក សុខ ឡាក់ ជាអ្នកស្ម័គ្រចិត្តសកម្មក្នុងសមាគមន៍នៃបណ្ណាល័យបញ្ញវន្តក្នុងការបំផុសចំណេះដឹង ជំនាញយុវបណ្ណារក្ស (ប្រភព៖ បណ្ណាល័យបញ្ញវន្ត​)

ប្រវត្តិដំបូងបណ្ណាល័យបញ្ញវន្តមួយនេះ ដែលកើតឡើងពីការពិភាក្សា និងមានចក្ខុវិស័យដូចគ្នានៃការស្រលាញ់ការអានរបស់ស្ថានិកទំាង ០៤រូបដែលបានប្រមូលផ្តុំសៀវភៅទាំងអស់ចំនួន ២ពាន់ក្បាល ដើម្បីបង្កើតជាបណ្ណាល័យក្នុងដំណាក់កាលដំបូងក្នុងឆ្នាំ២០១៦។ មកដល់ពេលនេះ បណ្ណាល័យបញ្ញវន្តគឺមានអាយុកាលប្រហែល ០៤ឆ្នាំមកហើយ ដែលត្រូវបានបង្កើតឡើង គិតចាប់ពីខែមិថុនាឆ្នាំ២០១៦រហូតដល់បច្ចុប្បន្ននេះ។ បណ្ណាល័យបញ្ញវន្តមួយនេះ មានលក្ខណៈធាតុផ្គុំទាំងបី គឺធាតុសៀវភៅងាប់ ធាតុសៀវភៅ ពាក់កណ្ដាលសម្រេច និងធាតុសៀវភៅរស់។

សកម្មភាពក្នុងការផ្ទេរសៀវភៅ និងផ្ដល់ជូនសៀវភៅ ឯកសាររបស់បណ្ណាល័យបញ្ញវន្ត(Scholar Library)នៅបណ្ណាល័យកំពង់ស្ពឺ
(ប្រភព៖ បណ្ណាល័យបញ្ញវន្ត​)
(ប្រភព៖ បណ្ណាល័យបញ្ញវន្ត​)
សកម្មភាពក្នុងការផ្ទេររ និងផ្ដល់ជូនសៀវភៅ តាមរយៈសកម្មភាពសង្គមផ្សេងៗ នៃក្រុមការងារបណ្ណាល័យបញ្ញវន្ត 

ជូនទៅដល់បណ្ណាល័យនៅតាមបណ្ដាខេត្តជនបទ (រូបភាព៖ បណ្ណាល័យបញ្ញវន្ត)

មិនតែប៉ុណ្ណោះ នៅបណ្ណាល័យបញ្ញវន្តមួយនេះ មានលក្ខណៈពិសេសផ្សេងៗទៀត គឺមានសេវាកម្មស្វែងរកសៀវភៅ និងប្រមូលផ្ដុំឯកសារទៅដល់បណ្ដាបណ្ណាល័យផ្សេងៗទៀត ក្នុងការគាំពារដល់បណ្ណាល័យទាំងនោះ ក៏ដូចជានៅតាមបណ្ដាខេត្តមួយចំនួន តាមមធ្យោបាយផ្សេងៗ ដើម្បីឱ្យពួកគាត់មានឱកាសសិក្សា ជ្រើសរើស និងផ្ទេរសៀវភៅដើម្បីឱ្យបណ្ណាល័យរបស់ពួកគាត់មានធនធាន និងលទ្ធភាពក្នុងការគាំពារដើម្បីដំណើរការបណ្ណាល័យទាំងនោះដោយឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកអាន។ ទន្ទឹមនឹងនេះដែរ បណ្ណាល័យបញ្ញវន្ត ក៏មានតួនាទីសិក្សាពីកម្មវិធី សកម្មភាពផ្សេងៗមួយចំនួនផ្សេងៗទៀត ដើម្បីធ្វើឱ្យបណ្ណាល័យផ្សេងៗទៀត អាចសិក្សាបាន និងយកវិធីសាស្រ្តនោះទៅអនុវត្តនៅក្នុងបទដ្ឋានបណ្ណាល័យរបស់ពួកគាត់ក្នុងការទាក់ទាញអ្នកអាន និងបង្កើនបរិយាកាសដ៏ល្អក្នុងបណ្ណាល័យខ្លួនផងដែរ។ មកដល់ពេលនេះ សៀវភៅដែលរកបានតាមរយៈសេវាកម្មស្វែងរកសៀវភៅរបស់សប្បុរសជនជាសាធារណជនជាច្រើនរូប និងតាមដៃគូសហការ អង្គការនានាដែលពាក់ព័ន្ធ បណ្ណាល័យបញ្ញវន្តក៏បានយកសៀវភៅទាំងនោះ ដើម្បីយកទៅគាំពានៅបណ្ណាល័យតាមបណ្ដាខេត្តមួយចំនួនដែលកំពុងខ្វះខាតផងដែរ មានដូចជា បណ្ណាល័យកំពង់ស្ពឺ បណ្ណាល័យបឋម និងវិទ្យាល័យនៅខេត្តកំពត បណ្ណាល័យនៅសាលាជនបទមួយនៅមណ្ឌលគីរី ហើយក៏នាំយកសៀវភៅមួយចំនួនទៅខេត្តបាត់ដំបង និងបានផ្ទេរឯកសារមួយចំនួនទៅបណ្ណាល័យបន្ទាយមានជ័យផងដែរ។

លក្ខណៈធាតុផ្គុំទាំងបី គឺធាតុទីមួយហៅថា សៀវភៅងាប់សំដៅទៅលើសៀវភៅដែលអាចកាន់បាន អានបានដែលជាផ្នែកមួយនៃបណ្ណាល័យ យើងតែងតែហៅថា មជ្ឍមណ្ឌលឯកសារ ដែលពីដើមរហូតដល់បច្ចុប្បន្ន មានសៀវភៅ និងឯកសារប្រមាណជិត ៤ពាន់ក្បាលដែលមានជាង១រយប្រភេទសៀវភៅ សំណៅឯកសារ និងចែកចេញជា ៣ភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។ ធាតុសៀវភៅពាក់កណ្ដាលសម្រេច ធាតុចុងក្រោយនៃបណ្ណាល័យបញ្ញវន្តមួយនេះ គឺមិនជាសៀវភៅទេ តែសំដៅទៅបុគ្គល ឬយុវជនយុវនារីកម្ពុជាដែលគាត់ស្រេកឃ្លានចំណេះដឹង ចង់សិក្សាអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ហើយបណ្ណាល័យបញ្ញវន្តនឹងចងក្រងយុវជនទាំងអស់នោះ ក្លាយជាទន់ក្នុងការផ្លាស់ប្តូរចំណេះដឹងមកជាសកម្មភាពសិក្សាស្វែងយល់ ហើយជម្រុញលើកទឹកចិត្ត និងបណ្ដុះបណ្ដាលឱ្យពួកគាត់អាចប្រើប្រាស់ចំណេះដឹងរបស់ខ្លួនឱ្យទូលំទូលាយ ដើម្បីអភិវឌ្ឍខ្លួនឯង និងសង្គមជាតិ។ ចំណែកធាតុសៀវភៅរស់ សំដៅទៅមនុស្សដែលមានចំណេះដឹងខ្ពស់ មានជំនាញ បទពិសោធន៍ច្រើន និងមានចិត្តចង់ចែករំលែក ផ្ទេរចំណេះដឹង និងព្រឹក្សាយោបល់អំពីការសិក្សា ការងារ និងអាជីវកម្មផ្សេងៗ តាមមធ្យោបាយដូចជា សិក្ខាសាលា ព្រឹត្តិការណ៍ផ្សេងៗ និងសៀវភៅដែលពួកគាត់បានចងក្រងទុកផងដែរ។

លោក សុខ ឡាក់ បានប្រាប់ថា លោក និងក្រុមសហស្ថានិកផ្សេងទៀត ព្យាយាមខិតខំរកវិធីសាស្រ្តក្នុងការទាក់ទាញដល់អ្នកអានគ្រប់ៗរូប តាមមធ្យោបាយដូចជា ប្រើប្រាស់ចំណេះជំនាញស្ថាបត្យកម្មរបស់ស្ថានិកក្នុងការរចនាបណ្ណាល័យឱ្យមានភាពស្រស់ស្អាត ច្នៃប្រឌិត និងមានផាកសុខភាពនៅពេលបានចូលក្នុងបណ្ណាល័យមានអារម្មណ៍កក់ក្ដៅ អារម្មណ៍ចង់សិក្សា ដែលធនធានប្រកបដោយបរិយាកាសវិជ្ជមាន និងធម្មជាតិ និងធនធានសមស្របតាមបទដ្ឋាននៃបណ្ណាល័យរួមមាន សម្ភារៈសិក្សា តុ កន្លែងអាន ទូសៀវភៅ គ្រប់គ្រាន់ ក៏ដូចជាការរៀបចំបំណែងចែកនៃប្រភេទ មុខវិជ្ជាសៀវភៅ សំណៅឯកសារនានាប្រកបដោយភាពងាយស្រួល។ លើសពីនេះ ការបណ្ដុះស្មារតីអ្នកអានជំនាន់ថ្មី ក៏ជាវិធីសាស្រ្តមួយសំខាន់គួរឱ្យកត់សម្គាល់មួយផងដែរ ព្រោះយុវជនមួយចំនួនគួរសិក្សាស្វែងយល់ឱ្យបានច្រើនឡើង ដើម្បីបណ្ដុះចំណេះដឹងក្នុងការអានសៀវភៅប្រកបដោយប្រសិទ្ធិភាព ដោយបណ្ដុះគំនិត បណ្ដុះស្មារតី ឱ្យមានលក្ខណៈពេញលេញ ហើយក៏ជួយធ្វើឱ្យសេវាកម្មអានមានភាពទូលំទូលាយច្រើនផងដែរ។

សិស្សសាលានៅបឋមសិក្សាដែលចូលចិត្តមកអានកំសាន្ត និងបង្កើនចំណេះដឹងការអាន តាមរយៈបណ្ណាល័យបញ្ញវន្ត
(ប្រភព៖ បណ្ណាល័យបញ្ញវន្ត​)
កុមារីជាសិស្សបឋមអង្គុយអាចរឿងនិទានក្នុងបណ្ណាល័យបញ្ញវន្ត (ប្រភព៖ បណ្ណាល័យបញ្ញវន្ត​)
លោក សុខ​ ឡាក់ និងក្រុមការងារ អ្នកស្ម័គ្រចិត្តនៃបណ្ណាល័យបញ្ញវន្ត (ប្រភព៖ បណ្ណាល័យបញ្ញវន្ត​)

អ្វីដែលពិសេសទៀតនោះ អាចនិយាយបានថា កាលពីឆ្នាំ ២០១៦-២០១៧ នៅក្នុងបរិវេណបណ្ណាល័យបញ្ញាវន្ត(Scholar Library) តែម្ដង ក្រុមការងារធ្លាប់បានបង្កើតជាង ១០០កម្មវិធីមកហើយ ក្នុងរយៈពេលមួយឆ្នាំពេញ ធ្វើយ៉ាងណាពង្រឹងសមត្ថភាព និងទាក់ទាញពួកគាត់ផងដែរ ក្នុងការចូលរួមចំណែកលើកស្ទួយវិស័យការអានប្រកបដោយឯករាជ្យភាព និងបង្កើតទំនាក់ទំនងជាមួយក្រុមយុវជនដែលមានចក្ខុវិស័យ និងចំណង់ចំណូលចិត្តអានដូចគ្នា។ ម្យ៉ាងវិញទៀត ក្រុមការងារមានសកម្មភាពសង្គមបានច្រើនដូចជា នៅក្នុងកម្មវិធីពិព័រសៀវភៅ ទិវាជាតិអំណាន មហោស្រពសៀវភៅ មហោស្រពអក្សសិល្ប៍ និងកម្មវិធីផ្សេងៗទៀត ធ្វើយ៉ាងណាដើម្បីទាក់ទាញ និងបំផុសគំនិតចំណាប់អារម្មណ៍ដល់យុវជនផ្សេងៗទៀត ឱ្យចូលចិត្តអាន ចូលចិត្តសៀវភៅ និងចេះទាញយកផលប្រយោជន៍ពីការអានសៀវភៅផងដែរ។

មិនតែប៉ុណ្ណោះ បណ្ណាល័យបញ្ញវន្តក៏ព្យាយាមសហការជាមួយក្រុមសារព័ត៌មានផ្សេងៗក្នុងការផ្សព្វផ្សាយអត្ថបទក៏ដូចជាខ្សែវីដេអូនិយាយអំពីបណ្ណាល័យខ្លួន ព្រមទាំងព្យាយាមសហការជាមួយដៃគូអង្គការផ្សេងៗ មួយចំនួនទៀត ដើម្បីបំផុសយុទ្ធនាការអានសៀវភៅតាមទម្រង់រូបភាពផ្សេងៗតាមលទ្ធភាព និងគ្រប់មធ្យោបាយ។ ក្នុងសកម្មភាពទាំងនោះ គឺមិនបានធ្វើឱ្យបណ្ណាល័យខកបំណងឡើយ ក្នុងការធ្វើឱ្យអ្នកអានគ្រប់រូប មានភាពក្លាហាន មានទំនុកចិត្ត ដោយមិនមានភាពខ្មាសអៀននៅពេលអានសៀវភៅតាមកន្លែងសាធារណដទៃទៀត នេះបើធៀបទៅមើលភាពជាក់ស្ដែងពីដើមមកវិញ នៅពេលមានអ្នកកាន់សៀវភៅអានតាមកន្លែងទីសាធារណ គឺគេអាចចាត់ទុកថា ជាមនុស្សចម្លែកទៅវិញដែលស្ថិតនៅចំណោមមនុស្សទាំងអស់នោះមិនអានសៀវភៅ បែរជាដៃកំពុងចុចទូរសព្ទហើយគិតថា ខ្លួនមិនចម្លែកទៅវិញ។ ហេតុនេះ ក្រុមការងារនៅតែបន្តសកម្មភាពជាច្រើនទៀត ក្នុងការលើកទឹកចិត្តពួកគាត់ដើម្បីកុំឱ្យមានភាពអៀនខ្មាសនៅពេលទាញសៀវភៅមកអាននៅបណ្ដាទីកន្លែងផ្សេងៗវិញ។

ចំពោះប្រភពសៀវភៅក្នុងបណ្ណាល័យបញ្ញវន្តនេះ ប្រហែល ២ពាន់ក្បាលបានមកពីការប្រមូលផ្ដុំរបស់ស្ថានិកទាំងបួនរូបផ្ទាល់ដែលរៀនផ្នែកអភិវឌ្ឍសេដ្ឋកិច្ច ផ្នែកស្ថាបត្យករ ផ្នែកគ្រប់គ្រងធនធានមនុស្ស និងជាបុគ្គលិករបស់ក្រុមហ៊ុន។ ការឧបត្ថម្ភសៀវភៅផ្សេងៗទៀត ពីអ្នកស្គាល់គ្នាដូចជា មិត្តភក្ដិ បងប្អូន គ្រូបង្រៀនផ្សេងៗ និងបុគ្គលមួយចំនួនផ្សេងៗទៀត ដែលពួកគាត់មានធនធានស្រាប់ និងផ្ដល់ជាសៀវភៅ ជាថវិកាក្នុងការជាវសៀវភៅ សំណៅឯកសារ សម្ភារសិក្សា និងសម្ភារតុបតែងបណ្ណាល័យថែមទៀត។ ក្នុងនោះដែរ សៀវភៅមួយចំនួនទៀត ក៏ទទួលបានដៃគូសហការបណ្ណាល័យ និងស្ថាប័នអង្គការមួយចំនួនផ្សេងទៀតក៏បានសរសេរជាសៀវភៅឱ្យបណ្ណាល័យផងដែរ។ ទោះបីជាយ៉ាងណា ក៏ស្ថានិកនៃបណ្ណាល័យនៅតែប្រើប្រាស់ថវិកាផ្ទាល់ខ្លួនក្នុងការទិញសៀវភៅសម្រាប់តំកល់ក្នុងបណ្ណាល័យមួយនេះបន្ថែមទៀត ពិសេសសៀវភៅព្រេងនិទានសម្រាប់ក្មេងៗជាដើម ដើម្បីផ្គត់ផ្គង់ និងបំពេញតាមតម្រូវរបស់អ្នកអានតាមលទ្ធភាព។

សកម្មភាពសង្គមជាច្រើន ដែលក្រុមការងារ និងអ្នកស័្មគ្រចិត្តនៃបណ្ណាល័យបញ្ញវន្តបានចូលរួមក្នុងការលើកស្ទួយវិស័យការអាន ការបំផុសការអានដល់យុវជនខ្មែរ 

(ប្រភព៖ បណ្ណាល័យបញ្ញវន្ត​)

អ្វីដែលជាបញ្ហាដែលលោកបានសង្កេតឃើញចំពោះវិស័យការអាន លោកថា « ជាឧទាហរណ៍នៅប្រទេសជិតខាងមួយចំនួន តាមដែរខ្ញុំបាទដឹង គឺគេបានជ្រើសរើសបណ្ណារក្សដែលមានកម្រិតសិក្សាថ្នាក់អនុបណ្ឌិត ដោយឡែកនៅស្រុកខ្មែរ នៅមានកម្រិត ត្រង់ការបណ្ដុះបណ្ដាលឱ្យបានទូលំទូលាយសម្រាប់បណ្ណារក្សតាមកន្លែងមួយចំនួន ដែលជាធនធានមនុស្សមួយសំខាន់ផងដែរ និងដើម្បីក្លាយជាបណ្ណារក្សដ៏អាជីព។ សូម្បីតែបណ្ណាល័យបញ្ញវន្តក៏ដោយ តាំងពីដើមមកស្ថានិកម្នាក់ៗ ក៏មិនទាន់មានចំណេះដឹងផ្នែកការងារបណ្ណាល័យបានស៊ីជម្រៅនៅឡើយ ដែលវាជាឧបសគ្គមួយផ្នែកផងដែរ ទើបស្ថានិកទាំងអស់ត្រូវចំណាយពេល ព្យាយាមសិក្សាស្រាវជ្រាវពីដំណើរការគ្រប់គ្រងទិន្នន័យ និងទម្រង់នៃបទដ្ឋានបណ្ណាល័យឱ្យបានប្រសិទ្ធិភាព។

បញ្ហាមួយទៀត គឺបញ្ហាធនធានសៀវភៅ និងសំណៅឯកសារ តួយ៉ាងនៅបណ្ណាល័យបញ្ញវន្តមានសរុប ៤ពាន់សៀវភៅមានចំនួនច្រើន ក៏ប៉ុន្តែវាមិនទាន់បានបំពេញតាមតម្រូវការរបស់អ្នកអាននៅឡើយទេ ពេលខ្លះមិនមានចំណងជើង និងប្រភេទមុខវិជ្ជាគ្រប់វិស័យរួមមាន ឯកសារពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត ឯកសារបទពិសោធន៍ល្អៗរបស់អ្នកជោគជ័យ ឬអ្នកជំនាញផ្សេងៗ ពាក់ព័ន្ធអរិយធម៌ វប្បធម៌ខ្មែរ ដូចអ្វីដែលអ្នកអានចង់អាន និងស្វែងរកនៅឡើយ នេះហើយជាកង្វះខាតផ្នែកជំនាញនិពន្ធ និងឯកសាររបស់បណ្ណាល័យនេះផងដែរ។ រឿងមួយទៀតដែលជាបញ្ហារបស់បណ្ណាល័យបញ្ញវន្តក៏ដូចជាបណ្ណាល័យនានាក្នុងអំឡុងពេលកូវីដ-១៩ គឺពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យា បច្ចេកទេសសមស្របតាមកាលៈទេសៈនេះឡើយ គឺភាគច្រើនក្រុមការងារមានភាពលំបាកក្នុងការឆ្លើយតបនឹងតម្រូវការ ដើម្បីមានទំនាក់ទំនងជាមួយអ្នកអាន និងក្នុងការគាំពារ ចែករំលែកចំណេះដឹង និងការអានពីចម្ងាយបានប្រសិទ្ធិភាពឡើយ។

លោក សុខ ឡាក់ បន្តថា ទោះបីជាមានបញ្ហាមួយចំនួនដូចរៀបរាប់ខាងលើក្ដី ក៏លោក និងក្រុមការងារ ទាំងយុវជននានា នៅតែព្យាយាមបន្តគាំពារអ្នកនិពន្ធ និងបន្តនូវសកម្មភាពលើកស្ទួយវិស័យការអានដោយជាក់ស្ដែងនៅឆ្នាំ ២០១៦ មានការបង្កើតយុទ្ធនាការអានសៀវភៅរយៈតាមអនឡាញរយៈពេល០៣ខែ ប្រមូលផ្ដុំដោយយុវជនស្ម័គ្រចិត្តឈ្មោះថា «សហគមន៍អ្នកអាន» និងកម្មវិធីអញ្ជើញអ្នកនិពន្ធមកជជែកជាមួយអ្នកអាន ជួយផ្សព្វផ្សាយសៀវភៅរបស់អ្នកនិពន្ធ។ ហើយបណ្ណាល័យបញ្ញវន្ត ក៏ព្យាយាមបង្កើតទំនាក់ទំនងជាមួយបណ្ណាល័យផ្សេងៗទាំងក្នុងស្រុក និងក្រៅស្រុក ដោយភ្ជាប់សៀវភៅអ្នកនិពន្ធទៅបណ្ណាល័យ និងបណ្ណាគារជាមួយនឹងការប្រឹក្សាណែនាំសៀវភៅល្អៗទៅដល់បណ្ណាល័យអន្តរជាតិផងដែរ ដូចជាសហរដ្ឋអាមេរិកជាដើម។

តាមការប៉ាន់ស្មានរបស់លោក សុខ ឡាក់ បានបន្ថែមថា ប្រហែលជិតមួយម៉ឺនបណ្ណាល័យនៅកម្ពុជាទាំងមូល ទាំងរដ្ឋ ឯកជនគ្រប់កម្រិតគ្រឹះស្ថានអប់រំ និងតាមបណ្ដាអង្គភាពស្ថាប័ន អង្គការនានានៅកន្លែងបម្រើផ្សេងៗទៀត។ ចំពោះហេដ្ឋារចនាសម្ព័ន្ធរបស់បណ្ណាល័យមានលក្ខណៈគ្រប់គ្រាន់ដែលអាចឆ្លើយតបតាមតម្រូវការរបស់អ្នកអាន តែអ្វីដែលជាការខ្វះខាត គឺឃើញថា កន្លែងខ្លះមិនមែនជាបណ្ណាល័យទេ តែគ្រាន់តែឃ្លាំងដាក់សៀវភៅតែប៉ុណ្ណោះ។ លោកមើលឃើញថា បើសិនបណ្ណាល័យទាំងអស់នោះ អាចដំណើរការបានរលូន ហើយមានធនធានឯកសារគ្រប់គ្រាន់ មានបណ្ណារក្សដែលមានសមត្ថភាពគ្រប់គ្រងបណ្ណាល័យ មានប្រព័ន្ធបច្ចេកវិទ្យាទំនើប មានកម្មវិធីបំផុសស្មារតី និងសកម្មភាពនៃការអាន នោះវាជាវិធីមួយដែលបង្កើនអ្នកអានបានច្រើនឡើងៗ ហើយលុបបំបាត់ភាពខ្មាសអៀននៃការអានសៀវភៅនៅតាមទីកន្លែងសាធារណៈ ដែលបង្កើតជាទម្លាប់មួយដែលសង្គមយកចិត្តទុកដាក់ ហើយអ្នកអានកាន់តែច្រើន អ្នកចេះដឹងកាន់ច្រើន នោះប្រទេសជាតិនឹងរីកចម្រើនផងដែរ។

សហស្ថានិកបណ្ណាល័យបញ្ញវន្ត(Scholar Library) រូបនេះ បានបញ្ជាក់ថា «នៅពេលណាដែលប្រទេសជាតិមានការរីកចម្រើន នោះគឺដោយសារប្រទេសជាតិនោះសម្បូរទៅដោយធនធានមនុស្សដែលមានគុណភាពប្រកបដោយការអបរំខ្ពស់។ ហើយនៅពេលណាដែលមនុស្សមានចំណេះដឹងខ្ពស់ នៅពេលនោះ សង្គមទាំងមូលនឹងមានសុខសុភមង្គល សុខក្សេមក្សាន្ត មិនមានអំពើទុច្ចរិតមួយចំនួនដោយកេងចំណេញ ឬការបោកប្រាស់គ្នាទៅវិញទៅមកឡើយ។ យើងឃើញថា នៅតំបន់ប្រទេសអារ៉ាប់ ភាគច្រើន គេបំផ្លាញបណ្ណាល័យ នៅពេលណា បណ្ណាល័យរបស់ប្រទេសមួយគ្មានការអភិវឌ្ឍ ឬត្រូវបានបំផ្លិចបំផ្លាញ និងបាត់បង់ចំណាប់ពីអ្នកអាន ឬប្រជាពលរដ្ឋ នោះប្រទេសជាតិនោះនឹងអាចជាក្ដីបារម្ភមួយផងដែរ ព្រោះវាជាធនធានមួយសម្រាប់បណ្ដុះពូជធនធានមនុស្សដ៏សំខាន់ដែលមិនអាចខ្វះបានឡើយ។ ខ្ញុំសូមសំណូមពរទៅដល់សាធារណជនទាំងអស់ ជាពិសេសយុវជន ព្យាយាមប្រើប្រាស់សេវាកម្មបណ្ណាល័យ និងព្យាយាមអភិវឌ្ឍសមត្ថភាព ចំណេះដឹងរបស់ខ្លួនដើម្បីអភិវឌ្ឍប្រទេសជាតិកុំឱ្យដើរថយក្រោយ និងធ្លាក់ចុះនៃវប្បធម៌ ចំណេះដឹង ព្រោះតែការមិនឱ្យតម្លៃការអានឱ្យសោះ។

សូមបញ្ជាក់ថា លោក សុខ ឡាក់ ស្ថិតក្នុងវ័យជាងសាមសិបឆ្នាំ មានស្រុកកំណើតរស់នៅក្នុងរាជធានីភ្នំពេញ។ សហស្ថានិកនៃបណ្ណាល័យបញ្ញវន្តមួយរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន២គឺ ផ្នែកអក្សរសាស្រ្តភាសាអង់គ្លេសនៅសាកលវិទ្យាល័យកម្ពុជា(UC) និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអភិវឌ្ឍ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច(RULE)។ បន្ទាប់ពីការងារគ្រប់គ្រងបណ្ណាល័យបញ្ញវន្តលោកមានបទពិសោធន៍ការងារច្រើនដូចជា លោកក៏ជាអ្នកដឹកនាំយុវជនមួយរូបផងដែរ ជាអ្នកស្ម័គ្រចិត្តសកម្មក្នុងសមាគមន៍នៃបណ្ណាល័យបញ្ញវន្តក្នុងការបំផុសចំណេះដឹង ជំនាញយុវបណ្ណារក្សដើម្បីសិក្សា និងបង្កើនសមត្ថភាពគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសៀវភៅ សំណៅឯកសារ ក្នុងបណ្ណាល័យនីមួយៗ ក៏ដូចជាក្នុងវិស័យផ្សេងៗរួមមាន វិស័យការអាន វិស័យបរិស្ថាន វប្បធម៌ជាដើម។ បន្ថែមពីនេះ លោកក៏ជាអតីតអ្នកកាសែតមួយរូបផង ដែលបានបម្រើការងារអស់រយៈពេលប្រហែល ០៥ឆ្នាំ។ 

កិច្ចពិភាក្សាជាមួយគ្នារវាង សហស្ថានិក បណ្ណាល័យបញ្ញវន្ត និងក្រុមអ្នកដែលមានចក្ខុវិស័យលើកស្ទួយការអានហើយនឹងអ្នកនិពន្ធ អ្នកបញ្ញវន្តមួយចំនួនផ្សេងទៀត (ប្រភព៖ បណ្ណាល័យបញ្ញវន្ត​)
កិច្ចពិភាក្សាជាមួយគ្នារវាង សហស្ថានិក បណ្ណាល័យបញ្ញវន្ត និងក្រុមអ្នកដែលមានចក្ខុវិស័យលើកស្ទួយការអានហើយនឹងអ្នកបញ្ញវន្តមួយចំនួនផ្សេងទៀត ជាពិសេសេអ្នកនិពន្ធសៀវភៅផងដែរ (ប្រភព៖ បណ្ណាល័យបញ្ញវន្ត​)
ក្រុមយុវជន អ្នកស័្មគ្រចិត្តជាច្រើននាក់ដែលស្រលាញ់វិស័យការអាន និងចង់ជួយសង្គម  (ប្រភព៖ បណ្ណាល័យបញ្ញវន្ត​)
សកម្មភាពរបស់សិស្សានុសិស្សដែលបានចូលរួមក្នុងបណ្ណាល័យបញ្ញវន្ត (ប្រភព៖ បណ្ណាល័យបញ្ញវន្ត​)
(ប្រភព៖ បណ្ណាល័យបញ្ញវន្ត​)
(ប្រភព៖ បណ្ណាល័យបញ្ញវន្ត​)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង