Yearendyearend1140x150

អាជ្ញាធរកំពុងធ្វើការកាត់ដីជូនពលរដ្ឋរស់នៅក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ស្រី វុឌ្ឍី អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ៖ ដែនសមត្ថកិច្ចនៅតាមតំបន់ដែលជាអជ្ញាធរគ្រប់គ្រងដីរតនៈខេត្តកំពុងការធ្វើការយ៉ាងប្រុងប្រយ័ត្នចំពោះដំណើរការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗ។ នេះបើតាមប្រសាសន៍របស់លោក ស្រី វុឌ្ឍី អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ស្រី វុឌ្ឍី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅព្រឹកនេះថា គិតមកដល់ពេលបច្ចុប្បន្ននេះ ក្រសួងពាក់ព័ន្ធមានដូចជាក្រសួងបរិស្ថាន ក្រសួងដែនដី ក្រសួងកសិកម្ម និងអជ្ញាធរដែនសមត្ថកិច្ច បាននិងកំពុងធ្វើការយ៉ាងប្រុងប្រយ័ត្នចំពោះដំណើរការកាត់ឆ្វៀលដីជូនពលរដ្ឋរស់នៅក្នុងដីរបស់រដ្ឋ មានដូចជាក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗ។

ម្យ៉ាងវិញទៀត លោក ស្រី វុឌ្ឍី បានបញ្ជាក់ថា ទាក់ទងនឹងដំណើរការកាត់ឆ្វៀលដីជូនពលរដ្ឋរស់ដែលកំពុងរស់នៅតំបន់ខាងលើ គឺស្ថិតនៅក្នុងដែនសមត្ថកិច្ចក្នុងខេត្តនីមួយៗ ដែលចុះទៅផ្ទាល់នៅតាមតំបន់គ្រប់គ្រងដីរតនៈខេត្ត ក្នុងនោះកម្លាំងរបស់ក្រសួងនីមួយៗនៅតាមខេត្តកំពុងតែចូលរួមសហការ។ ជាក់ស្តែងក្រសួងកសិកម្មមានបណ្តាញដែលជាមន្ទីរកសិកម្មខេត្តនឹងចូលរួមសហការនៅតាមបណ្តាគណៈគ្រប់គ្រងខេត្តក្នុងដំណើរការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ។

បើតាមលោក ស្រី វុឌ្ឍី បានបន្តថា គិតមកដល់បច្ចុប្បន្ននេះ ក្រសួងពាក់ព័ន្ធកំពុងតែធ្វើការងារនេះយ៉ាងប្រុងប្រយ័ត្ន មិនមានការធ្វេសប្រហែស ជៀសវាងការបាត់បង់ដីរដ្ឋទៅដល់អ្នកមិនស្មោះត្រង់។ ដោយឡែកចំពោះពលរដ្ឋដែលពាក់ព័ន្ធនឹងដីក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗ នោះប្រាកដជាទទួលបានដីដែលអជ្ញាធរនឹងធ្វើការកាត់ឆ្វៀលដីជូនជាកម្មសិទ្ធិ។

គួររម្លឹកថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៥កក្កដាកន្លងទៅនេះ សម្តេចហ៊ុន សែន បានបញ្ជាទៅក្រសួង បរិស្ថាន ដែនដី កសិកម្ម និងអាជ្ញាធរត្រូវធ្វើការឲ្យបានហ្មត់ចត់ចំពោះដំណើរការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗ។

ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្ទាល់មាត់ថា កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង ហើយរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០ភាគរយ ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ ជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។ ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋ គឺមិនអនុញ្ញាតជាដាច់ខាត ក្នុងការកាប់ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កាត់ដីជូនពលរដ្ឋ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង