Yearendyearend1140x150

ការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិអាចសម្រេចបាន១លានតោនចាប់ពីឆ្នាំ២០២១

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ វិស័យស្រូវអង្ករនៅកម្ពុជា បាននឹងកំពុងឈានទៅរភាពរីកចម្រើន នឹងអាចធ្វើការនាំចេញបាន១លានតោនក្នុងមួយឆ្នាំ នាពេលខាងមុខ ។នេះជាការលើកឡើងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ការលើកឡើងនេះដោយសហព័ន្ធស្រូវអង្ករកម្ពុជាមើលឃើញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញលើកវិស័យស្រូវអង្ករ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះវិស័យស្រូវអង្ករកម្ពុជា មានការរីកចម្រើន ដោយពីមួយឆ្នាំទៅមួយឆ្នាំមានសន្ទុះនៃការនាំចេញ ហើយក៏បានកែប្រែមុខមាត់ កសាងនូវមូលដ្ឋានយ៉ាងរឹងមាំពីប្រទេសដែលខ្វះខាតស្បៀងទៅជាប្រទេសដែលមានអតិរេកផ្នែកស្បៀងអាហារ ជាពិសេសអង្ករសម្រាប់ការនាំចេញ ។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា កាលពីឆ្នាំ២០០៩ ប្រទេសកម្ពុជាបានចាប់ផ្តើមនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានត្រឹមតែចំនួន ១២ ៦១៣ តោន និងនៅឆ្នាំ ២០១៩ បានឈានឡើងដល់ ៦២០ ១០៦ តោន ហើយនឹងអាចឈានទៅដល់យ៉ាងតិច ចំនួន ៨០០ ០០០ តោន នៅក្នុងឆ្នាំ២០២០ នេះ។ កំណើននេះនឹងជំរុញឱ្យការនាំចេញរបស់ប្រទេសកម្ពុជា ឈានទៅដល់ ១លានតោន ចាប់ពីឆ្នាំ២០២១ ប្រកបដោយចីរភាពនៃកំណើនយ៉ាងតិច ៥% ក្នុងមួយឆ្នាំ។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការរីកចម្រើននេះដោយសាររាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យមានការកែលម្អលើរោងម៉ាស៊ីនកិនស្រូវ ឡសម្ងួត និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីឆ្លើយតបទៅនឹងបទដ្ឋានស្តង់ដារនាំចេញ។ ជាក់ស្តែង រោងម៉ាស៊ីនកិនស្រូវដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាចំនួនជិត ៨០ រោងម៉ាស៊ីន ដែលបានបានបំពាក់នូវគ្រឿងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ដូចជា ម៉ាស៊ីនរើសពណ៌ ម៉ាស៊ីនប៉ូលា និងម៉ាស៊ីនវេចខ្ចប់ បង្កើនបានបទដ្ឋានស្តង់ដា និងគុណភាពដូចជា GMP, HACCP, ISO ជាដើម ហើយមានសមត្ថភាពកិន-កែច្នៃបានជាង ២០ ០០០តោនក្នុងមួយថ្ងៃ។ក្នុងចំណោមរោងម៉ាស៊ីនកិនស្រូវទាំងនោះ មានរោងម៉ាស៊ីនកិនស្រូវចំនួន ៤៤ ត្រូវបានវាយតម្លៃថា ជារោងម៉ាស៊ីនកិនស្រូវដែលមានស្តង់ដារខ្ពស់សម្រាប់ការវេចខ្ចប់ និងនាំចេញទៅប្រទេសចិន ។

បច្ចុប្បន្នសមត្ថភាពសម្ងួតស្រូវរបស់រោងម៉ាស៊ីនកិនស្រូវមានការកើនឡើងជាបន្តបន្ទាប់ ដោយមានការផ្លាស់ប្តូរទម្លាប់សម្ងួតស្រូវដោយប្រើបពឹងផ្អែកពន្លឺព្រះអាទិត្យ ទៅជាឡសម្ងួតដោយអគ្គីសិនី ឬដុតអង្កាមវិញ និងមានការកើនឡើងដល់ ៤០ ០០០តោនក្នុងមួយថ្ងៃ ឬ ១.២លានតោនស្រូវក្នុងមួយខែ និងមានសមត្ថភាពស្តុកស្រូវក្នុងមួយវគ្គបានចំនួនជាង ១.៦លានតោន។ ដោយឡែកការប្រែប្រួលទីផ្សារក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ កម្ពុជាបានទទួលនូវភាពជោគជ័យប្រកបដោយចីរភាពរឹងមាំ ក្នុងវិស័យស្រូវអង្ករ សម្រាប់ការនាំចេញទៅកាន់ទីផ្សារ អន្តរជាតិចាប់ពីឆ្នាំ២០២០ នេះតទៅ ទោះបីជាស្ថានភាពជំងឺរាត្បាត កូវីដ១៩ នៅតែបន្តក៏ដោយ។នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង