Yearendyearend1140x150

កម្ពុជា-កូរ៉េផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម 

ភ្នំពេញ៖ កម្ពុជា-កូរ៉េ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បានផ្តើមការចរចារជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។ ការចរចារនេះធ្វើឡើងដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលពឹងផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័សបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចចរចារពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ដែលមានការចូលរួមលោកជំទាវ យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ ដើម្បីប្រកាសការចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ តាមរយៈប្រព័ន្ធវីដេអូ(Video Conference)។

នៅក្នុងនោះរដ្ឋមន្រ្តីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីស្ថានភាពនិងការវិវត្តរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបានបញ្ចេញទស្សនៈរួមស្តីពីការបន្តគាំទ្រអង្គការពាណិជ្ជកមពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រទេសជាសមាជិក ទាំងកំពុងអភិវឌ្ឍ និងអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជា។

មុនការប្រកាសប្រជុំជាផ្លូវការ ក្រុមការងារនៃប្រទេសទាំងពីរបានជួបប្រជុំជាច្រើនលើកច្រើនសារ តាមរយៈប្រព័ន្ធវីដេអូ និងបានឆ្លងកាត់ជាច្រើនដំណាក់កាលទៅលើការសិក្សានានា។ ការសិក្សាបានបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងអាចជាកាតាលីករជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្មនិងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប(GDP) ផ្តល់ផលប្រយោជន៍ ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ដែរថា ​លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពានិជ្ជកម្មបានគូសបញ្ជាក់ថា កិច្ចចរចារនេះនឹងធ្វើឡើងដោយពិភាក្សាទៅលើការងារជាច្រើនដូចជា ការកាត់ពន្ធ គោលនយោបបាយវិនិយោគ និងការងារផ្សេងៗទៀតដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។លោកមានប្រសាសន៍ថា យោងតាមការចរចារនេះ ប្រទេសកម្ពុជាទទួលនឹងទទួលបានផលប្រយោជន៍ជាប្រើនពីកូរ៉េខាងត្បូង ហើយកូរ៉ខាងត្បូងក៏ទទួលបានផលប្រយោជន៍ពីកម្ពុជាវិញផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង