Yearendyearend1140x150

កម្ពុជានឹងពិនិត្យសុខភាពអ្នកដំណើរទាំងអស់លើនាវាWesterdam ក្រោយស្រ្តីអាមេរិកម្នាក់រកឃើញវីរុសកូរ៉ូណានៅម៉ាឡេស៊ី

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
នាវាWesterdam

ភ្នំពេញ៖ក្រសួងសុភិបាលកម្ពុជាចាប់ផ្តើមពិនិត្យសុខភាពអ្នកដំណើរលើនាវាWesterdamទាំងអស់ ដើម្បីស្វែងរកមេរោគកូរ៉ូណា បន្ទាប់ពីស្រ្តីអាមេរិកកាំងម្នាក់ត្រូវបានរកឃើញមេរោគថ្មីនេះនៅម៉ាឡេស៊ីក្រោយពីចាកចេញពីកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី១៧ ខែកុម្ភៈ។

សេចក្តីប្រកាសព័ត៌មាននេះ បានសរសេរថា៖«ធ្វើការពិនិត្យសុខភាពអ្នកដំណើរលើនាវាខ្នាតធំវេស្ទឺមានទាំងអស់នៅភ្នំពេញ និង នៅក្រុងព្រះសីហនុ ដើម្បីពិនិត្យរកមើលរោគសញ្ញាណាមួយដែលកើតឡើង។ រាល់បុគ្គលដែលធ្វើដំណើរលើនាវាវេស្ទឺដាម ត្រូវបន្តតាមដានសុខភាពរបស់ខ្លួនឱ្យបានហ្មត់ចត់។ បុគ្គលដែលមានរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ឫពិបាកដកដង្ហើម ត្រូវផ្តល់ព័ត៌មានទៅកាន់អាជ្ញាធរសុខាភិបាលក្នុងស្រុក និង ប្រាប់ពីប្រវត្តិធ្វើដំណើរ»។

នាវាខ្នាតយក្សវេស្ទឺដាម បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុកាលពីថ្ងៃទី១៤ ខែកុម្ភៈតាមការអនុញ្ញាតរបស់រដ្ឋាភិបាលកម្ពុជាក្រោយពីប្រទេសចំនួន៥មិនអនុញ្ញាតឱ្យចូលចតដោយសារខ្លាចមានការចម្លងមេរោគឆ្លងកូរ៉ូណា។ នាវានេះផ្ទុកអ្នកដំណើរចំនួន២.២៥៧នាក់ មាន៤១សញ្ជាតិ។ នៅថ្ងៃទី១៤ ខែកុម្ភៈ អ្នកដំណើរ៤០៩នាក់បានចុះចេញពីនាវា ដោយធ្វើដំណើរតាមយន្តហោះចាកចេញពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងបន្តជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសកំណើតវិញ។ ចំណែក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ មានអ្នកដំណើរ៦០១នាក់បន្ថែមទៀត បានមកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីរង់ចាំការចេញដំណើរបន្តទៅកាន់ប្រទេសរបស់ពួកគេ។

ក្នុងចំណោមអ្នកដំណើរទាំងអស់នេះ គឺមានតែស្រ្តីចំណាស់ជនជាតិអាមេរិកតែម្នាក់ប៉ុណ្ណោះដែលត្រូវបានអាជ្ញាធរម៉ាឡេស៊ីពិនិត្យរកឃើញថា បានឆ្លងមេរោគកូរ៉ូណា ខណៈប្តីរបស់គាត់រកមិនឃើញនោះទេ។ អាជ្ញាធរកម្ពុជាបានទាមទារឱ្យម៉ាឡេស៊ីពិនិត្យតាមដានសុខភាពរបស់ស្រ្តីរូបនោះម្តងទៀត ប៉ុន្តែលទ្ធផល គឺនៅតែមានមេរោគកូរ៉ូណាដដែល។

យ៉ាងណាក៏ដោយ ក្រសួងសុភិបាលកម្ពុជាបានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងអនុវត្តតាមនិយាមស្តង់ដារបច្ចេកទេស និងនិយ័តកម្មអន្តរជាតិឆ្នាំ២០០៥ របស់អង្គការសុខភាពពិភពលោក រាល់ពេលប្រតិបត្តិការនៅលើនាវា និងនៅដីគោក ដោយមានកិច្ចសហការជិតស្និទ្ធពីអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក(US CDC) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ។ មកទល់នឹងពេលនេះ មិនមានប្រជាជនកម្ពុជាណាម្នាក់ដែលមានផ្ទុកវីរុស COVID-19 នោះទេ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោលបានធ្វើការណែនាំដល់សាធារណជនទាំងអស់ ត្រូវអនុវត្តការប្រុងប្រយ័ត្ន និងធ្វើអនាម័យជាស្តង់ដារ ដើម្បីកាត់បន្ថយការប៉ះពាល់ និងការចម្លងជំងឺមួយចំនួន។ ការប្រុងប្រយ័ត្នរួមមាន អនាម័យដៃជាប្រចាំ គ្រប់មាត់ និងច្រមុះនៅពេលក្អក និងកណ្តាស់ និងចៀសវាងការទាក់ទងជិតស្និទ្ធជាមួយអ្នកណាម្នាក់ ដែលមានរោគសញ្ញាផ្លូវដង្ហើមដូចជាក្អក និងកណ្តាសជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង