Cct850x100 1
1800px x h300px kh

ឆមាសទី១ឆ្នាំ២០២០«គ្រោះថ្នាក់ចរាចរណ៍»​ថយចុះ៥៥២​លើកស្លាប់​៨៦១​នាក់​របួស៧៦៦​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចក្រឡាហោម ស ខេង។

ភ្នំពេញ៖រយៈពេល១ឆមាសឆ្នាំ២០២០នេះ គឺការគ្រោះថ្នាក់មានការថយចុះគួរកត់សម្គាល់បើប្រៀបធៀបនឹងឆ្នាំមុន និងមុនពេលមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។នេះបើតាមការថ្លែងរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១ កក្កដា ឆ្នាំ២០២០។

សម្តេចស ខេង បានបង្ហាញពីទិន្នន័យជាផ្លូវការថាចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេល១ឆមាស(ពីថ្ងៃទីខែមករារហូតដល់ថ្ងៃទី៣០ខែមិថុនា)ឆ្នាំ២០២០នេះបើប្រៀបធៀបឆមាសទី១ឆ្នាំ២០១៩ គឺចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ៥៥២លើកស្មើ២៥% (១៦១៩លើ២១៧១លើក)ចំនួនមនុស្សស្លាប់ថយចុះ១៧២នាក់ ស្មើនឹង១៧% (៨៦១លើ១០៣៣នាក់) ចំនួនអ្នករងរបួសថយចុះ៧៧៨នាក់ស្មើនឹង២៤% (២៤៤៩លើ៣២២៧នាក់) ។

បើតាមសម្តេច បើប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍រយៈពេល២ខែនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកគឺខែឧសភា និងខែមិថុនាឆ្នាំ២០២០នឹងខែឧសភា និងខែមិថុនាឆ្នាំ២០១៩គឺគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ២៣៣លើកស្មើនឹង៣៤%(៤៥៧លើ៦៩០លើក) ចំនួនមនុស្សស្លាប់មានការថយចុះ៧៩នាក់ស្មើនឹង២៥%(២៤១លើ៣២០នាក់) និងអ្នករងរបួសបានថយចុះ២៣៣នាក់ស្មើនឹង២៣% (៧៦៦លើ៩៩៩នាក់) ។

តាមទិន្នន័យបញ្ជាក់ខាងលើនេះសម្តេច ស ខេង បានអះអាងថា ជាការបង្ហាញយ៉ាងច្បាស់ថាប្រជាពលរដ្ឋកម្ពុជាយល់ដឹង និងបានចូលរួមគោរពច្បាប់ចរាចរណ៍កាន់តែច្រើននៅពេលប្រទេស ហើយក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្តេចថ្លែងអំណរគុណដល់ជនរួមជាតិអ្នកប្រើប្រាស់ផ្លូវថ្នល់ដែលបានចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងខ្ជាប់ខ្ជួន និងអរគុណដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ។

សម្តេចក៏បានអំណរគុណចំពោះគ្រប់បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមផ្សព្វផ្សាយ និង អប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកនេះជូនប្រជាពលរដ្ឋផងដែរ។ ខ្ញុំក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិដែលបានផ្ញើសារ និងការបញ្ចេញមតិ ជាពិសេសនៅក្នុងផេកហ្វេសប៊ុករបស់ខ្ញុំផ្ទាល់តែម្តង ដែលសុទ្ធតែជាសារ និងមតិប្រកបដោយខ្លឹមសារចូលរួមស្ថាបនានិងកែលំអរ។

តែយ៉ាងណាក៏ដោយ សម្តេចនៅក្រើនរំលឹកថែមទៀតដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ត្រូវកាត់បន្ថយ ឬលប់បំបាត់ឲ្យបាននូវបាតុភាពអវិជ្ជមានផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើង ៕

Khcct banner

អត្ថបទទាក់ទង