Cctime 6monthsfree desktop
Cc times  web banner kh (2)

បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញ«ចម្លាក់គុនខ្មែរ»នៅតាមប្រាសាទក្នុងតំបន់អង្គរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ លោក ភឹង តារា បុរាណវិទូអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវរូបចម្លាក់មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុកតោ នៅតាមខឿននៃប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមអ្នកជំនាញ រូបចម្លាក់ទាំងនោះមាននៅប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និងប្រាសាទប្រីជាដើម។

លោក ភឹង តារា ពន្យល់ថា ភាគច្រើនចម្លាក់គុន ឬក្បាច់វាយគ្នាទាំងនោះ ច្រើនឆ្លាក់ជាចម្លាក់តូចៗ មានឆ្លាក់នៅខឿនខាងផ្នែកខាងក្រោមប្រាសាទ។ តួយ៉ាងនាខឿនខាងត្បូងសាលរបាំ នៃប្រាសាទតាព្រហ្ម ចម្លាក់ប្រមាណ៨រូប បានឆ្លាក់តម្រៀមគ្នាជាជួរ ដោយមានជាក្បាច់អោបក ឡើងជង្គង់ កំដៅសាច់ដុំ ការឱ្យទឹក។ល។ ក្រៅពីនោះ មានឆ្លាក់ដាច់ពីគេនៅផ្នែកខាងត្បូងនៃប្រាសាទនេះផងដែរ។

នៅប្រាសាទតាព្រហ្មដដែល ត្រង់ចម្លាក់ដែលមានមនុស្សពីរនាក់ឡើងជង្គង់។ រូបនេះ ត្រូវបានលោក ភឹង តារា យល់ថាជាគុនខ្មែរ ដោយគេឃើញមានមនុស្សពីរនាក់ កំពុងប្រកួតគ្នា។ អ្នកនៅខាងស្តាំចាប់ក្បាលអ្នកនៅខាងឆ្វេងសង្កត់ចុះក្រោម ឯជើងខាងឆ្វេងវិញឡើងជង្គង់ទៅរកគូប្រកួតខ្លួន។ តែអ្នកនៅខាងឆ្វេងវិញ យកដៃស្តាំរបស់ខ្លួនចាប់ទប់ជង្គង់នោះ កុំឲ្យមកត្រូវមុខបាន។ អ្នកស្រាវជ្រាវ យល់ថា នេះប្រហែលជាការប្រកួតនៅក្នុងការហាត់សមប៉ុណ្ណោះ ដ្បិតអីនៅប៉ែកខាងស្តាំនៃរូប ឃើញមានមនុស្សម្នាក់អង្គុយបញ្ឈរជង្គង់ យកដៃចង្អុលមកអ្នកទាំងពីរ ហាក់ដូចជាបង្គាប់ស្នៀតអ្វីមួយ។

ចំណែកចម្លាក់នៅជញ្ជាំងប្រាសាទព្រះខ័នវិញ លោក ភឹង តារា ពន្យល់ថា គេឃើញនៅ លើសសរផ្អោប ឃើញមានមនុស្សពីរនាក់ចាប់ឱបកាច់គ្នា ដោយអ្នកខាងឆ្វេងចាប់កាច់ កគូប្រកួតមកក្រោម តែអ្នកស្តាំនោះវិញក៏ខំឱបចាប់ភ្លៅដៃគូខ្លួនជាប់ ដើម្បីកុំឲ្យកាច់ផ្តួលខ្លួនបាន។ ដោយសារជាចម្លាក់ល្អិត ដូច្នេះចម្លាក់ទាំងនោះ ពុំសូវមានអ្នកស្គាល់ និងចាប់អារម្មណ៍ទេ។ ពួកគេតែងទៅ និងមកហួសជានិច្ច៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង