Yearendyearend1140x150

វឌ្ឍនៈ ប្រូវើរី បើកការដ្ឋានសាងសង់រោងចក្រស្រាបៀរតម្លៃវិនិយោគ ១៣៩.៥ លានដុល្លារអាមេរិក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖​ រោងចក្រស្រាបៀរតម្លៃ ១៣៩.៥លានដុល្លារអាមេរិករបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី (VATTANAC BREWERY LIMITED) ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់លើផ្ទៃដីទំហំ ១៥ម៉ឺនម៉ែត្រក្រឡា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដែលមានទីតាំងនៅលើផ្លូវលេខ ១១៤ ក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាលនិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២០។

តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា២០១៥-២០២៥ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា វិស័យកសិ-ឧស្សាហកម្ម កំពុងវិវត្តខ្លួននិងដើរតួនាទីរឹតតែសំខាន់ឡើងក្នុងឋានៈជាកម្លាំងចលករថ្មីដ៏រឹងមាំនៃឃ្នាស់សេដ្ឋកិច្ចជាតិ ក្នុងចំណោមវិស័យជុំរុញកំណើនសំខាន់ៗនៅកម្ពុជា។ ដោយបានមើលឃើញពីសក្តានុពលនិងកាលានុវត្តភាពក្នុងវិស័យកសិ-ឧស្សាហកម្ម ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី បានសម្រេចចិត្តយ៉ាងមោះមុតបន្តអនុវត្តផែនការសាងសង់រោងចក្រស្រាបៀររបស់ខ្លួនដែលបានគ្រោងទុកជាយូរមកហើយ ដោយប្រើប្រាស់ទុនវិនិយោគផ្ទាល់ខ្លួននិងក្នុងស្រុកទាំងស្រុង បើទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃវិបត្តិជំងឺកូវីដ១៩យ៉ាងណាក្តី ដើម្បីបង្ហាញពីការប្តេជ្ញាបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលជានិច្ចក្នុងការស្តារនិងជុំរុញកំណើនសេដ្ឋកិច្ចជាតិ។

តាមរយៈបទពិសោធន៍ជាច្រើនទសវត្សន៍កន្លងមកក្នុងការផលិត និងចែកចាយស្រាបៀរក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី មានជំនឿយ៉ាងមុតមាំ ក្នុងការបង្កើតរោងចក្រផលិតស្រាបៀរដែលមានគុណភាពខ្ពស់និងសេវាកម្មល្អ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរក្នុងស្រុកដែលបច្ចុប្បន្នមានការយល់ដឹងខ្ពស់និងចង់ប្រើផលិតផលដែលល្អទាំងគុណភាពទាំងសេវាកម្ម ព្រមទាំងឈានទៅដល់ការនាំចេញទៅក្រៅប្រទេស ដើម្បីបង្ហាញទៅកាន់ពិភពលោកឱ្យបានស្គាល់អំពីផលិតផលនិងស្នាដៃរបស់កូនខ្មែរ។ ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ក៏ផ្ដោតសំខាន់បន្ថែមទៀតទៅលើការជ្រើសរើសធនធានមនុស្សទាំងក្នុងនិងក្រៅប្រទេសដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់ទៅលើចង្វាក់ផលិតកម្ម ក្នុងការផលិតស្រាបៀរនិងគ្រប់គ្រងពាណិជ្ជកម្ម ស្របជាមួយការបំពាក់គ្រឿងចក្រនិងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតរបស់ប្រទេសអាឡឺម៉ង់។

រោងចក្រស្រាបៀររបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី គ្រោងនឹងចាប់ផ្តើមចង្វាក់ផលិតកម្មក្នុងឆ្នាំ ២០២១ខាងមុខជាមួយនឹងសមត្ថភាពផលិតរហូតដល់ ៧៦លានកេស ក្នុងមួយឆ្នាំ។ នៅពេលគម្រោងនេះដំណើរការផលិតកម្មពេញលេញ នឹងបង្កើតការងារដល់បុគ្គលិករហូតដល់ ១,៥០០នាក់ ផ្តល់ឱកាសការងារដោយប្រយោលជាច្រើនផ្សេងទៀត រួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋយ៉ាងច្រើន ព្រមទាំងចូលរួមលើកស្ទួយវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យផ្សេងៗទៀតជាច្រើននៅកម្ពុជា។ ជាពិសេស គឺការចូលរួមជុំរុញពិពិដកម្មផលិតផលក្នុងស្រុកដែលមានស្តង់ដារនិងគុណភាពខ្ពស់។

ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយនៅក្នុងប្រទេសកម្ពុជា។ វឌ្ឍនៈ គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដែលសុទ្ធសឹងជាការវិនិយោគដោយធនធានផ្ទាល់ខ្លួនសុទ្ធសាធ ក្នុងវិស័យសំខាន់ៗដូចជា៖

 វិស័យធនាគារ មានធនាគារ វឌ្ឍនៈ បច្ចុប្បន្នមានចំនួន ១៩សាខា និងសាខាជាច្រើនទៀតនៅតាមបណ្តារាជធានីខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជាដែលមានទីតាំងរួចរាល់ ព្រមទាំងបាននិងកំពុងសាងសង់ ហើយត្រៀមនឹងបើកដំណើរការជាបន្តបន្ទាប់

វិស័យអចលនទ្រព្យ មានក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី (Vattanac Properties) គ្រប់គ្រងលើអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល (Vattanac Capital) ដែលលេចធ្លោឈរសន្ធឹងមានរាងដូចនាគរាជនៅកណ្ដាលទីក្រុងភ្នំពេញ មានបន្ទប់ការិយាល័យលំដាប់ A (GRADE A) ផ្សារទំនើប និងសណ្ឋាគារ

វិស័យបដិសណ្ឋារកិច្ច មានសណ្ឋាគារលំដាប់ផ្កាយ៥ រ៉ូសវូដ ភ្នំពេញ (Rosewood Phnom Penh) និងទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត (Vattanac Golf Resort) កម្រិតស្តង់ដារអន្តរជាតិដែលមាន៣៦រន្ធដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនិងរចនាឡើងដោយផ្សារភ្ជាប់ទៅនឹងអត្តសញ្ញាណវប្បធម៌ខ្មែរនិងប្រកបដោយមេត្រីភាពបរិស្ថាន ហើយគ្រប់គ្រងនិងប្រតិបត្តិការដោយក្រុមហ៊ុន Troon International ដែលជាក្រុមហ៊ុនអន្តរជាតិដ៏ល្បីក្នុងការគ្រប់គ្រងទីលានវាយកូនហ្គោល

វិស័យម្ហូបអាហារ មានក្រុមហ៊ុន វឌ្ឍនៈ អេហ្វ & ប៊ី (Vattanac F&B ) នាំចូលម៉ាកយីហោភោជនីយដ្ឋានល្បីៗនៅលើពិភពលោក

វិស័យទំនិញនិងសេវាកម្ម មានក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន (Vattanac Investment ) ដែលផ្តោតលើសំលៀកបំពាក់ គ្រឿងថែរក្សាសម្ផស្ស គ្រឿងសង្ហាររឹម និងបរិក្ខារលម្អ ដែលសុទ្ធសឹងជាម៉ាកសញ្ញាល្បីៗលំដាប់ពិភពលោក។

តាមផែនការនៅក្នុងឆ្នាំ២០២០នេះ វឌ្ឍនៈ គ្រុប មានគម្រោងវិនិយោគធំៗចំនួន២ គឺ៖

 ទី១ គម្រោងសាងសង់រោងចក្រផលិតស្រាបៀរផ្តោតលើគុណភាពខ្ពស់និងសេវាកម្មល្អ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ដែលកំពុងបើកការដ្ឋានសាងសង់

ទី២ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីហៅថា វឌ្ឍនៈវីល (Vattanacville) មានទីតាំងស្ថិតនៅជុំវិញទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត លាតសន្ធឹងលើផ្ទៃដីជាង ១ពាន់ហិកតា ដែលនឹងក្លាយទៅជាទីក្រុងនិមត្តិរូបថ្មីមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ទីក្រុងរណបថ្មី វឌ្ឍនៈវីល នឹងរំលេចទៅដោយគម្រោងលំនៅដ្ឋានបែបទំនើបប្រណីត អគារពាណិជ្ជកម្ម ការិយាល័យ ផ្សារទំនើប សាលារៀនអន្តរជាតិ ។ល។ ដែលនឹងសាងសង់ដោយយកចិត្តទុកដាក់បំផុតហើយផ្តោតសំខាន់ទៅលើគុណភាពនិងបរិស្ថានរស់នៅប្រកបដោយផាសុកភាពនិងធម្មជាតិដ៏ស្រស់បំព្រង។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង