Yearendyearend1140x150

គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកើតឡើង២២៨៦លើក មានអ្នកស្លាប់១៣៤២នាក់ ក្នុងរយៈពេល៩ខែឆ្នាំនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា បានកើតឡើងចំនួន២២៨៦លើក បណ្តាលឱ្យមានអ្នកស្លាប់១៣៤២នាក់ របួសធ្ងន់២០០៤នាក់ របួសស្រាល ១១៦៩ នាក់ និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់២៣៩១នាក់។ គ្រោះថ្នាក់ចរាចរណ៍ទាំងនេះបណ្ដាលមកពីបើកបរលើសល្បឿនកំណត់, មិនគោរពភ្លើងសញ្ញា, និងបើកបរមិនប្រកាន់ស្ដាំជាដើម។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមរបាយការណ៍ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់គឺ ៖ ល្បឿន ៣៨,៧% មិនគោរពសិទ្ធិអាទិភាព ២៤,២% មិនប្រកាន់ស្តាំ ១០,៨% ជែងក្នុងស្ថានភាពគ្រោះ ថ្នាក់៩,៨% បត់ក្នុងស្ថានភាពគ្រោះថ្នាក់៩% ស្រវឹង៤% កត្តាយាន ២% កត្តាផ្លូវ ០,២% មិនគោរពភ្លើងសញ្ញា០,២% ងងុយ ១% និងអាកាសធាតុ ០,១%។

របាយការណ៍នេះត្រូវបានបង្ហាញឡើងនាឱកាសប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ ក្រោមការអញ្ជើញចូលរួមពីសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្តីទី និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។ ទិវានេះត្រូវបានប្រារព្ធឡើង ក្នុងគោលបំណង ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងឡាយ ឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួនសំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។

នាឱកាសនោះ សម្តេចក្រឡាហោម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យចូលរួមថែមទៀតក្នុងការគោរពអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិ របស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង និង បានស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញការបំពាក់កាមេរ៉ាតាមដងផ្លូវ រួមនឹងបរិក្ខារសុវត្ថិភាពចរាចរណ៍ឱ្យបានគ្រប់គ្រាន់ ដោយបញ្ចូលក្នុងគម្រោងចំណាយនៃការកសាង ឬការថែទាំផ្លូវថ្នល់ ឬកៀរគររកជំនួយពីវិស័យឯកជនជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង